ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​អាមេរិក​គ្រោង​បើក​សវនាការ​មួយ​ចំនួន​ទាក់ទិន​នឹង​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក Trump


អគារ​របស់​តុលាការ​កំពូល​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ២០១៩។
អគារ​របស់​តុលាការ​កំពូល​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃទី​២៣ ខែឧសភា​ ឆ្នាំ២០១៩។

ឆ្នាំ ២០១៩ គឺ​ជា​ឆ្នាំ​ដែល​មាន​សំណុំ​រឿង​មួយ​ចំនួន​ដែល​ចង់​ឲ្យ​មាន​ការ​បង្ហាញ​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក​ប្រធានាធិបតី Donald Trump តាម​រយៈ​ការ​ចេញ​ដីកា​ពី​សភា និង​រដ្ឋអាជ្ញា​ក្រុង New York។

នៅ​ក្នុង​ឆ្នាំ ២០២០ នេះ តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង ៣ ក្នុង​ចំណោម​សំណុំ​រឿង​ទាំង​នោះ ដោយ​សវនាការ​ជជែក​ដេញដោល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​មិនា​ខាង​មុខ​នេះ។

លោក Todd Belt ដែល​បង្រៀន​ផ្នែក​នយោបាយ​ប្រធានាធិបតី​នៅ​សាកល​វិទ្យាល័យ George Washington និយាយ​ថា៖ «នេះ​គឺ​ការ​ព្យាយាម​ស្វែងរក​ថា​តើ​លោក Trump មាន​លុយ​នៅ​ទី​ណា​ខ្លះ និង​មាន​ចំនួន​ប៉ុន្មាន ក៏​ដូចជា​ស្វែង​យល់​ផង​ដែរ​អំពី​ការ​ក្ស័យ​ធន​របស់​លោក របៀប​ធ្វើ​អាជីវកម្ម​របស់​លោក និង​ភាព​ស្មោះត្រង់​របស់​លោក​ជាមួយ​នឹង​ពលរដ្ឋ​អាមេរិកាំង»។

គណបក្ស​ប្រជាធិបតេយ្យ​បាន​ទាមទារ​ជា​យូរ​មក​ហើយ​ឲ្យ​មាន​ការ​បង្ហាញ​ឯកសារ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក Trump ដើម្បី​ពិនិត្យ​មើល​ថា​តើ​លោក​មាន​ទំនាស់​ផល​ប្រយោជន៍​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​ទាក់ទង​នឹង​បរទេស តើ​លោក​មាន​បាន​បន្លំ​អំពី​ពន្ធ​លើ​ប្រាក់​ចំណូល​របស់​លោក និង​តើ​លោក​មាន​បាន​ទទួល​ប្រយោជន៍​ពី​ផែនការ​កែ​សម្រួល​ការ​ប្រកាស​ពន្ធ​លើ​ប្រាក់​ចំណូល​ឆ្នាំ ២០១៧ របស់​លោក​ដែរ​ឬ​ក៏​អត់។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​និយាយ​ថា៖ «សូម​បង្ហាញ​ឯកសារ​ពន្ធ​លើ​ប្រាក់​ចំណូល​មក»។

ស្រប​ពេល​នេះ​ដែរ សំណុំ​រឿង​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ថា សណ្ឋាគារ Trump International Hotel នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​រំលោភ​លើ​ខ​នៃ​ច្បាប់​ដែល​ចែង​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ស៊ី​សំណូក​សូកប៉ាន់ ឬ​ក៏​ខ​ដែល​មាន​ចែង​អំពី​ប្រាក់​បៀវត្សរ៍។

លោក Robert Weismann នៃ​អង្គការ​តស៊ូ​មតិ Public Citizen បាន​និយាយ​ថា៖ «ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​រៀបចំ​ពិធី​អធិកអធម​ដ៏​ធំ​មួយ​នៅ​សណ្ឋាគារ Trump International Hotel ដូច្នេះ​លោក​ប្រធានាធិបតី​ដឹង​ថា ពួកគេ​បាន​រៀបចំ​ពិធី​នេះ។ ករណី​នេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដូច​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​បង្កើត និង​អ្នក​តាក់តែង​រដ្ឋធម្មនុញ្ញ​ដំបូង​ដូច្នេះ​ដែរ។ ការ​ព្រួយ​បារម្ភ​នោះ​គឺ តើ​រដ្ឋាភិបាល​បរទេស​មាន​បាន​ផ្គាប់ផ្គុន​លន់តួ​តាម​លោក​ប្រធានាធិបតី ដោយ​ការ​ផ្ដល់​អំណោយ​ឲ្យ​លោក​ដែរ​ឬ​ទេ?»

នៅ​ពេល​ដែល​លោក Trump បាន​ចូល​កាន់​តំណែង លោក​បាន​ធ្វើ​ខុស​ពី​ទម្លាប់​កន្លង​មក និង​បាន​បដិសេធ​មិន​ព្រម​ដក​ខ្លួន​ចេញ​ពី​អាជីវកម្ម​របស់​លោក។ លោក​បាន​បដិសេធ​ថា លោក​មិន​បាន​ប្រើ​អំណាច​ជា​ប្រធានាធិបតី​របស់​លោក​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ និង​នៅតែ​បន្ត​ប្រើ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ដើម្បី​គោល​បំណង​នយោបាយ។

នៅ​ត្រី​មាស​ទី ៣ នៃ​ឆ្នាំ ២០១៩ អ្នក​រៃ​អង្គាស​ថវិកា​នៅ​កន្លែង​អចលនទ្រព្យ​របស់​លោក Trump រៃ​អង្គាស​ប្រាក់​បាន​ចំនួន ១២៥ លាន​ដុល្លារ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឆ្នាំ ២០២០ របស់​លោក Trump និង​សម្រាប់​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ។

លោក Trump បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​សណ្ឋាគារ​ជា​ច្រើន​នៅ​គ្រប់​កន្លែង​ទាំង​អស់ ហើយ​មនុស្ស​បាន​ប្រើ​សណ្ឋាគារ​ទាំង​នោះ ដោយសារតែ​វា​ជា​សណ្ឋាគារ​ល្អ​បំផុត»។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន អ្នក​រិះគន់​មួយ​ចំនួន​បាន​រិះគន់​លោក​អនុ​ប្រធានាធិបតី Mike Pence យ៉ាង​ខ្លាំង​ថា​បាន​ស្នាក់នៅ​ក្នុង​រមណីយដ្ឋាន​របស់​លោក Trump នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទៅ​កាន់​ប្រទេស​អៀរឡង់។

ហើយ​កាល​ពី​ខែ​តុលា ឆ្នាំ​មុន បន្ទាប់ពី​មាន​ប្រតិកម្ម​ប្រឆាំង​ខ្លាំងក្លា​មក លោក Trump បាន​លះបង់​ចោល​គម្រោង​រៀបចំ​កិច្ច​ប្រជុំ G7 ឆ្នាំ ២០២០ នៅ​ឯ​រមណីយដ្ឋាន​កម្សាន្ត​របស់​លោក​ក្នុង​ទីក្រុង Miami រដ្ឋ Florida។

នៅ​ខែ​ដដែល​នោះ ក្រុមហ៊ុន​អចលនទ្រព្យ Trump Organization របស់​លោក បាន​បញ្ជាក់​ថា ខ្លួន​ពិចារណា​លក់​សិទ្ធិ​ជួល​របស់​សណ្ឋាគារ Trump Hotel នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​មួយ​ផ្នែក​គឺ​បណ្ដាល​មក​ពី​មាន​ការ​ព្រួយ​បារម្ភ​រឿង​ក្រម​សីលធម៌។

ប៉ុន្តែ សណ្ឋាគារ​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​អគារ​មួយ​ដែល​កាន់កាប់​ដោយ​ទីភ្នាក់ងារ​រដ្ឋបាល​សេវាកម្ម​ទូទៅ របស់​រដ្ឋាភិបាល​សហព័ន្ធ។ ការ​លក់​នេះ​ប្រហែលជា​បង្កើត​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​បន្ថែម​ទៀត។

លោក Rudy Mehbani នៃ​វិទ្យាស្ថាន​គោល​នយោបាយ​សាធារណៈ Brennan Center និយាយ​ថា៖ «ឥឡូវ​នេះ យើង​ឃើញ​ថា មិន​មាន​ប្រព័ន្ធ​ការពារ​រវាង​សេតវិមាន និង​ទីភ្នាក់ងារ​រដ្ឋបាល​សេវា​ទូទៅ​នោះ​ទេ។ ដូច្នេះ គេ​អាច​មាន​ចម្ងល់​អំពី​សកម្មភាព​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ណា​មួយ​ដែល​អាច​កើត​ឡើង»។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន លោក Trump បាន​ចំណាយ​ថវិកា ២ លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ពាក្យ​បណ្ដឹង​មួយ ដែល​ចោទ​ប្រកាន់​លោក​ថា​បាន​ប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​ថវិកា​ដែល​ក្រុម​សប្បុរសធម៌​របស់​លោក​រៃ​អង្គាស​បាន ដើម្បី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG