ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត ​ បារម្ភ​ពី​ប្រសិទ្ធភាព​ការងារ​របស់ គ.ជ. ប ខណៈ​មន្ត្រី​ខ្លួន​ជាប់​រឿង​ក្តី​ក្តាំ​នៅ​តុលាការ​


រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)
រូបឯកសារ៖ លោក នី ចរិយា (កណ្តាល) អតីត​មន្ត្រី​របស់​អង្គការ​អាដហុក និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាការ​រៀបចំ​ការ​បោះឆ្នោត កំពុង​ត្រូវបាន​បញ្ចូន​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​បាន​ចូលបង្ហាញ​ខ្លួន នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។ (AP Photo/Heng Sinith)

ករណី​ដែល​កម្ពុជា​ មិន​មាន​គ.ជ.ប.​ ​ដែល​​​ប្រជា​ពលរដ្ឋ​អាច​ទុក​ចិត្ត​​បាន​ចំពោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨​ខាង​មុខ​នេះ​ នឹង​​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម​និង​​នយោបាយ​នៅ​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ និង​តាម​ដាន​ការ​វិវត្តន៍​នយោបាយ​នៅ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង​ប្រសិទ្ធិ​ភាព​ការងារ​របស់គណៈកម្មាធិការជាតិរៀប​ចំការបោះ​ឆ្នោត(គ.ជ.ប)ថ្មី​ ក្រោយ​ពេលដែល​មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​របស់​ស្ថាប័នទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​នេះ កំពុងជាប់​ពាក់​ព័ន្ធ​នឹង​ក្ដីក្ដាំ​ក្នុង​តុលាការ​ក្រុង​ភ្នំពេញ។​

ក្រុម​អ្នក​ឃ្លាំមើល​ទាំង​នេះ​ លើក​ឡើង​ថា ​ភាព​ចម្រូង​ចម្រាស់​នេះ ​នឹង​អាច​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ជា​ម្ចាស់​ឆ្នោត​ បាត់​ទំនុក​ចិត្ត​ពី​គ.ជ.ប ថ្មី​ដែល​ទើប​តែ​ដំណើរ​ការ​បាន​១ឆ្នាំ​កន្លង​មក​នេះ។

​ការ​ព្រួយ​បារម្ភ​នេះ កើតឡើង​ក្រោយ​ពី លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ម្នាក់​នៃ​គ.ជ.ប​ កាល​ពី​ដើម​ខែ​ឧសភា​នេះ​ បាន​ទទួលរង​ការចោទ​ប្រកាន់​ពី​បទសម​គំនិត​សូកប៉ាន់​សាក្សី​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន។

រីឯ​សមាជិក​គ.ជ.ប ​មួយ​រូប​ទៀត​គឺ​ ​លោក​ រ៉ុង​ ឈុន​ ​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យដែល​ជ្រើស​តាំង​ដោយ​គណបក្ស​ជំទាស់​ ​ក៏​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្ដីក្ដាំ​ ទាក់​ទិន​នឹង​បាតុកម្ម​នៅ​លើ​ផ្លូវ​វេងស្រេង​កាល​ពី​ឆ្នាំ​២០១៤​ផង​ដែរ។

លិខិត​ជូន​ដំណឹង​ ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​គឺ​លោក ​សាន សុផាត​ បាន​ឲ្យ​ដឹង​ថា​សំណុំ​រឿង​របស់​លោក រ៉ុង ឈុន​ ដែល​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​លើផ្លូវ​វេងស្រេង​នោះ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ចុង​ខែ​មេ​សា​កន្លង​ទៅ។

​លោក​ អ៊ូ វីរៈ​ អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​និង​ប្រធាន​វេទិកា​អនាគត​ ​វាយ​តម្លៃ​ថា​ ចំណាត់​ការ​នេះ គឺ​ជា​ចេតនា​នយោបាយ​ ​ក្នុង​ការ​ដាក់​សម្ពាធលើ​បុគ្គល​ឯករាជ្យ​នៃ​គ.ជ.ប និងធ្វើ​ឲ្យ​សមាជិកដទៃ​ទៀត​ខ្លាច​រអា​មិន​ហ៊ាន​តតាំង​នឹង​សម្ពាធ​នយោបាយ​ក្នុង​ពេល​បោះឆ្នោត​នៅ​ឆ្នាំ២០១៧ ​និង​២០១៨ខាង​មុខ។

«ការ​គាប​សង្កត់​លោក ​រ៉ុង ឈុន គឺ​ការ​ផ្ញើ​សារ​មួយ​គាប​សង្កត់​អ្នក​ដទៃ។ បានន័យ​ថា ​អ្នក​ដទៃ​ក៏​មាន​ភាព​ភ័យ​ខ្លាច​ដែរ។ បើ​គាត់​ភ័យ​ខ្លាច​ធ្វើ​ម៉េច​គាត់​អាច​ឈរ​ជើង​ជា ​គ ជ ប​ ឯករាជ្យ​បាន។ អ្នក​នយោបាយ​ មិន​គួរ​មាន​ឥទ្ធិពល​ទៅ​លើ​គ. ជ. ប​ ទេ។​ ក្នុង​ករណី​ដែល​គេ​អាច​ប្ដឹង​បាន​អី​ហ្នឹង​ ខ្ញុំ​មើល​ទៅ​ការងារ​របស់​គាត់​ មិន​មាន​ប្រសិទ្ធិ​ភាពជា​អ្នក​ឯករាជ្យ​ទេ»។​

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

លោក​បន្ត​ថា​ ​ករណី​ដែល​កម្ពុជា​ មិន​មាន ​គ.ជ.ប.​ ​ដែល​ប្រជា​ពលរដ្ឋ​អាច​ទុក​ចិត្តបាន​ចំពោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧​ និង​២០១៨​ខាង​មុខ​នេះ​ នឹងបង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម​និងនយោបាយ​នៅ​កម្ពុជា។​

ដូច​គ្នា​នឹង​លោក​ អ៊ូ វីរៈ​ដែរ ​លោក​ គល់​ បញ្ញា​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ហៅ​ថា​ខុមហ្វ្រែល​ ​បញ្ជាក់​ប្រាប់ VOA ​ថា​ ការ​គាស់​កកាយ​បណ្ដឹង​ចាស់ៗ​របស់​សមាជិក​គ.ជ.ប ​រូបនេះ​ អាច​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ទៅ​ដល់​មន្ត្រី ​គ.ជ.ប​ ​ហើយ​នេះ​គឺ​ជា​ការ​រំលោភ​ទៅ​លើ​បុព្វសិទ្ធិ​មន្ត្រី​ គ.ជ.ប​ ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​បង្កើត​និង​ការប្រព្រឹត្តិ​ទៅ​នៃ​ គ.ជ.ប។

«ការ​ភ័យ​ខ្លាច​វា​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​គាត់។​ ការងារ​ឯករាជ្យ​សំខាន់​ណាស់ គឺ​ជួយ​ជំរុញ​ឲ្យ​ការងារ​បោះឆ្នោត​បាន​ប្រសើរ​ ​សេរី និង​យុត្តិធម៌។ គ ជ ប​ មិន​ត្រឹម​តែ​ធានា​ មិន​ឲ្យ​ខ្លួន​ឯង​ស្ថិត​ក្រោម​ ការ​គំរាម​កំហែង​ទេ​ គ ជ ប​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ទៀត»។​

មាត្រា​ទី​១៣​នៃ​ ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​បាន​ចែង​ថា«ប្រធាន​ អនុប្រធាន​ និង​សមាជិក​គ.ជ.ប​ ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដោយ​មិន​លម្អៀង​ ដោយ​ឈរ​លើ​គោល​ការណ៍​គោរព​ច្បាប់​ដោយ​មិន​ទទួល​ការ​គាប​សង្កត់​ ការ​គំរាម​កំហែង​ ការ​បំភិត​បំភ័យ​ ឬ​ការ​បង្គាប់​បញ្ជា​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ពី​បុគ្គល​ ឬ​ស្ថាប័ន​ណាមួយ​ឡើយ។​ ប្រធាន​ អនុប្រធាន​ និង​សមាជិក​គ.ជ.ប ​ត្រូវ​ទទួល​បាន​ការ​ធានា​ ការពារ​សន្តិសុខ​ផ្ទាល់​ខ្លួន​ និង​គ្រួសារ​...ហើយ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ខាង​បទ​ព្រហ្មទណ្ឌ​ ឬ​បទ​រដ្ឋប្បវេណី​ណា​មួយ​ចំពោះ​ការ​សម្រេច​ដែល​បាន​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច​ និង​មុខងារ​របស់​ខ្លួន​ឡើយ»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ គល់​ បញ្ញា​ យល់​ថា​ករណី​បណ្ដឹង​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​គ.ជ.ប​ដូច​ជា​លោក ​រ៉ុង ឈុន​ នេះ​ គួរ​តែ​សើរើនៅ​មុន​ ឬ​ក្រោយ​ពេល​លោក​បញ្ចប់​អាណត្តិ​របស់​លោក។

«ម៉េច​ម៉ា​ ត្រូវ​ចាំ​ឲ្យ​ចប់​អាណត្តិ​គាត់​សិន។ អា​ហ្នឹង​ បើ​ថា​ចង់​ដំណើរ​ការ​ក្ដី​ហ្នឹង​ ព្រោះ​សភា​ បាន​រើស​គាត់​ហើយ​ បាន​ន័យ​ថា​ពី​ពេល​គាត់​បាន​អាណត្តិ​ហ្នឹង​ទៅ​ ត្រូវ​តែ​ធានា​ថា​គាត់​មិន​នៅ​ក្រោម​ការ​គំរាម​កំហែង ការ​គាប​សង្កត់ និង​ការ​ភ័យ​ខ្លាច»។

ស្រប​គ្នា​នោះ​ដែរ លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក​ ​បាន​បញ្ជាក់​ពី​ក្ដី​បារម្ភ​របស់​ខ្លួន​ប្រាប់ ​VOA​ ថា​ ​បើ​សិន​ជា​សំណុំ​រឿង​ជាប់​ពាក់​ព័ន្ធ​នឹង​តុលាការ​របស់​សមាជិក​គ.ជ.បនៅ​តែ​អូស​បន្លាយ​បែប​នេះ​ ​នឹង​អាច​បង្ក​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​គ.ជ.ប​ មាន​ការ​ធ្លាក់​ចុះ​ ជា​ពិសេស​នៅ​ពេល​ដែល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ។

លិខិត​ជូន​ដំណឹង​ដែល ​VOA​ ​បាន​ទទួល​នៅ​សប្ដាហ៍​នេះ​ ឲ្យ​ដឹង​ថា​ ចៅ​ក្រម​ស៊ើបសួរ​បាន​ ​សម្រេច​បញ្ជូន​សំណុំ​រឿងរបស់​លោក ​រ៉ុង ឈុន​ ​ទៅ​ជម្រះ​ ​ក្រោយ​ពេល​បញ្ចប់​ការ​ស៊ើបសួរ​ ​ក៏ប៉ុន្តែ​លិខិត​ដែល​ចេញ​ដោយ​ ​ចៅ​ក្រម​ស៊ើប​សួរ​ លោក​ សាន សុផាត​ នៃ​តុលាការ​ក្រុង​ភ្នំពេញ​ ​មិន​មានបញ្ជាក់​កាល​បរិច្ឆេទ​នៃ​ការ​ជំនុំជម្រះ​ក្ដី​នោះ​ទេ។

កាល​ពី​ខែ​មករា​ ​ឆ្នាំ​២០១៤ ​ក្នុង​ការ​តវ៉ា​មួយ​របស់​កម្មករ​តាម​ផ្លូវ​វេង​ស្រេង ដើម្បី​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​ដោយ​មានការ​បង្ក្រាប​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​ ​ដែល​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់​យ៉ាង​ហោច​៤នាក់​ ​និង​រង​របួស​ជា​ច្រើន​នាក់​ទៀត។

លោក ​រ៉ុង​ ឈុន ធ្លាប់​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​រួច​ហើយ​ កាល​ពី​ដើម​ឆ្នាំ២០១៤ ចំពោះ​ការ​ចោទ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ថា​លោក​បាន​ពាក់ព័ន្ធ​ក្នុង​ការញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ​ឬ​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ក៏​ប៉ុន្តែ​តុលាការ​មិន​មាន​ចំណាត់​ណាមួយ​នោះ​ទេ​រហូត​ដល់​ពេល​បច្ចុប្បន្ន។

​លោក ​រ៉ុង​ ឈុន​ សព្វ​ថ្ងៃ​នេះ​ ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក៤​នាក់​ ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណ​បក្ស​សង្រ្គោះ​ជាតិ​ឲ្យ​ធ្វើ​ជា​សមាជិក​នៃ​គ ជ ប ដែល​មាន​សមាជិក​៩​នាក់ ស្រប​តាម​កិច្ច​ព្រម​ព្រាង​រវាង​គណបក្ស​ជំទាស់​នេះ នឹង​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។

លោក​ រ៉ុង​ ឈុន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នករិះគន់​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដ៏​ឆ្នើម​មួយ​រូប។​

លោក​ រ៉ុង ឈុន ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយចាកចេញ​ពីការបោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតក្នុង​រដ្ឋសភា​ជាតិ​ ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)
លោក​ រ៉ុង ឈុន ជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្រោយចាកចេញ​ពីការបោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតក្នុង​រដ្ឋសភា​ជាតិ​ ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

​ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​មួយ ​VOA ​លោក​ ​រ៉ុង​ ឈុន​ បាន​ឲ្យ​ដឹង​ថា​ ​សំណុំ​រឿង​នេះ ​មិន​ប៉ះទង្គិច​ដល់​ការ​បម្រើ​ការងារ​របស់​លោក​ជា​សមាជិក​គ.ជ.ប​នោះ​ទេ​ ​ហើយ​លោក​បញ្ជាក់​ថា​ លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ ប្រសិន​បើ​មាន​ដី​កា​កោះ​ហៅ​មែន​នោះ។

«តាម​ពិត​ទៅ​សំណុំ​រឿង​នេះ​ ជាប់​តាំង​ពី​ឆ្នាំ ២០១៣មក។ យើង​គិត​ថា ​វា​មិន​មាន​អី​ប៉ះ​ពាល់​ទេ។ វា​គ្រាន់​តែ​រំខាន​ដល់​ការងារ និង​អារម្មណ៍​ដែល​យើង​ធ្វើ​ការងារ។​ គ្រាន់​តែ​ជា​ការ​បញ្ជូន​សំណុំ​រឿង​ ក្រែង​លោ​មាន​ការ​វិវត្តន៍​ខាង​មុខ​ទៀត​ តែ​ពេល​នេះ​វា​ដូច​ជា​មិន​អី​ទេ»។​

យ៉ាង​ណា​ក៏ដោយ​ លោក ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គ.ជ.ប​ អះ​អាង​ថា​ គ.ជ.ប​ ​មិន​មាន​ដែន​សមត្ថកិច្ច​លូក​ដៃ​ចូល​សេចក្ដី​សម្រេច​ចិត្ត​របស់​ស្ថាប័ន​តុលាការ​នោះ ​ទាក់ទង​និង​សមាជិក​ខ្លួន​ពីរ​រូប​ដែល​កំពុង​ជាប់​ក្ដីក្ដាំ​នោះ។​

«ប៉ុន្តែ​រឿង ​វា​កើត​ឡើង​ពី​អតីតកាល​អត់​ទាន់បាន​បញ្ចប់​ អា​ហ្នឹង​ទី១។ ទី២​ សមាជិក​គ ជ ប​ មិន​មាន​អភ័យ​ឯកសិទ្ធិ​ទេ​ ចឹង​បើ​សិន​ជា​រក​ទៅ​ឃើញ​ថា​មាន​កំហុស​ នោះ​ត្រូវ​អនុវត្ត​តាម​អ្វី​ដែល​ជា​ការ​រក​ឃើញ​របស់​តុលាការ។​ គ ជ ប​ មិន​មាន​សមត្ថកិច្ច​លូក​ដៃ​ចូល​ស្ថាប័ន​ផ្សេង​ទេ»។

VOA​ ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ចៅ​ក្រម​ ​សាន សុផាត​ ​និង​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ ​គឺ​លោក ​លី សុផាន់ណា​ បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

XS
SM
MD
LG