ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋាភិបាល​កំណត់​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់​ ខណៈ​មាន​សមាជិក​គ.ជ.ប.​កំពុង​ជាប់​ឃុំ


រូបឯកសារ៖ ​អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/VOA)

លោក​ សម​ គន្ធាម៉ី​​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វ៊ិក​ ថ្លែង​បា្រប់​ VOA​ ថា​​ ​រយៈ​ពេល​នេះ​ គឺ​មាន​ភាព​សមស្រប​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​​ខ្លួន​ ដែល​មាន​ដូចជា​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ ​ដើម្បី​ឈាន​ទៅ​​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ ​ប្រកាសនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នឹង​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៧​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ​ ​២០១៨។​ ការ​ប្រកាស​នេះ​ ​កើត​មាន​ឡើង​ ​នៅ​ស្រប​ពេល​ដែល​មន្ត្រី​គ.ជ.ប​មួយ​រូប​កំពុង​ជាប់​ឃុំ និង​មួយ​រូប​ទៀត​ កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ។​

សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថ​លេខា​ ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ​ខែ​ឧសភា​ ឆ្នាំ​ ២០១៦​ នេះ ​បាន​សរសេរ​ថា៖​ «​ត្រូវ​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ​ទី៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ជា​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​អាណត្តិ​ទី​៤»។

​លោក​ សម​ គន្ធាម៉ី នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​និចហ្វ៊ិក​ ថ្លែង​បា្រប់​ VOA​ ថា ​រយៈ​ពេល​នេះ​ គឺ​មាន​ភាព​សមស្រប​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ក្នុង​ការ​បំពេញ​ភារកិច្ច​របស់ខ្លួន​ ដែល​មាន​ដូចជា​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ ​ដើម្បី​ឈាន​ទៅដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧។​

លោក សម​ គន្ធាម៉ី ថ្លែង​ប្រាប់ VOA ថា៖

«ខែ​ June [មិថុនា​] ហ្នឹង​អី​ទេ​ ព្រោះ​អី​ បើ​យើង​ថយ​ក្រោម​ខែ​ June ដូច​ថា ​យើង​គ្រោង​ធ្វើ​ខែ​២​ ខែ​៣​ អា​ហ្នឹង​អត់​ទាន់​ទេ​ ប៉ុន្តែ​ខែ​ June​ អាច​ទាន់​ ទាន់​ គ្រាន់​តែ​ថាវា​ប្រញាប់ប្រញាល់​បន្តិច»។​

សេចក្តី​សម្រេច​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ​ដោយ​យោង​ទៅ​តាម​មាត្រា​៣​ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​ ​សង្កាត់​ ​ដែល​បាន​ចែង​ថា៖​ «នាយករដ្ឋមន្ត្រី​ត្រូវ​ប្រកាស​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ក្នុង​រយៈ​ពេល​ ​៩​ ​ខែ​ ​យ៉ាងតិច​ ​មុន​ថ្ងៃ​បោះ​ឆ្នោត។​ ការ​បោះ​ឆ្នោត​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ តែ​មួយ​ថ្ងៃ»។​

ការ​កំណត់​យក​កាល​បរិច្ឆេទ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ ​កើត​មាន​ឡើង ​នៅ​គ្រា​ដែលមន្ត្រី​នៃ (គ.ជ.ប)​ ចំនួន​ពីរ​រូប​កំពុង​ជាប់​ក្តីក្តាំ​នៅ​តុលាការ​ និង​នៅ​ចំ​ពេល​ដែលប្រតិភូ​នៃ​អង្គការ​មូលនិធិ​ កូហ្វី ​អាណាន់​ (Kofi Annan Foundation) ​បាន​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែង​យល់​ពី​ការ​បោះ​ឆ្នោត​ និង​លទ្ធិប្រជាធិបតេយ្យ​នៅប្រទេស​កម្ពុជា។​

​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​គ.ជ.ប​ ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ឃុំ​ខ្លួន​ពី​បទ «សម​គំនិត​សូកប៉ាន់​សាក្សី»​ ក្នុង​សំណើ​រឿង​បរិហារ​កេរ្តិ៍​ដែល​ផ្តើម​ចេញ​ពី​រឿង​ស្នេហា​លួចលាក់​របស់​លោក​ កឹម ​សុខា។​ លោក​ នី ចរិយា ជា​អតីត​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគមសិទ្ធិ​មនុស្ស​អាដហុក។​

លោក ​រ៉ុង​ ឈុន ​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​ ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ក្នុង​សំណុំ​រឿង​បាតុកម្ម​ហិង្សា​ ដែល​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​វ៉េងស្រេង​កាល​ពី​ឆ្នាំ​២០១៤។​ លោក ​រ៉ុង​ ឈុន​ គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក៤​នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណបក្ស​សង្រ្គោះជាតិ​ឲ្យ​ធ្វើ​ជា​សមាជិកនៃ​គ.ជ.ប ដែល​មាន​សមាជិក​៩​នាក់ ស្រប​តាម​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ជំទាស់​នេះ នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន។​

លោក​ សម​ គន្ធាម៉ី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោតនិចហ្វ៊ិក​ ថ្លែង​ថា​ រឿង​ក្តី​របស់​លោក​ នី​ ចរិយា​ នឹង​មិន​បង្ក​ការ​រាំងស្ទះ​ដល់​ការ​សម្រេច​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គ.ជ.ប​ នោះ​ទេ​ តែ​គ.ជ.ប​ អាច​នឹង​ជួប​ការ​រាំង​ស្ទះ​ក្នុង​កិច្ចការ​នេះ​ ដោយ​សារសំណុំរឿង​លោក​ រ៉ុង​ ឈុន។​

លោក សម គន្ធាម៉ី ពន្យល់​ប្រាប់ VOA ថា៖

«ស្ថាប័ន​គ.ប.ជ​តម្រូវ​ឲ្យ​មាន​សមាជិក​ប្រាំបួន​នាក់​ ដូច​រដ្ឋមន្ត្រី​ប្រាំបួន​នាក់​អញ្ចឹង​ ស្ថាប័ន​ហ្នឹង​ ហើយ​ការ​សម្រេច​បទបញ្ជា​ផ្ទៃក្នុង​គ.ជ.ប​ តម្រូវ​ភាគច្រើន​ដាច់ខាត​ ប្រាំ​នាក់​ ទើប​យក​ជា​ការណ៍​ ហើយ​បើ​សមាជិក​មាន​តែ​៨នាក់​ អញ្ចឹង​ ហើយកាល​ណា​សម្រេច​បួន​ស្មើ​និង​បួន​ ឧត្តមភាព​ត្រូវ​បាន​ខាង​ប្រធាន​ហើយ»។​

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រាប់​ VOA ​ថា គ.ជ.ប​ នឹង​នៅ​តែ​ធានា​បានការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ ទោះបី​ជា​មានមាន​មន្ត្រី​ជាន់​ខ្ពស់​ឬ​សមាជិកគ.ជ.ប​ កំពុង​ ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងក្តីតាម​ផ្លូវ​តុលាការ​ និង​ ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់​ពី​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ថា​រឿង​ក្តីក្តាំ​នេះ​នឹង​ធ្វើ​ឲ្យ​ខូច​ដល់​ប្រសិទ្ធភាព​ការងារ​របស់​គ.ជ.ប។​ ​

លោក ហង្ស ពុទ្ធា បញ្ជាក់​ប្រាប់ VOA ថា៖

«គ.ជ.ប​នៅ​តម្កល់​ ​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​ជា​ធំ​ ដែល​បាន​ទទួល​ការ​បោះ​ឆ្នោត​ទុកចិត្ត​ពី​សភា​ ហើយ​ត្រូវ​តែ​បំពេញ​តួនាទី​ស្រប​តាម​ច្បាប់​ពីព្រោះ​ គ.ជ.ប​ គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​អនុវត្ត​តាមច្បាប់​នោះ​ទេ»។​

លោក​ ទេព​ នីថា​ អគ្គលេខាធិការ​គ.ជ.ប​ បាន​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លង​មក​ផង​ដែរថា​ ការ​រៀបចំឲ្យ​មាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នេះ​ ត្រូវ​ការ​ចំណាយ​ប្រមាណ​ជាង​៥២​លាន​ដុល្លារ។​ ការ​ចំណាយ​នេះ​ក៏​នឹង​គ្រប​ដណ្តប់​លើ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ផង​ដែរ។​ លោក​ ទេព​ នីថា​ ក៏​ធ្លាប់​បាន​ប៉ាន់ស្មាន​ថា​ ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៧។​

ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១.៦៣០​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១២​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១.៥៩២​ និង​ចំនួន​ក្រុមប្រឹក្សា​មាន​ដល់​ទៅ​៨.២៩២ ​ដោយ​ត្រួតត្រា​កិច្ចការ​រដ្ឋបាល​មូលដ្ឋាន​សឹង​តែ​ទាំងអស់។

ចំណែក​ឯ​គណបក្ស​ជំទាស់​របស់​លោក​ សម​ រង្ស៉ី​ និង​លោក ​កឹម​ សុខា ​បាន​ឈ្នះ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៤០ ​និង​មាន​តួនាទី​ជាសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជិត​៣.០០០​នៅ​ទូទាំងប្រទេស។ ​គណបក្ស​រាជានិយម​ ​ហ៊្វុនស៊ីនប៉ិច ​ទទួល​បាន​អាសនៈ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១​ និង​មាន​សមាជិក​ចំនួន​១៥១​ទូ​ទាំង​ប្រទេស។

​កម្ពុជា​ក៏​កំពុង​ត្រៀម​ខ្លួន​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​ឆ្នាំ​២០១៧។​ គណបក្ស​ធំៗ​ពីរ​ ​ដែល​អ្នក​វិភាគ​នយោបាយ​ ថា​ អាច​ទាញ​ការ​គាំទ្រ​បាន​ច្រើន​ពីប្រជា​ជន​ខ្មែរ​ គឺគណបក្ស​ប្រជាជន​កម្ពុជា​ ​និងគណបក្ស​សង្គ្រោះ​ជាតិ។​ ​

បើ​គិត​ទាំង​អ្នក​ដែល​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ​ផង​ តួលេខ​អ្នក​បោះឆ្នោត​នៅ​ឆ្នាំ​ខាង​មុខ​នេះ ​ត្រូវ​គេប៉ាន់ស្មាន​ថា ​មាន​ចំនួន​ដល់​ទៅ​១០​លាន​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ជាង​១៥​លាន​នាក់​ ដែល​មានសិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​នេះ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG