ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ​ថា អាមេរិក​នឹង​​ការពារ​កោះតៃវ៉ាន់​ បើ​​ចិន​ចូល​ឈ្លានពាន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២។

ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិកមាន​បំណង​ចូល​ធ្វើ​អន្តរាគមន៍​ការពារ​កោះតៃវ៉ាន់ ប្រសិន​បើ​ប្រទេស​ចិន​ចូល​ឈ្លានពាន​ដែន​កោះ​មួយ​នេះ។ នេះ​ជា​អត្ថាធិប្បាយ​ថ្មីៗ​បំផុត​មួយ​របស់លោក Biden ទៅលើ​គោលនយោបាយយុទ្ធសាស្ត្រ​មិន​ច្បាស់លាស់មួយ​របស់​សហរដ្ឋអាមេរិក​ ដែល​កើត​មាន​ជា​យូរមក​ហើយ​ ជុំវិញ​បញ្ហា​នេះ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន លោក Biden ត្រូវ​បាន​គេ​សួរ​ថា តើ​សហរដ្ឋ​អាមេរិក​ នឹងមាន​បំណងចូលរួមខាង​ផ្នែក​យោធា​ដែរ​ឬទេ​ដើម្បីការពារ​កោះ​តៃវ៉ាន់​នោះ​ ព្រោះរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ហាក់​ដូចជា​នៅ​ស្ទាក់ស្ទើរ​ជុំវិញ​រឿង​នេះ​ ក្រោយ​ពេល​ដែល​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែនរួច​មក។

លោក Biden បាន​ឆ្លើយ​តប​នឹង​សំណួរ​នេះ​ថា«បាទ! នោះជា​ការ​តាំងចិត្ត​ដែល​យើង​បានធ្វើ​រួច​ហើយ»។ លោក​មិនបាន​និយាយ​លម្អិតចំពោះ​អ្វី​ដែលជា​ការប៉ាន់​ស្មាន​ទុកជាមុន​ជុំវិញការ​ការ​ពារ​របស់​អាមេរិក​ទៅ​លើ​កោះ​តៃវ៉ាន់​នោះ​ឡើយ។

នេះ​ជា​ការ​បង្ហាញ​ជំហរ​ចុងក្រោយ​មួយរបស់​លោក Biden ដែលបានងាក​ចេញពី​យុទ្ធសាស្ត្រ​មិន​ច្បាស់​លាស់​ក្នុង​ពេល​កន្លង​ទៅដែល​ប្រធានាធិបតី​អាមេរិក​មុនៗ​បានប្រកាន់​យក​នៅ​ពេល​និយាយ​ពី​ការ​ចូលឈ្លានពាន​របស់​ចិន​ទៅ​លើ​កោះ​តៃវ៉ាន់។

លោក​ Biden ក៏​បាន​ថ្លែង​សារ​ប្រហាក់​ប្រហែល​គ្នា​នេះ​ផង​ដែរ​កាល​ពី​ខែ​តុលា​ឆ្នាំ​ទៅ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ក៏​មន្ត្រី​សេតវិមាន​បាន​ប្រញាប់​ប្រញាល់​ពន្យល់​បកស្រាយ​នូវ​ការលើក​ឡើង​របស់ Biden ក្នុង​ករណី​ទាំង​ពីរ​នេះ។ មន្ត្រី​សេតវិមាន​មួយ​រូប​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា «អ្វី​ដែលលោកប្រធានាធិបតី​អាមេរិក​បានលើក​ឡើង​គឺ​ថា គោល​នយោបាយ​របស់យើង​មិនផ្លាស់​ប្តូរ​នោះ​ឡើយ។ លោក​ប្រធានាធិបតី​បាន​គូស​បញ្ជាក់​ឡើងវិញ​ពីគោល​នយោបាយ​ចិន​មួយនិង​ការតាំងចិត្ត​របស់​យើងទៅ​លើ​សន្តិភាព​និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់»។

ចិន​ដែល​ជារដ្ឋផ្តាច់ការ​និង​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​នោះ​បាន​ចាត់​ទុក​កោះតៃវ៉ាន់​ដែលមាន​លទ្ធិប្រជាធិបតេយ្យថា ជា​ខេត្តផ្តាច់​ខ្លួន​របស់ចិន​ ហើយ​បាន​សន្យា​ជា​យូរ​មក​ហើយ​ថា​ នឹង​យក​តៃវ៉ាន់​មកគ្រប់គ្រង​វិញ បើ​ទោះបី​ជាត្រូវ​ប្រើ​កម្លាំង​ទ័ព​ក៏​ដោយ។ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​បង្កើន​ការហោះហើរ​យន្តហោះ​ចម្បាំង​របស់​ខ្លួននៅ​ក្បែរ​កោះតៃវ៉ាន់ជា​ញឹក​ញាប់។

នៅ​ក្នុង​ទីក្រុង​តូក្យូ លោក Biden បាន​និយាយ​ថា ចិន​ កំពុង«លេងជា​មួយ​នឹង​គ្រោះថ្នាក់» ប៉ុន្តែ លោក​ថា លោក​មិន​រំពឹង​ទុក​ទេ​ថា ចិន​នឹងប្រើប្រាស់​កម្លាំង​ទ័ពប៉ុនប៉ង​ទៅលើ​តៃវ៉ាន់​នោះ​ឡើយ ជា​ពិសេស​នៅ​ចំពោះ​មុខ​ដែល​ពិភព​លោក​ កំពុង​រួប​រួម​គ្នា​ ប្រឆាំង​នឹង​ការ​ឈ្លានពានរបស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែននោះ។

ដោយ​ឡែក​នាយក​រដ្ឋមន្ត្រី​ប្រទេស​ជប៉ុន​លោក Fumio Kishida ដែល​បានចូល​រួមក្នុង​សន្និសីទ​ជា​មួយ​លោក Biden ផង​ដែរ​នោះ មិន​បាន​ផ្តល់​ការឆ្លើយ​តប​ដោយ​ត្រង់​ដូច​លោក Biden នោះ​ឡើយ​ ថា​តើ​ជប៉ុន​នឹង​ចូល​រួមអន្តរាគមន៍​យោធាការពារ​កោះ​តៃវ៉ាន់ដែរឬ​ទេនោះ។

នាយករដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ​ថ្លែង​ថា«ការប៉ុនប៉ង​ដោយ​ឯកតោ​ភាគី​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរស្ថាន ភាពដោយកម្លាំង​ទ័ព​ដូច​ជា​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ នឹង​មិន​ត្រូវ​បាន​អនុគ្រោះ​ឡើយ​នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក»៕

XS
SM
MD
LG