ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី​ Clinton និង​លោក​ប្រធានាធិបតី​ អូបាម៉ា​ ​ពី​សត្រូវ​ក្លាយ​ជា​មិត្ត


រូបឯកសារ៖ លោក​ប្រធានាធិបតី​អូបាម៉ា​ កាល​ពី​ពេលជាប់​ឆ្នោត​​ឆ្នាំ​២០០៨ ជាមួយ​លោក​ស្រី​ Clinton នៅ​ពេល​លោក​ប្រកាស​តែង​តាំង​លោក​ស្រី​ ជា​រដ្ឋមន្ត្រី​ការបទេស​របស់​អាមេរិក។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ​ជា​អ្នក​គាំទ្រ​សំខាន់​បំផុត​ដល់​លោកស្រី​ Hillary Clinton ​នៅ​ពេល​នេះ​ ដែល​ការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​សម្រាប់​តំណែង​ប្រធានាធិបតី​ស.រ.អា.បាន​ឆ្លង​ផុត​ពី​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បោះឆ្នោត​ទូទៅ​ក្នុង​ខែ​វិច្ឆិកា ​ក៏​ប៉ុន្តែ​ទំនាក់​ទំនង​របស់​លោក​ និង​លោកស្រី​មិន​មាន​ភាព​ស្និទ្ធស្នាល​ជានិច្ច​ទេ។​ កាល​ពី​៨​ឆ្នាំ​មុន​នេះ​ ការ​ទាក់​ទង​គ្នា​រវាង​លោក​អូបាម៉ា​ និង​លោកស្រី​ Clinton ​មាន​អរិភាព​នឹង​គ្នា។

ក្រោយ​ពី​បាន​រក្សា​ជំហរ​ជា​មនុស្ស​អព្យាក្រឹត​ក្នុង​រយៈពេល​ជា​ច្រើន​ខែ​នៃ​ការ​បោះឆ្នោត​បឋម ការ​ប្រជុំ ​Caucus ​និង​ការ​ឃោសនា​បោះឆ្នោត​រួច​មក លោក​ អូបាម៉ា​ បាន​គាំទ្រ​លោកស្រី​ Clinton ​ដោយ​មាន​សេចក្តី​សាទរ​និង​ដោយ​ដាច់​អហង្ការ​ នៅ​ពេល​ដែល​ពួក​អ្នក​ជំនាញ​ការ​ខាង​នយោបាយ​បាន​និយាយ​ថា​លោក​ស្រី​ប្រាកដ​ជា​នឹង​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​មហា​សន្និបាត​ជាតិ​របស់​គណបក្ស​នេះ​នៅខែ​ក្រោយ។

លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ថា​ ការ​គាំទ្រ​របស់​លោក​ផ្អែក​លើ​ការ​វិនិច្ឆ័យ​របស់​លោកស្រី​ Clinton ​អំពី​បញ្ហា​នានា​ដែល​មាន​សារៈ​សំខាន់​ដល់​ប្រទេស​ជាតិ​ និង​ ​ការ​ប្តេជ្ញា​របស់​លោក​ស្រី​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​យើង»។

លោក​ អូបាម៉ា​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​វីដេអូ​ឃោសនា​បោះឆ្នោត​មួយ​ដែល​បាន​ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ក្រុម​អ្នកឃោសនា​បោះឆ្នោត​របស់​លោក​ស្រី​ Clinton ថា៖ «ខ្ញុំ​ដឹង​ថា​ការងារ​នេះ​អាច​ពិបាក​បែប​ណា។ព្រោះ​ហេតុ​នេះ​ហើយ​បា​ន​ជាខ្ញុំ​ដឹង​ថា​ Hillary ​នឹង​បំពេញ​ការងារ​នេះ​បាន​ល្អ។ ជា​ការ​ពិត​ជាក់​ស្តែង ​ខ្ញុំ​មិន​យល់​ថា​មាន​នរណា​ម្នាក់​មាន​គុណ​សម្បត្តិ​សម្រាប់​កាន់​តំណែង​នេះទេ។ ខ្ញុំ​នៅ​ជា​មួយ​លោកស្រី។ ខ្ញុំ​មានការ​រំភើប​ចិត្ត​ ហើយ​ខ្ញុំកំពុង​រង់ចាំចេញ​ទៅ​ក្រៅ​ហើយ​ជួយ​ឃោសនា​បោះ​ឆ្នោត​ឱ្យ​ Hillary»៕

XS
SM
MD
LG