ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​អនុម័ត​ការ​ស៊ើបអង្កេត​ការ​វាយ​ប្រហារ​នៅ​វិមាន​សភា​


ក្រុម​កម្លាំង​សន្តិសុខ​ប៉ះទង្គិច​ជាមួយ​កុបករ​គាំទ្រ​​លោក​អតីត​ប្រធានាធិបតី​ Donald Trump ដែល​វាយ​សម្រុក​ចូល​វិមាន​សភា​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១។

តំណាងរាស្ត្រអាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​អនុម័ត​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ការ​បះបោរ​នៅ​វិមាន​សភា​កាលពី​ថ្ងៃ​ទី​៦​ខែ​មករា​នៅ​ពេល​អ្នក​គាំទ្រលោក​អតីត​ប្រធានាធិបតី Donald Trumpព្យាយាម​រារាំង​មិន​ឲ្យ​សមាជិក​សភា​បញ្ជាក់​ថា​លោក​ចាញ់​លោកJoe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា។

រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ចូលរួម​ដោយ​អ្នក​សាធារណរដ្ឋ​៣៥​រូប​បាន​បោះឆ្នោត​ដោយ​មាន​សំឡេង​២៥២ ​ទល់នឹង​១៧៥​ដើម្បី​បង្កើត​គណៈកម្មការ​នេះ​ដែល​ស្រដៀង​នឹង​គណៈ​កម្មការ​ស៊ើប​អង្កេត​ការ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​ដោយ​ក្រុម​ភេរវកម្ម​អាល់កៃដា​កាលពី​ឆ្នាំ​២០០១។

ប៉ុន្តែ​អនាគត​នីតិកម្ម​នេះ​នៅមិន​ប្រាកដ​នៅ​ឡើយ​នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​បែក​ខ្ញែក​គ្នា​ផ្នែក​នយោបាយ។ លោក Mitch McConnell មេ​ដឹកនាំ​គណបក្ស​សាធារណរដ្ឋនៅ​ក្នុង​ព្រឹទ្ធសភា​កាលពី​ថ្ងៃពុធ​បាន​និយាយ​ថា លោកប្រឆាំង​គណៈ​កម្មការ​នេះ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពីលោក​បាន​និយាយ​ថា លោក​បើក​ចំហ​ចំពោះ​គំនិត​នេះ។ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​ពី​គណបក្ស​សាធារណ​រដ្ឋ​យ៉ាង​តិច​១០​នាក់​ក្នុង​ព្រឹទ្ធសភា​ដើម្បី​បង្កើត​គណៈកម្មការ​នេះ។

សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​រាប់សិប​នាក់​ដែល​ភាគច្រើន​ស្មោះ​ត្រង់​នឹង​លោក ​Trump បាន​សម្តែង​ការ​ប្រឆាំង​នឹង​ការ​បង្កើត​គណៈ​កម្មាធិការ​នេះ​ដែល​ជៀស​មិនរួច​នឹង​បង្ហាញ​ពី​តួនាទី​របស់​លោក​ទាក់​ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី ៦​ ខែ​មករា​ នៅ​ការ​ជួបជុំ​នៅ​ខាង​ក្រៅ​សេតវិមាន​មួយ​ម៉ោង​មុន​ភាព​វឹកវរ​នៅ​សភា៕

XS
SM
MD
LG