គ្រាដែលក្រុមសង្គមស៊ីវិលប្តេជ្ញាបន្តយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដែលរងការបង្ក្រាបពីអាជ្ញាធរកាលពីថ្ងៃច័ន្ទកន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជាថ្លែងថា ការប្រើប្រាស់ពណ៌ណាមួយដើម្បីធ្វើការតវ៉ាឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និងគ.ជ.បដែលកំពុងជាប់ឃុំ នឹងមិនត្រូវបានអនុញ្ញាតជាដាច់ខាត ប៉ុន្តែលោកថា ការលើកលែងទោសអាចកើតមាន បើតុលាការចេញសាលក្រម។ មន្ត្រីសិទ្ធិមនុស្ស និងអ្នកច្បាប់ថា តុលាការនៅតែអាចសម្រេចឲ្យអ្នកជាប់ឃុំស្ថិតនៅក្រៅឃុំ មិនបាច់រង់ចាំដល់ប្រកាសសាលក្រមនោះទេ។
បន្ទាប់ពីយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» បានចាប់ផ្តើមឡើងជាលើកដំបូងនៅថ្ងៃច័ន្ទសបា្តហ៍នេះ ហើយបានរងការបង្រ្កាបពីក្រុមអាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារកន្លងទៅ បានថ្លែងថា យុទ្ធនាការនេះអាចនឹងធ្វើឲ្យអ្នកជាប់ឃុំដែលជាមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រឈមនឹងផលវិបាកជាច្រើនទៀតក្នុងការបញ្ចប់រឿងក្តីរបស់ពួកគេ។
ក៏ប៉ុន្តែនៅក្នុងការថ្លែងរបស់លោកក្នុងពិធីចែកសញ្ញាប័ត្រមួយ ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារកន្លងទៅ លោកនាយករដ្ឋមន្ត្រីដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បានបញ្ជាក់សារជាថ្មីពីសិទិ្ធអំណាចរបស់លោកថា ប្រសិនបើតុលាការចេញសាលក្រមដល់សំណុំរឿងការសូកប៉ាន់ និងសមគំនិតនេះ លោកអាចនឹងស្នើទៅព្រះមហាក្សត្រសុំឲ្យមានការលើកលែងទោស ឬក៏បន្ធូរបន្ថយទោស។
លោក ហ៊ុន សែន ថ្លែងដោយមិននិយាយចំដល់អ្នកជាប់ឃុំទាំងប្រាំនាក់នោះថា៖ «ឥឡូវអំណាចដំណើរការរបស់តុលាការ ខ្ញុំអត់មានសិទ្ធិលូកលាន់ទេ ប៉ុន្តែតែរួចពីដំណើរការរបស់តុលាការនោះ ពេលសាលក្រមចូលស្ថាពរ វាស្ថិតនៅក្នុងដៃរបស់នាយករដ្ឋមន្ត្រីវិញ ព្រោះច្បាប់ពន្ធនាគារ គេអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី ធ្វើការស្នើសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោស ឬបន្ថយទោស»។
មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ជាចេតនាបង្ហាញភ្លើងខៀវមួយឲ្យមានការលើកលែងទោស ឬបន្ធូរបន្ថយទោស ទោះបីអ្នកដែលជាប់ឃុំទាំងប្រាំនាក់មិនទាន់ត្រូវបានតុលាការក្រុងភ្នំពេញរកឃើញថា មានទោសក្នុងសំណុំរឿងសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
មន្ត្រីសិទ្ធិមនុស្សបន្ថែមថា ដំណាក់កាលនេះជាការសាកល្បងម្តងទៀតលើឯករាជ្យភាពរបស់តុលាការ ដែលរងការរិះគន់ថា មានជំហរមិននឹងនរក្នុងអំណាចទាំងបី។ ប៉ុន្តែអ្នកច្បាប់ សម្តែងក្តីមន្ទិលថា អ្នកដែលជាប់ឃុំគួរសារភាពទទួលស្គាល់ថា ខ្លួនមានទោស ឬបន្តសុំឲ្យតុលាការអនុញ្ញាតឲ្យពួកគេស្ថិតនៅក្រៅឃុំ បន្ទាប់ពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល។
កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីដែលមានចំនួនមិនលើសពី២០០នាក់ បានបើកយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ក្នុងក្តីសង្ឃឹមថា អាចបានជួបជុំគ្នានៅមុខពន្ធនាគារព្រៃស ដើម្បីទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំប្រាំរូបដែលជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមអាដហុក និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ប៉ុន្តែ ពួកគេយ៉ាងណាស់៦នាក់ត្រូវបានស្វាគមន៍ ដោយការចាប់ខ្លួនសួរនាំចម្លើយអស់រយៈពេលជាច្រើនម៉ោង ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីពួកគេផ្តល់ចម្លើយសារភាពអំពីបំណងពិតប្រាកដនៃការបើកយុទ្ធនាការនេះ ពួកគេត្រូវបានសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញពីអាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA ថា ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការលើកលែងទោស អាចជាការផ្តល់ភ្លើងខៀវដល់ដំណើរការដោះលែងអ្នកដែលបានជាប់ឃុំនោះ ឲ្យមានសេរីភាពឡើងវិញ។ លោកបញ្ជាក់ថា យ៉ាងណាក៏ដោយ អ្នកទាំងប្រាំដែលកំពុងជាប់ឃុំ នៅតែមានសិទ្ធិអាចសុំស្ថិតនៅក្រៅឃុំបានដដែល។
លោក អំ សំអាត បញ្ជាក់ប្រាប់ VOA ថា៖ «តុលាការដំណាក់កាលនេះ ជាដំណាក់កាលស៊ើបអង្កេត។ ហេតុដូច្នេះមិនទាន់ដឹងថា ពួកគាត់នឹងមានទោស ឬមិនមានទេ វាមានពីរ។ ទីមួយ បើដំណើរការផ្លូវច្បាប់ មេធាវីដែលគាត់ដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន រួមទាំងសាមីខ្លួនផងនោះ ចៅក្រមស៊ើបអង្កេតអាចនឹងពិចារណាការនៅក្រៅឃុំបណ្តោះអាសន្ន។ ទីពីរ បើសិនជាចៅក្រមស៊ើបអង្កេត ស៊ើបអង្កេតទៅ វាគ្មានតម្រុយ និងគ្មានភស្តុតាងសម្រាប់ដាក់បន្ទុក ឬក៏ចោទប្រកាន់ទេ ចៅក្រមលោកមានសិទ្ធិលើកចោទប្រកាន់ អានេះដំណាក់កាលនៅតុលាការបាទ»។
លោកបន្ថែមថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តីអំពីការលើកលែងទោស ឬបន្ធូរបន្ថយទោសនេះ អាចជាការសាកល្បងលើអព្យាក្រឹតភាពរបស់តុលាការនៅក្នុងការសម្រេចឲ្យអ្នកទាំងប្រាំនាក់នេះស្ថិតនៅក្រៅឃុំបាន ឬយ៉ាងណា ខណៈដែលសំណុំរឿងរបស់អ្នកទាំងប្រាំ ត្រូវក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេសមើលឃើញថា ជាករណីដែលមានចំណងភ្ជាប់នឹងនយោបាយនោះ។
«រឿងនេះ វាជារឿងល្អមួយដែលបង្ហាញ អាចបង្ហាញសាធារណជនបានហើយ អំពីអំណាចឯករាជ្យរបស់តុលាការ ឬក៏មិនឯករាជ្យនោះ»។
អ្នកទាំងប្រាំដែលកំពុងស្ថិតក្នុងពន្ធនាគារបណ្តោះអាសន្ន រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក និងអនុប្រធានទាំងពីររបស់លោក នី សុខា គឺ លោក យី សុខសាន្ត និងលោក ណៃ វង់ដា លោកស្រី លឹម មុន្នី មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក និងលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប។ ពួកគេត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។ រីឯលោក នី ចរិយា ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី។
លោក សុខ សំអឿន មេធាវីការពារសិទ្ធិមនុស្ស បានមានប្រសាសន៍ ក្នុងចម្ងល់ថា តើការត្រូវចាំដល់តុលាការចេញសាលក្រមជាស្ថាពរទើបមានការលើកលែងទោសនោះ អាចជាការបង្ខំឲ្យអ្នកជាប់ឃុំទាំងនោះទទួលកំហុស ដែលពួកគេមិនបានធ្វើឬទេ ព្រោះប្រសិនបើតុលាការមានភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់ តុលាការត្រូវសម្រេចកាត់ក្តីភ្លាមៗទៅថា ត្រូវដោះលែង ឬក៏បន្តនីតិវិធីទៀត។
«លើកលែងនៅមានភស្តុតាង មានឯកសាររញ៉េរញ៉ៃច្រើនទៀត okay អាហ្នឹងចាំរកឲ្យអស់រឿង»។
លោក សុខ សំអឿន បន្តថា៖ «ឲ្យគេឲ្យគ្នាទទួលសារភាពម៉េច?»
លោកបន្ថែមផងដែរថា យ៉ាងណាក៏ដោយ បញ្ហានេះទុកឲ្យសាធារណជនទូទៅ តាមដានមើលដំណើរការផ្តល់យុត្តិធម៌ពីតុលាការក្នុងសំណុំរឿងនេះ ដោយលោកថា រឿងក្តីនេះ មានលក្ខណៈសាំញ៉ាំច្រើន ពិបាកវែកញែកតាមទិដ្ឋភាពច្បាប់។
ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារដដែលនោះ បានប្រកាសឲ្យមានការស្វែងរកមេធាវី មានសមត្ថភាពខ្លាំងមកតទល់ក្នុងសំណុំរឿងមន្ត្រីសិទ្ធិមនុស្ស និង គ.ជ.បនេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវដំណើរការតាមផ្លូវច្បាប់រកវិធីដោះបន្ទុក តាមរយៈការផ្តល់មេធាវី រកមេធាវីឲ្យពូកែ រកវិធីដោះស្រាយបន្ទុក ទើបជាបញ្ហាត្រឹមត្រូវតាមផ្លូវច្បាប់»។
លោក ហ៊ុន សែន បន្ថែមថា យុទ្ធនាការពណ៌អ្វីក៏ដោយ មិនអាចបំបែកសំណុំរឿងនេះបានទេ។
«មិនអាចមកដាក់សំពាធតាមរយៈពណ៌នេះ ពណ៌នោះ ថ្ងៃនេះ ថ្ងៃនោះអត់ទេ»។
ការឃុំខ្លួនដែលរងការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេស ថាជាសកម្មភាពវាយប្រហារលើក្រុមសង្គមស៊ីវិលដោយអាជ្ញាធរនេះ មានឫសគល់ចេញពីរឿងរ៉ាវស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា នៅតែប្រកាន់ជំហរមិនឆ្លង មិនឆ្លើយ ក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោកដដែល៕