ប្រជាពលរដ្ឋខ្លះនៅតែមិនដឹងអំពីទស្សនកិច្ច ឬមិនយល់អំពីកម្មវិធី Let Girls Learn របស់លោកស្រី Michelle Obama ទេ បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រីនៅទីក្រុងសៀមរាបកាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោកស្រី Michelle Obama ធ្វើទស្សនកិច្ចមកកាន់ខេត្តសៀមរាបដើម្បីលើកកម្ពស់ការសិក្សារបស់ក្មេងស្រីតាមរយៈគម្រោងផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សា ឬហៅថា Let Girls Learn ដែលជាគំនិតផ្តួចផ្តើមរបស់សេតវិមាន ហើយដែលមានគោលបំណងផ្តល់ឱកាសសិក្សាឲ្យក្មេងស្រី និងស្ត្រីចំនួន៦២លាននាក់នៅទូទាំងពិភព ដែលមិនបានទទួលការសិក្សា។
អ្នកមីងបុង យ៉េន អ្នកលក់នំក្រឡាននៅមុខប្រាសាទអង្គរវត្ត បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា អ្នកមីងមិនបានដឹងអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama ដែលជាប្រពន្ធប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកបារ៉ាក់ អូបាម៉ានោះទេ។
អំឡុងពេលទស្សនកិច្ចរយៈពេលបីថ្ងៃនោះ លោកស្រី Michelle Obama បានជួបនិយាយជាមួយក្រុមអ្នកស្ម័គ្រចិត្ត Peace Corps។
នៅពេលសួរអំពីទស្សនកិច្ចរបស់លោកស្រី Michelle Obama មកកាន់ទីក្រុង សៀមរាប អ្នកមីងបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អត់ស្គាល់ Obama ផង។ គាត់រណាគេ? ខ្ញុំរវល់លក់នំរបស់ខ្ញុំខ្លាំងពេក។ អ្នកដែលក្មួយសួរខ្ញុំនោះគាត់ជានរណា?»
អ្នកមីងមានប្រសាសន៍ដូច្នេះនៅពេលដែលអ្នកមីងកំពុងរៀបចំនំនៅក្នុងកន្ត្រកនៅលើកង់របស់អ្នកមីង។
អ្នកមីងបានបន្ថែមថា អ្នកមីងមិនបានឮសមាជិកគ្រួសាររបស់អ្នកមីងនិយាយអំពីការមកទស្សនកិច្ចរបស់លោកស្រី Michelle Obama នោះទេ។
អ្នកមីងនិយាយថា៖«ខ្ញុំមានក្មួយស្រី តែខ្ញុំមិនបានឮក្មួយស្រីរបស់ខ្ញុំនិយាយអ្វីពីរឿងនោះទេ។ ខ្ញុំរវល់តែលក់នំរបស់ខ្ញុំខ្លាំងពេក ហើយខ្ញុំជាមនុស្សល្ងង់ណាស់»។
សិស្សស្រីកម្ពុជាជាច្រើននាក់ប្តេជ្ញាចិត្តខិតខំរៀនសូត្រដើម្បីកសាងប្រទេសជាតិ។
បើទោះជាកូនសិស្សស្រីនៃខេត្តសៀមរាបយល់អំពីតម្លៃនៃការសិក្សាក៏ដោយ ក៏មិនមាននរណាម្នាក់យល់ថា ពួកគេនឹងបានទទួលផលប្រយោជន៍នៃការសិក្សាដោយរបៀបណាទេ តាមរយៈកម្មវិធីគម្រោងផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា ឬហៅថា «Let Girls Learn» ដែលជាគំនិតផ្តួចផ្តើមរបស់សេតវិមាននេះ។
ក្រោយពីបានដឹងអំពីការអញ្ជើញមករបស់លោកស្រី Michelle Obama អ្នកមីងបានមានប្រសាសន៍អំពីក្តីរំពឹងសម្រាប់កុមារក្រីក្រនៅកម្ពុជាពីទស្សនកិច្ចនេះ។ អ្នកមីងមានក្តីសង្ឃឹមថា ការមកទស្សនកិច្ចនេះនឹងជួយឲ្យក្មេងស្រីក្រីក្រសម្រេចបានគោលបំណងក្នុងការរៀនសូត្រ។
អតិថិជនពីរនាក់របស់អ្នកមីងគឺនាងអង់ ស្រីម៉ាច និងនាងអង់ ពិសីបាននិយាយថា ពួកនាងបានឮអំពីទស្សនកិច្ចរបស់លោកស្រី Michelle Obama ប៉ុន្តែពួកនាងមិនយល់ថា តើកម្មវិធីផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា ឬហៅថា«Let Girls Learn»នោះអាចជួយកុមារីក្រីក្រនៅប្រទេសខ្មែរយ៉ាងដូចម្តេចឡើយ។
នាងអង់ ស្រីម៉ាចបាននិយាយថា៖«ខ្ញុំឮថា គឺជួយក្មេងស្រីឲ្យបានរៀនច្រើន។ ប៉ុន្តែខ្ញុំអត់ដឹងថា ជួយយ៉ាងម៉េចទេ»។
នៅពេលសួរថា តើនាងដឹងថា កម្មវិធីនេះនឹងជួយក្មេងស្រីយ៉ាងដូចម្តេចនោះ នាងអង់ ស្រីម៉ាចបាននិយាយថា៖ «ខ្ញុំមិនដឹងថា កម្មវិធីនឹងផ្លាស់ប្តូរជីវិតរបស់ពួកគាត់យ៉ាងម៉េចនោះទេ»។
ប្អូនស្រីរបស់នាងគឺឈ្មោះអង់ ពិសី បាននិយាយថា នាងក៏មិនយល់ថា តើកម្មវិធីនេះនឹងជួយក្មេងស្រីនៅក្នុងខេត្តរបស់នាងឲ្យបានរៀនយ៉ាងម៉េចនោះដែរ។
នាងបាននិយាយថា៖«ខ្ញុំមិនដឹងថា តើវានឹងជួយក្មេងស្រីយ៉ាងម៉េចនោះដែរ»។
នាងអង់ ស្រីម៉ាចបានសន្និដ្ឋានថា៖ «ខ្ញុំឮថា គាត់នឹងផ្តល់ថវិកាឲ្យសិស្សសាលាស្រី»។
ទោះបីជានាងមិនដឹងថា កម្មវិធីនេះនឹងជួយក្មេងស្រីយ៉ាងណាក៏ដោយ នាងដឹងច្បាស់ថា វាជាការសំខាន់ក្នុងការជួយក្មេងស្រីឲ្យរៀនសូត្រឲ្យបានខ្ពស់។
នាងអង់ ពិសីបាននិយាយថា៖ «វាជាការចាំបាច់ក្នុងការជួយសិស្សកម្ពុជា»។
នាងអង់ ពិសីបាននិយាយថា ទស្សនកិច្ចនេះអាចនឹងមិនមានន័យអ្វីឡើយប្រសិនបើកម្មវិធីនេះមិនអាចជួយក្មេងស្រីឲ្យរៀនបានខ្ពង់ខ្ពស់បាន។
នាងចាន់ ណាក់ ជាសិស្សស្រីរៀនថ្នាក់ទី៧ ហើយជាអ្នកលក់កាតប្រៃសនីយ៍នៅមុខប្រាសាទអង្គរវត្ត បាននិយាយថា នាងបានឮអំពីទស្សនកិច្ចរបស់លោកស្រី Michelle Obama ដើម្បីជួយក្មេងស្រីឲ្យបានរៀន តែនាងមិនដឹងថា គាត់នឹងជួយដោយរបៀបណានោះឡើយ។
នាងចាន់ ណាក់បាននិយាយថា៖ «ខ្ញុំមិនដឹងថា គេនឹងជួយដោយរបៀបណានោះឡើយ។ ប្រសិនបើគេមិនជួយជាទឹកប្រាក់ ឬជាប្រយោជន៍អ្វីផ្សេងទេ នោះវាឥតប្រយោជន៍»។
នាងបាននិយាយថា៖ «នាងមិនបានដឹងអ្វីនោះទេអំពីទស្សនកិច្ចនេះ»។
នៅពេលសួរថា តើនាងចង់បានអ្វីពីទស្សនកិច្ចនេះ នាងចាន់ ណាក់បាននិយាយថា នាងចង់ឲ្យលោកស្រី Michelle Obama ជួយនាងក៏ដូចជាក្មេងស្រីក្រីក្រដទៃៗទៀត ឲ្យរៀនសូត្របានខ្ពស់។
នៅចម្ងាយប្រហែល៥គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត អ្នកមីងជឿន ពឿន ដែលជាម្ចាស់ហាងលក់ភេសជ្ជៈតូចមួយនៅតាមដងផ្លូវ ហើយមានកូនស្រីតូចមួយអាយុ៤ឆ្នាំ បាននិយាយថា គាត់ដឹងអំពីទស្សនកិច្ចរបស់លោកស្រី Michelle Obama តែមិនបានព័ត៌មានថា លោកស្រីនឹងជួយក្មេងស្រីដោយរបៀបណាទេ។
អ្នកមីងនិយាយថា៖ «ខ្ញុំឮថា គាត់នឹងជួយស្ត្រីមានវិបត្តិ និងក្មេងស្រី ប៉ុន្តែខ្ញុំមិនដឹងថា គាត់នឹងជួយដោយរបៀបណានោះឡើយ»។
អ្នកមីងបន្ថែមថា៖ «ខ្ញុំមិនដឹងថា តើការអញ្ជើញមកនេះជួយដោយរបៀបណាទេ។ ប្រហែលវាអត់មានប្រយោជន៍អ្វីនោះទេ។ ខ្ញុំមិនដឹង និងមិនយល់ពីកម្មវិធីថា តើវាយ៉ាងម៉េចខ្លះទេ»។
នៅក្នុងឃុំស្វាយដង្គំ ចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីក្រុងក្រុងសៀមរាប ស្ត្រីម្នាក់មិនដឹងអំពីទស្សនកិច្ចរបស់ប្រពន្ធលោកអូបាម៉ាឡើយ ហើយរិតតែមិនដឹងពីកម្មវិធីផ្តល់ឱកាសឲ្យសិស្សស្រីបានសិក្សា ឬហៅថា «Let Girls Learn» នោះទេ បើទោះបីជាទស្សនកិច្ចនោះបានបញ្ចប់ហើយក៏ដោយ។
ស្រី ម៉ៅ ដែលជាម្ចាស់តូបលក់ភេសជ្ជៈតូចមួយនៅតាមដងផ្លូវលំតូចមួយនៅក្នុងឃុំនោះ បាននិយាយថា គាត់មិនស្គាល់លោក បារ៉ាក់ អូបាម៉ា ឬ អូបាម៉ានោះឡើយ។
បងស្រីម៉ៅបាននិយាយថា៖«ខ្ញុំមិនដឹងថា គាត់ជានរណានោះទេ»។
អតិថិជនម្នាក់របស់បងស្រីឈ្មោះហ៊ាម ជា និយាយថា គាត់បានឮអំពីទស្សនកិច្ចនេះតាមរយៈកញ្ចក់ទូរទស្សន៍ តែមិនបានផ្តោតការចាប់អារម្មណ៍ឡើយ។
បងស្រីបាននិយាយថា៖ «ខ្ញុំអស់កម្លាំងពេក មិនចាប់អារម្មណ៍»៕