ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិ​មនុស្ស​រំឭក​អំពើ​ល្អ​របស់​លោក ​នី ​ចរិយា


លោក នី ចរិយា​ (ឆ្វេងទី២) ជា​មួយ​ជន​រងគ្រោះ​ជម្លោះ​ដី​ធ្លី ដែល​សមាគម​អាដហុក​អះអាង​ថា​តុលាការ​ឃុំ​ខ្លួន​ពួក​គេ​ដោយ​អយុត្តិធម៌។ (រូបភាព​ផ្តល់ឲ្យ​)
លោក នី ចរិយា​ (ឆ្វេងទី២) ជា​មួយ​ជន​រងគ្រោះ​ជម្លោះ​ដី​ធ្លី ដែល​សមាគម​អាដហុក​អះអាង​ថា​តុលាការ​ឃុំ​ខ្លួន​ពួក​គេ​ដោយ​អយុត្តិធម៌។ (រូបភាព​ផ្តល់ឲ្យ​)

ពេ​ល​នេះ​លោក ​នី ​ចរិយា​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប្រឈម​មុខ​ទោសជាប់​ពន្ធនាគារ ​ពី​៥ឆ្នាំទៅ​១០​ឆ្នាំ។​

ក្រោយ​ពេល​ឡើង​កាន់​តំណែងថ្មី​ថ្មោង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប.)​ លោក​នី ​ចរិយា​បានរង​ការ​ចោទ​ប្រកាន់ពី​បទ​សម​គំនិត​សូក​ប៉ាន់សាក្សី​ក្នុង​សំណុំ​រឿងរបស់​នាង ​ខុម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ ​ជា​សំណុំ​រឿង​ចម្រូង​ចម្រាស់​ដែល​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ចាត់ទុក​ថា​ ជា​រឿង​នយោបាយ។ ​អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​តែង​តែ​ចេញ​មុខ​ឃ្លាំ​មើល ​និង​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​សិទ្ធិ​មនុស្ស។​ ពេ​ល​នេះ​លោក ​នី ​ចរិយា​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ប្រឈម​មុខ​ទោសជាប់​ពន្ធនាគារ ​ពី​៥ឆ្នាំទៅ​១០​ឆ្នាំ។​

ករណី​ចម្រូង​ចម្រាស់​មួយ​ ដែល​ទាក់ទង​នឹង​ជម្លោះ​ដី​ធ្លី​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ បាន​កើត ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប​ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ ដែលនាំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​ចំនួន​២រូប​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​៨​ខែ។​

ករណី​នេះ​បាន​ធ្វើឲ្យ​លោក​នី ចរិយា​ អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (Adhoc)​ ទទួល​រង​បណ្តឹង​ពី​ព្រះរាជ​អាជ្ញារង​ និង​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​សៀមរាប​ ក្រោយ​ពេល​លោក​នី ចរិយា​ធ្វើសន្និសីទ​ព័ត៌មាន​ការពារ​អ្នកភូមិ​២រូប​ ដែល​សមាគម​អាដហុក (Adhoc)​រកឃើញ​ថា​ តុលាការ​ចាប់​ខ្លួន​ពួក​គេ​ដោយ​អយុត្តិធម៌។​

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា​ លោកនី ចរិយា​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​សូក​ប៉ាន់​សាក្សី​ពី​តុលាការ​កាល​ពី​ដើម​ខែ​ឧសភា​នោះ​ ជន​រង​គ្រោះ​ដែល​ធ្លាប់​ត្រូវ​បានលោក​នី ចរិយា​ជួយ​កន្លងមក​ បាន​បង្ហាញ​ការ​សោកស្តាយ​ និងមិន​សុខ​ចិត្ត ដែល​អតីត​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដែល​ធ្លាប់​តែ​ជួយ​គេ​រាប់ពាន់​នាក់​នោះ​ បែរ​ជា​ត្រូវ​រង​ការ​ឃុំ​ខ្លួន​ទៅ​វិញ។​

​អ្នក​ស្រីយុង គឹមលៀង​ គឺ​ជាអ្នក​ភូមិ​ជប់​រំដេង​ ឃុំ​កន្ទួត​ ស្រុក​ស្វាយលើ ​ចម្ងាយ​ប្រមាណ​១០០​គីឡូ​ម៉ែត្រ​ ​ពី​ទី​រួម​ខេត្ត​សៀមរាប។ ស្វាមី​របស់អ្នក​ស្រីត្រូវ​បាន​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​គឺលោក​នី ចរិយា​ជួយ​ឲ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ កាល​ពី​ឆ្នាំ​២០១៥។​

អ្នក​ស្រី​នៅ​តែ​ចាំ​មិន​ភ្លេច​នូវ​គុណ​បំណាច់​ ដែល​លោក​នី ចរិយា​មាន​ចំពោះ​ក្រុម​គ្រួសារ​អ្នក​ស្រី​ ហើយ​អ្នក​ស្រី​ស្ទើរ​តែ​មិន​ជឿ​នៅ​ពេល​ឮ​ព័ត៌មាន​ថា​ លោក​នី ចរិយា​ត្រូវ​បាន​ចាប់​ខ្លួន​នោះ។​

«ខ្ញុំ​គ្រាន់​តែ​ឮ​សំឡេង​គាត់​តាម​វិទ្យុ​ ខ្ញុំ​ស្រក់​ទឹក​ភ្នែក ​ហ្មង៎ ​នឹកឃើញ​ខ្លោច​ចិត្ត។ ​ខ្ញុំ​ដឹង​គុណ​គាត់​ណាស់ ។ ​កាលប្តី​ខ្ញុំ​ជាប់​ពន្ធនាគារ ​ គ្រួសារ​ខ្ញុំ​មាន​ទុក្ខ​លំបាក​វេទនា​ណាស់ ​ដល់​តែ​គាត់​[​លោក​នី ​ចរិយា​]​ជួយ​រក​ខុស​ត្រូវ​អញ្ចឹង​ទៅ ក៏​បាន​ដោះ​លែង​គ្រួសារ​ខ្ញុំ​ចេញ​មក​វិញ​ ជួប​ជុំ​ក្រុម​គ្រួសារ។ ​ កូន​ខ្ញុំ​ក៏​បាន​ចូលរៀន​ បាន​ប្តី​មក​ធ្វើ​ការ​រកស៊ី​ចឹញ្ចឹម​គ្រួសារ​វិញ​ ជីវភាព​គ្រួសារ​មាន​កម្លាំង​មេ​គ្រួសារ»។​

អ្នក​ស្រី​បន្ថែម​ទៀត​ថា​ ជីវភាពក្នុង​ពន្ធនាគារ​មិន​ស័ក្ត​សម​នឹង​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​ដូច​លោក​នី ចរិយា​នោះ​ទេ។​

«កន្លែង​ហ្នឹង​[ពន្ធនាគារ​]សម​តែ​មនុស្សខុស ​និង​មនុស្សអាក្រក់ ​ដែល​អាច​រស់​នៅ។ ​តែ​សម្រាប់​លោក ​នី ចរិយា ​គាត់ជា​មនុស្ស​ល្អណាស់។ ​គាត់ជួយ​ប្រជា​ពលរដ្ឋ​ដោយស្មោះ​ត្រង់។ ​កន្លែង​ហ្នឹង​មិនសម​នឹង​គាត់រស់​នៅ​ទេ។​ ខ្ញុំ​ចង់សុំ​ដល់​រដ្ឋាភិបាល​ សុំ​ឲ្យជួ​យដោះលែង​គាត់»។​

អ្នក​ស្រី​សួង​ លក្ខិណា​គឺ​ជា​អ្នក​ភូមិ​ម្នាក់​ទៀត ​ដែល​ស្វាមី​អ្នក​ស្រី​បាន​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ និង​បាន​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ​ ក្រោយ​ការ​ស្វែង​រក​យុត្តិធម៌​ដោយ​លោក នី ចរិយា។ ​ដូច​គ្នា​ដែរ​ អ្នក​ស្រី​មាន​ការ​ស្តាយ ​ស្រណោះ​ចំពោះ​ការ​ឃុំ​ខ្លួន​លោក​នី ចរិយា។

«នឹក​ឃើញ​ដល់​គុណ​បំណាច់ដែល​គាត់ខំ​ជួយ​ប្តីនាង​ខ្ញុំឲ្យ​ចេញ​ពី​ពន្ធនាគារ។​ គាត់ជួយ​ដោយ​មិន​មាន​ការស៊ូក​ប៉ាន់​អ្វីទាំង​អស់ ដោយ​យុត្តិធម៌។ ​ខ្ញុំ​មាន​ការ​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់ ​អាណិត​អាសូរ​គាត់ ព្រោះ​គាត់​រង​គ្រោះ​ដោយ​អយុត្តិធម៌។​ គេ​ចោទ​ប្រកាន់​ថា​ គាត់​ស៊ូកប៉ាន់​សាក្សីហ្នឹង ​គឺ​ខ្ញុំ​អត់​ជឿ​ទេ ​ព្រោះ​មនុស្ស​គាត់​នេះ​ មនុស្ស​ល្អ​ណាស់»។​

រូបភាព​ក្រុម​គ្រួសារ​របស់​លោក​ នី ចរិយា មុន​ពេល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុង​បទ​ចោទសមគំនិត​សូក​ប៉ាន់​សាក្សី។ (រូបភាព​ផ្តល់​ឲ្យ)
រូបភាព​ក្រុម​គ្រួសារ​របស់​លោក​ នី ចរិយា មុន​ពេល​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឯ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុង​បទ​ចោទសមគំនិត​សូក​ប៉ាន់​សាក្សី។ (រូបភាព​ផ្តល់​ឲ្យ)

មាន​ប្រភព​ចេញពី​គ្រួសារ​កសិករ​ក្រី​ក្រ​មួយ​ក្នុង​ខេត្ត​ព្រៃ​វែង​ និង​មាន​បង​ប្អូន​៦​នាក់ ​លោក​នី ចរិយា​បាន​រៀនចប់​ថ្នាក់​បាក់ឌុប​នៅ​ឆ្នាំ​១៩៨៨​ ក្នុង​ខេត្ត​ព្រៃ​វែង។​ បច្ចុប្បន្ន​នេះ​ លោក​នី ចរិយា​ មាន​វ័យ​៤៦​ឆ្នាំ។​

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់នៅ​ទីក្រុង​ប៊ែឡាំង​ ប្រទេស​អាល្លឺម៉ង់​ក្នុងឆ្នាំ​២០០០ ​លោក​នី ចរិយា​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស​ ដោយ​ចូល​បម្រើ​ការ​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)។​

អស់​រយៈ​ពេល​១៦​ឆ្នាំ​ក្នុង​តួនាទី​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ លោក​នី ចរិយា​គឺ​ជា​អតីតប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc)​ មុន​ពេល​លោក​សម្រេច​ចិត្ត​ឈាន​ជើង​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ នា​ដើម​ឆ្នាំ​២០១៦។​

ក្រោយ​ពេល​ឡើង​កាន់​តំណែងថ្មី​ថ្មោង​ជា​អគ្គលេខាធិការ​រង​នៃគ.ជ.ប.​ លោក​នី ចរិយា​ក៏​បាន​រង​ការ​ចោទ​ប្រកាន់ពី​បទ​សម​គំនិត​សូក​ប៉ាន់សាក្សី​ ក្នុង​សំណុំ​រឿង​នាង ខុម ចាន់តារាទី​ ហៅ​ស្រី​មុំ។ ​សំណុំ​រឿង​ចម្រូង​ចម្រាស់​ ដែល​ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​ ចាត់ទុក​ថា​ ជា​រឿង​នយោបាយនោះ​ បាននាំ​ឲ្យមន្ត្រីសមាគម​អាដហុក (Adhoc)​៤​រូប​ផ្សេង​ទៀត​មាន​ទាំង​ប្អូន​ប្រុស​លោក​នី ចរិយា​ផង​នោះ ​ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សី។​

ភរិយា​លោក​នី ចរិយា​គឺ​អ្នក​ស្រី​យ៉ែម ចន្ថា​បាន​ឲ្យ​ដឹង​ថា ស្វាមី​របស់​អ្នក​ស្រី​គឺ​ជា​បុគ្គល​ដែល​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការងារ​មនុស្ស​ធម៌​ និង​តែង​តែ​ជួយ​ជន​រង​គ្រោះ​នៃ​អំពើ​អយុត្តិធម៌​នៅ​ពេល​លោក​ធ្វើ​ការងារ​សិទ្ធិ​មនុស្ស។ ​លោក​ស្រីអះ​អាង​ថា​ ស្វាមីរបស់​លោក​ស្រី​មិន​បាន​លូក​ដៃ​ក្នុង​ករណី​នាង​ខុម ចាន់តារាទី​ ហៅ​ស្រី​មុំនោះ​ទេ​ ដោយសារ​តែ​លោក​បាន​បញ្ចប់​តួនាទី​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​ហើយ។​

«គាត់​តែង​តែ​ប្រាប់​បង​ថា​ យើង​ដើរ​លើ​ផ្លូវ​រលាក់ ​យើង​តែង​ដួល ​គ្រិច​ដៃ​ គ្រិច​ជើង​តែ​ប៉ុណ្ណឹង​ឯង។ ​គាត់​ថា​ ផ្លូវ​រលាក់ ​កាល​ណា​យើង​មិន​ខំ​ប្រឹង​នាំ​គ្នា​ធ្វើ​ផ្លូវ​ហ្នឹង​ឲ្យ​វា​ស្រួល​ទេ​ អញ្ចឹង​គាត់​មាន​តែ​ដើរ​ទៅ​មុន​ ដើរ​បណ្តើរ​ មើល​ផ្លូវ​បណ្តើរ​ ដើម្បី​ឲ្យ​អ្នក​ក្រោយ​គេ​ស្រួល​ដើរ»។​

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ស្តី​ពី​អ្នក​ទោស​នយោបាយ​នៅកម្ពុជា។ លោក នី​ ចរិយា ដែល​ធ្លាប់​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ចំ​ៗ​ និង​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​ជេរ​ជា​សាធារណៈ​ថា​ជា​«ក្មេង​ព្រហើន​»រូប​នេះ​ ក៏ត្រូវ​បាន​ចាត់ទុក​ជា​អ្នក​ទោស​នយោបាយមួយ​រូបផងដែរ។

លោក នី ចរិយា ក្នុង​ពេល​បំពេញ​ការងារ​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក។ (រូបភាពផ្តល់ឲ្យ)
លោក នី ចរិយា ក្នុង​ពេល​បំពេញ​ការងារ​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក។ (រូបភាពផ្តល់ឲ្យ)

ក្នុង​នាម​ជាអតីតមិត្ត​រួម​អាជីព​ជា​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ជា​មួយ​លោក នី ចរិយា​ លោក​អំ​ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ​ ថ្លែង​ថា​ លោក​នី ចរិយា​ គឺ​ជា​បុគ្គល​សកម្ម​មួយ​រូប​ក្នុង​ការងារ​សិទ្ធិ​មនុស្ស។​

«កាល​ណា​រំឭក​អំពី​លោកនី ចរិយា​ គឺ​នឹក​ឃើញ​ដល់​កាល​ដែល​យើង​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​ ​ដែល​លោក​បាន​ធ្វើ​កន្លង​មក​ ​ពាក់​ព័ន្ធនឹង​វិស័យ​ការពារ​សិទ្ធិ​មនុស្ស។​ លោក​នី ចរិយា​ ពី​មុន​មក​គឺ​ជា​បុគ្គលិក​សមាគម​អាដហុក ​(Adhoc) ​ហើយ​លោក​បាន​ចុះ​ធ្វើការ​យ៉ាង​សកម្ម ​ដើម្បី​ការពារ​សិទ្ធិ​ពលរដ្ឋ​ ក៏ដូចជា​ជួយ​ពលរដ្ឋ​ទាក់ទង​នឹងការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​បញ្ហាដីធ្លី។ ​គាត់ជា​មនុស្សប្រកាន់​ខ្ជាប់​ចរិត​សុភាព​រាបសារ​ តែ​ម៉ឺង​ម៉ាត់​នឹង​ការងារ»។​

លោក​ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និ​ង​ជា​មិត្ត​រួម​ការងារ​របស់​លោក​នី ចរិយា​រយៈ​ពេល​ប្រមាណ​៣​ខែ​កន្លង​មក​នេះ រំ​ឭក​ពី​លោក​នី ចរិយា​យ៉ាង​ដូច្នេះ៖

«រំឭក​ដល់​លោក​នី ចរិយា​ គឺ​ខ្ញុំ​នឹក​ឃើញ​មុន​គេ​ គឺ​ធ្លាប់​ធ្វើការ​នៅ​ NGO។ ​ធ្វើការ​នៅ NGO​ មួយ​ម៉ាត់​ហ្នឹង​ច្រើន​ណាស់។ ​គាត់​ជា​មនុស្ស​ដែល​ព្យាយាម​ធ្វើការ​ ហើយ​នឹង​គោរព​ម៉ោង​ពេល​វេលា​បាន​ល្អ»។​

ជា​ឳពុក​នៃកូន​៣​នាក់​ លោក​នី ចរិយា​បាន​រៀប​ការ​ជាមួយភរិយា​របស់​លោក​គឺ​អ្នក​ស្រី​យ៉ែម ចន្ថា​ក្នុង​ឆ្នាំ​១៩៩៥​ ជា​ពេល​ដែលអ្នក​ទាំង​២​កំពុង​សិក្សា​នៅ​ឯ​ប្រទេស​អាល្លឺម៉ង់។​

ចំណង​អាពាហ៍​ពិពាហ៍​ដែល​មាន​អាយុ​កាល​ជាង​២០​ឆ្នាំនេះ​ នៅ​ពេល​នេះ​ត្រូវ​បាន​ខណ្ឌចែក​ដោយ​រនាំង​ដែក​ ក្រោយ​ពេល​តុលាការចោទ​អតីតមន្ត្រី​អាដហុក ​(Adhoc) ​រូប​នេះ​ពី​បទ​សម​គំនិត​សូក​ប៉ាន់‍​សាក្សី ​និង​សម្រេច​ឃុំ​ខ្លួន​លោក​នី ចរិយា​នៅ​ឯ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាល​ពី​ដើម​ខែ​ឧសភា។​

ក្នុង​អំឡុង​ពេល​ជិត​២​ខែ​នៃការ​ឃុំ​ខ្លួន​របស់​លោក​នី ចរិយា​ ​អ្នក​ស្រី​យ៉ែម ចន្ថា​តែង​តែ​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​ជា​រៀងរាល់​សប្តាហ៍។​

«សួរ​សុខទុក្ខ​ ឲ្យ​កូន​និយាយ​ជាមួយ​ប៉ាវា។ ​ គាត់ធ្លាប់តែ​ជួយ​បង្រៀន​កូន។ ​គាត់​តែង​សួរ ​រំឭក​មេរៀន​ខ្លះៗ​ ឲ្យកូន​សូត្រ​មេលេខ​ឲ្យ​គាត់​ស្តាប់​ ​ជា​រឿង​លក្ខណៈ​គ្រួសារ​ដែលធ្លាប់​នៅ​ជុំ​គា្ន។ ​បង​គ្មាន​អី​ក្រៅ​ពី​សួរ​សុខទុក្ខ​គាត់​ផ្នែក​សុខភាព​ ហូប​ចុក​អី​ហ្នឹង​ទេ»។​

អ្នក​ស្រី​យ៉ែម ចន្ថា​ឲ្យ​ដឹង​ទៀត​ថា​ លោក​នី​ ចរិយា​ស្លៀកពាក់ឯកសណ្ឋាន​អ្នក​ទោស​ពណ៌​ទឹក​ក្រូច​ចាស់ ហើយ​ការ​សួរ​សុខ​ទុក្ខ​ម្តងៗ​មានរយៈ​ពេល​ប្រហែល​២០​នា​ទី។​ ក្រោយ​លោក​ស្រី​សួរ​សុខ​ទុក្ខ​ស្វាមី​នៅ​ឯ​ពន្ធនាគារ​ លោក​ស្រី​ថ្លែង​ប្រាប់​ VOA​ ទាំង​អួល​ដើម​ក​យ៉ាង​ដូច្នេះ៖​

«ឲ្យ​តែ​និយាយ​រឿង​នៅ​បែក​គ្នា​អញ្ចឹង ​បង​កម្សត់​ អាណិត​កូន។ ​វា​ចេះ​តែ​សួរ។​ មេឃ​ចង់ភ្លៀង​អញ្ចឹង ​វា​សួរ​ "ប៉ា​យូរ​មក​ម៉្លេះ​ មេឃ​ជិត​ភ្លៀង​ហើយ"។​ ហើយ​វា​ថា​ "ម៉ាក់​ដឹង​កាល​ណា​ ប៉ា​មក​បាយ​ជុំ​គ្នា​មួយ​យើង"។ ពេល​ខ្លះ​ ភ្លេច​ខ្លួន​ បង​ហៅ​វា​មក​រៀន​ បង្រៀង​វា​នៅ​ផ្ទះ ​វា​ថា​ "ចាំ​ឲ្យ​ប៉ា​មក​[បង្រៀន​]វិញ"។ ​ដូច​ថ្ងៃ​១​មិថុនា​ គេ​សិទ្ធិកុមារ​អី​ បង​នាំ​កូន​បង​ទៅ​សួរ​សុខទុក្ខ​ប៉ាវា​នៅ​ពន្ធនាគារ។ ​ហ្នឹង​សិទ្ធិកុមារ​គ្រួសារ​បង»។​

ចាប់​តាំង​ពី​លោក​នី ចរិយា​ត្រូវ​បាន​ឃុំ​ខ្លួន​ អ្នក​ស្រីយ៉ែម ចន្ថា​ វ័យ​៤៦​ឆ្នាំ​ ត្រូវ​ដើរ​តួ​នាទី​ជា​ម្តាយ​ផង ​និង​ជា​ឳពុក​ផង​នៅក្នុង​គ្រួសារ។

«២៤​ម៉ោង​របស់​គាត់​ឥឡូវ​ ១​ខែ​ជាង​ហ្នឹង គឺ​នៅ​ក្នុង​ពន្ធនាគារ។ ​គាត់អត់​បាន​ធ្វើអី​ទាំង​អស់។​ គាត់​ធ្លាប់​តែ​ធ្វើការ​ មមារញឹក​នឹង​ការងារ​ ហើយ​ឥឡូវ​គាត់​ត្រូវ​ទៅ​នៅក្នុង​បន្ទប់​ហ្នឹង​ អង្គុយ​សម្លឹង​ជញ្ជាំង​ មើល​ដំបូល​អញ្ចឹង​ទៅ។​ អត់​បាន​ធ្វើការងារ​អីឲ្យ​បាន​ផល​ប្រយោជន៍​ដល់​សង្គម​ អញ្ចឹង ​គាត់ស្ត្រេស»។​

ទោះ​ជា​យ៉ាង​ណាក្តី​ អ្នក​ស្រី​យ៉ែម ចន្ថា​នៅ​តែ​រំពឹង​ថា​ តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ និង​ដោះ​លែង​ស្វាមី​អ្នក​ស្រី​ឲ្យ​មាន​សេរី​ភាព​វិញ៕

XS
SM
MD
LG