ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គរដ្ឋអាជ្ញា​នៃ​​រដ្ឋ​ New York ថា​ការ​ស៊ើប​អង្កេត​​បណ្តុំ​ក្រុមហ៊ុន​លោក Trump​ បាន​ក្លាយ​ជា​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ


រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក​​លោក Donald Trump សម្របសម្រួល​ការ​ប្រជុំ​មួយ​អំពី​ការ​បើក​សាលារៀន​ឡើង​វិញ​ក្នុង​សម័យ​​រាតត្បាត​​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២០។
រូប​ឯកសារ៖ អតីត​ប្រធានាធិបតី​អាមេរិក​​លោក Donald Trump សម្របសម្រួល​ការ​ប្រជុំ​មួយ​អំពី​ការ​បើក​សាលារៀន​ឡើង​វិញ​ក្នុង​សម័យ​​រាតត្បាត​​ជំងឺ​កូវីដ១៩ នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២០។

ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​ New York​ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ថា​ខ្លួន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​ទៅ​លើ​ជំនួញ​របស់​អតីត​ប្រធានាធិបតី Donald Trump ដោយ​ពង្រីក​ចេញ​ពី​ការ​ស៊ើប​អង្កេត​រដ្ឋប្បវេណី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក Fabien Levy អ្នក​នាំពាក្យ​របស់​អ្នកស្រី Letitia James ​អគ្គ​រដ្ឋអាជ្ញា​បាន​និយាយ​នៅ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖ «យើង​បាន​ជូន​ដំណឹង​ដល់​បណ្តុំ​ក្រុមហ៊ុន​របស់លោកTrump (Trump Organization) ថា​ការ​ស៊ើប​អង្កេត​របស់​យើង​ចំពោះ​ក្រុមហ៊ុន​លែង​ជា​ករណី​រដ្ឋប្បវេណី​សុទ្ធសាធ​ហើយ។ ឥឡូវ​នេះ​យើង​កំពុង​ស៊ើប​អង្កេត​យ៉ាង​សកម្ម​លើ​អង្គការ​លោកTrumpនៅ​ក្នុង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​រួម​ជាមួយ​រដ្ឋអាជ្ញា​សង្កាត់ Manhattan»។

អ្នក​ស៊ើប​អង្កេត​របស់​អ្នកស្រី​អគ្គរដ្ឋអាជ្ញា​កំពុង​ធ្វើ​ការ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់​Manhattan​ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​លើ​លោក​Trump​និង​ក្រុមហ៊ុន​របស់​លោក​គឺ​Trump Organization ​អស់​រយៈពេល​ពីរឆ្នាំ​មក​ហើយ។

ទាំង​អ្នកស្រី James អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​New York​ និង​លោក Cyrus Vance Jr. រដ្ឋអាជ្ញា​សង្កាត់​Manhattan ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ។ ការិយាល័យ​របស់​អ្នកស្រី James មិន​បាន​ផ្តល់​ការ​ពន្យល់​អ្វី​អំពី​កត្តាដែល​ការិយាល័យ​នេះ​សម្រេច​ផ្លាស់ប្តូរ​ឱ្យ​ទៅ​ជា​ការ​ស៊ើប​អង្កេត​បែប​ព្រហ្មទណ្ឌ និង​ហេតុ​អ្វី​បាន​សម្រច​ប្រកាសអំពី​ការ​ផ្លាស់​ប្តូរ​នេះ​ជា​សាធារណៈ​នោះ​ទេ៕

XS
SM
MD
LG