ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​អឺរ៉ុប​ថ្កោលទោស​ការធ្វើ​បាប​បក្ស​ប្រឆាំង​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

  • ម៉ែន គឹមសេង

រូបឯកសារ៖ សមាជិក​សភាអ៊ឺរ៉ុប ចូលរួម​ក្នុង​កិច្ចប្រជុំ​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ​ នៅទីក្រុង Strabourg ប្រទេស​បារំាង កាលពី​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦។

សភា​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោលនយោបាយ​កិច្ចការ​បរទេស​ និង​សន្តិសុខ​ សេវាកម្ម​សកម្មភាព​កិច្ចការ​ក្រៅ​ប្រទេស​ និង​គណៈកម្មការ​របស់​សហភាព​អឺរ៉ុប ដាក់​ចេញ​នូវ​គោល​ដៅ​ច្បាស់​លាស់​មួយ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។

សភា​សហគមន៍​អឺរ៉ុប​បាន​អនុម័ត​ចេញ​សេចក្តី​សម្រេច​មួយ ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិយាកាស​កាន់​តែ​អាក្រក់​ឡើង​សម្រាប់​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​សម្រេច​ដែល VOA ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សភា​សហគមន៍​អឺរ៉ុប​ក៏​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​ហិង្សា​នានា ​ការ​ចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ ​ការ​ឃុំឃាំង​មនុស្ស​តាម​ទំនើងចិត្ត​ ការ​ហៅ​មក​សាកសួរ ​ការ​កាត់​ទោស​ និង​ការ​ដាក់​ទោស​លើ​អ្នក​នយោបាយ​ និង​សកម្មជន​សិទ្ធិ​មនុស្ស។

សេចក្តី​សម្រេច​ដែល​មាន​ចំនួន​១៥ចំណុច​របស់​សភា​សហគមន៍​អឺរ៉ុប​ក៏​បាន​បន្ថែម​ថា​៖

«អាជ្ញាធរ​កម្ពុជា​គួរ​តែ​លុបចោល​ដីកា​ចាប់​ខ្លួន​ និង​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ទាំងអស់​ប្រឆាំងនឹង​លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ និង​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​សមាជិក​ព្រឹទ្ធសភា​ ក្នុង​នោះ​មាន​លោក​ ហុង សុខហួរ។ អំពាវនាវ​ឱ្យ​ដោះលែង​ជា​បន្ទាន់​នូវ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​ប្រាំ​នាក់​ ដែល​នៅ​ជាប់​ឃុំឃាំង​ ក្នុង​នោះ​មាន​លោក​ នី សុខា​ លោក​ ណៃ វង់ដា ​លោក ​យី សុខសាន្ត​ លោកស្រី យឹម មុន្នី ​និង​លោក​ នី ចរិយា‍»។

អ្នក​តំណាងរាស្ត្រ​សហគមន៍​អឺរ៉ុប ​បាន​បន្ថែម​ថា ​អ្នក​នយោបាយ​ សកម្មជន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់​គួរតែ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ធ្វើការ​ដោយ​សេរី​គ្មាន​ការភ័យ​ខ្លាច​ការ​ចាប់​ឃាត់​ខ្លួន​ ឬ​ការធ្វើ​ទុក្ខ​បុកម្នេញ​អ្វី​ឡើយ​ ជាពិសេស​ត្រូវ​ផ្តល់​តួនាទី​ជា​សមាជិក​សភា​ និង​ព្រឹទ្ធសភា​ជូន​លោក ​សម រង្ស៊ី លោក​ អ៊ុំ សំអាន ​និង​លោក ​ហុង សុខហួរ ​វិញ‍។

សេចក្តី​សម្រេច​របស់​សភា​សហគមន៍​អឺរ៉ុប​ ក៏​អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ពេញ​លេញ​ និង​មិន​លម្អៀង ​ដោយ​មាន​ការ​ចូលរួម​របស់​អង្គការ​សហ​ប្រជាជាតិ​លើ​សំណុំរឿង​វាយ​តប់​ទាត់​ធាក់​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរនាក់​គឺ​លោក ​ញ៉យ ចំរើន ​និង​លោក​ គង់ សភា ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​កាន់​អំណាច​កាលពី​ចុង​ឆ្នាំ​២០១៥។

បន្ថែម​ពី​លើ​នេះ​គឺ​សុំ​ឱ្យ​អាជ្ញាធរទម្លាក់​ចោល​ការចោទ​ប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​លោក ​រ៉ុង ឈុន​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​មួយ ​ដែល​កើត​ឡើង​នៅ​ផ្លូវ​វ៉េងស្រេង​កាលពី​ដើម​ឆ្នាំ​២០១៤។ ​

លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខា​ធិការ​នៃ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ បាន​ច្រាន​ចោល​សេចក្តី​សម្រេច​នេះ​ហើយ​ថា​វា​មាន​លក្ខណៈ​បង្គាប់​បញ្ជា​ដល់​ប្រជាជាតិ​អធិបតេយ្យ​មួយ៖

«ខ្ញុំ​យល់​ឃើញ​ថា ​ការ​ដែល​ចេញ​ជា​ Resolution ​(សេចក្តី​សម្រេច) ​ហ្នុង​ គ្រាន់តែ​ជា​ការ​ចាប់​អារម្មណ៍​របស់​អ្នក​តំណាងរាស្រ្ត​ អ្នក​នយោបាយ​របស់​អឺរ៉ុប​ទេ ​ក៏ប៉ុន្តែ​យើង​នឹង​ព្យាយាម​ពន្យល់​ឱ្យ​គេ​យល់​ពីព្រោះ​អ្នក​ទាំងអស់​ហ្នុង​ យើង​ជឿជាក់​ថា ​គេ​មិន​មែន​ជា​អ្នក​អាណានិគម​ត្រួតត្រា​កម្ពុជា ​ដែល​បញ្ជា​ឱ្យ​កម្ពុជា​ធ្វើ​បាន​ស្រេច​ចិត្ត​ទេ។ យើង​យល់​ថា ​ពួកគេ​ជា​ភាគី​ដៃគូ​ក្នុង​ការ​ពិភាក្សា ​ប៉ុន្តែ​ក៏​សូម​ថ្លែង​អំណរ​គុណ​ផងដែរ​ ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សភា​អឺរ៉ុប​ចំពោះ​កម្ពុជា‍»។​

លោក​ ផៃ ស៊ីផាន ​ក៏​បន្ថែម​ដែរ​ថា ​ករណី​របស់​លោក​ សម រង្ស៊ី​ គឺ​មាន​តែ​ផ្លូវ​តុលាការ​ទេ៖

«ការ​បង្គាប់​ឱ្យ​សភា​ផ្តល់​អភ័យ​ឯកសិទ្ធិ​ឱ្យ​ឯកឧត្តម ​សម រង្ស៊ី​ យើង​មិនអាច​ទទួល​យក​បាន​ទេ​ពីព្រោះ​ជា​កាតព្វកិច្ច​របស់​ឯកឧត្តម ​សម រង្ស៊ី ​ប្រឈម​នឹង​តុលាការ​ប្រឈម​នឹង​ការ​កាត់​សេចក្តី​របស់​តុលាការ ​ដែល​គាត់​ត្រូវ​តែ​សហការ​ជាមួយ​តុលាការ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ផ្ទាល់‍»។​

លោក​ សម រង្ស៊ី​ កំពុង​តែ​រស់​នៅ​និរទេស​ខ្លួនដោយ​ខ្លួន​ឯង នៅ​ប្រទេស​បារាំង ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ទោស​តាម​ផ្លូវ​តុលាការ​ ហើយ​លោក​នឹង​ធ្វើ​ដំណើរ​មក​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ​ និង​មន្ត្រី​សហរដ្ឋ​អាមេរិក​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​បន្ថែម​ទៀត។

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត​ក៏​ទទួល​រងសម្ពាធ​ពី​តុលាការ​កម្ពុជា​ដែរ​ នៅ​មុន​ពេល​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ​និង​ការបោះឆ្នោត​ជាតិ​ ត្រូវ​មកដល់​ក្នុង​ឆ្នាំ​២០១៧​ និង​២០១៨។​

លោក កឹម សុខា​ ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​បង្ខាំង​ខ្លួនឯង​នៅក្នុង​ស្នាក់ការ​គណបក្ស​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​គេច​ចេញ​ពី​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​មិន​ធ្វើ​តាម​បញ្ជា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ។

សភា​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោលនយោបាយ​កិច្ចការ​បរទេស​ និង​សន្តិសុខ​ សេវាកម្ម​សកម្មភាព​កិច្ចការ​ក្រៅ​ប្រទេស​ និង​គណៈកម្មការ​របស់​សហភាព​អឺរ៉ុប ដាក់​ចេញ​នូវ​គោល​ដៅ​ច្បាស់​លាស់​មួយ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​ឱ្យ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ស្តី​ពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ​សមាគម​ និង​ការ​ជួបជុំ ​ហើយ​យក​គោលដៅ​ទាំងនេះ​ប្រាប់​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បាន​ច្បាស់​លាស់។​

ប្រទេស​កម្ពុជា​នៅតែ​ពឹងពាក់​ជំនួយ​បរទេស​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ​ដោយ​ទទួល​កញ្ចប់​ថវិកា​ជំនួយ​ចំនួន​៤១០​លាន​អ៊ឺរ៉ូ ​ពី​សហគមន៍​អឺរ៉ុប​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​នានា​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០២០។

សភា​សហគមន៍​អឺរ៉ុប​ បាន​អំពាវ​នាវ​ដល់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ឱ្យ​កំហិត​ការ​ផ្តល់​ជំនួយ​ទាំងនេះ ​ដោយ​ផ្អែក​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG