ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​នូវែលសេឡង់​នឹងជួប​​ប្រជុំ​ជា​មួយ​​លោក Biden ដើម្បី​ពិភាក្សា​ពី​ការ​ចូលរួម​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក


រូបឯកសារ៖ នាយករដ្ឋមន្ត្រីប្រទេស​នូវែលសេឡង់​លោក​ស្រី Jacinda Ardern​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សភា​ក្នុង​ទីក្រុង Wellington ប្រទេស ​នូវែលសេឡង់​ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ប្រទេស​នូវែលសេឡង់​លោក​ស្រី Jacinda Ardern នឹង​ជួប​ជា​មួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ថ្ងៃ​អង្គារនេះ​នៅ​សេតវិមាន​ដើម្បី​ពិភាក្សាពី​ការបន្តចូលរួម​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ នេះ​បើតាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។

លោក​ស្រី​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​នូវែលសេឡង់នៅក្នុង​សន្និសីទ​សារព័ត៌មួយក្នុងរដ្ឋធានី​វ៉ាស៊ីន តោន​ថា «ប្រធានបទ​ដែល​យើង​នឹងលើក​យក​មក​ពិភាក្សា គឺ​បញ្ហា​ស្ថានភាព​នៅ​ក្នុង​តំបន់​របស់​យើង​ និង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ យើង​នឹង​លើក​ទឹកចិត្ត​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​បន្ត​និង​ពង្រឹង​ការចូលរួម​របស់​ខ្លួន​នៅ​ក្នុងតំបន់​ដែល​ក្នុង​នោះ​ក៏​រួម​មានការចូលរួម​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ​ ដែល​វា​មាន​សារៈសំខាន់​ជា​ខ្លាំង​សម្រាប់​តំបន់​របស់​យើង»។

ជំនួប​នេះ មាន​សារៈសំខាន់ ស្របពេល​ដែល​នូវែលសេឡង់ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​លើក​ឡើងពី​ក្តីបារម្ភ​របស់​ខ្លួន​អំពី​វត្តមាន​របស់​ប្រទេស​ចិននៅ​ក្នុង​តំបន់​ បន្ទាប់​ពីព័ត៌មាន​បាន​ផ្សព្វ ផ្សាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀងជា​មួយ​ប្រទេស Solomon Islands។ ចិន​បាន​ជំរុញនូវ​កិច្ចប្រឹងប្រែងក្នុង​ការបង្កើន​នូវ​ឥទ្ធិពល​របស់​ខ្លួន​ហើយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​តុងហ្គា​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​ដ៏​ធំ​មួយ​ របស់ប្រមុខ​ការទូត​ចិន។

លោក​ស្រី Ardern និយាយថា លោក​ស្រី​ក៏​នឹងរំពឹង​ជួប​ជាមួយអនុ​ប្រធានាធិបតី​អាមេរិក​លោក​ស្រី Kamala Harris និងរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken និងអ្នក​សម្របសម្រួល​អាមេរិកសម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិកលោក Kurt Campbell ផង​ដែរ។

លោក​ស្រី Ardern កំពុង​ស្ថិត​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​ជា​ផ្នែក​មួយ​នៃគណៈប្រតិភូ​ពាណិជ្ជកម្ម​ ដើម្បី​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម​របស់​នូវែលសេឡង់។ លោក​ស្រី​នឹងថ្លែង​សុន្ទរកថា​ផង​ដែរ​នៅសាកលវិទ្យាល័យ Harvard ក្នុង​សហរដ្ឋអាមេរិក៕

XS
SM
MD
LG