លោក Kevin McCarthy ដែលជាសមាជិកសភាតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ California បាននិយាយថាលោកជំទាស់នឹងការស៊ើបអង្កេតថ្មីអំពីចលាចលនៅវិមាន Capitol ដែលបានបណ្តាលឱ្យមនុស្សប្រាំនាក់ស្លាប់និងមនុស្សរាប់សិបនាក់ទៀតត្រូវរបូស មួយផ្នែកពីព្រោះលោកមានជំនឿថាការស៊ើបអង្កេតណាមួយគួរតែពិនិត្យមើលអំពើហិង្សានយោបាយឯទៀតៗក្នុងសហរដ្ឋអាមេរិកកាលពីប៉ុន្មានឆ្នាំកន្លងទៅដែរ។
មនុស្សប្រមាណ៨០០នាក់ដែលជាច្រើននាក់មានពាក់មួកនិងអាវបង្ហាញការគាំទ្រលោក Trump បានទម្លាយខ្សែការពាររបស់ពួកប៉ូលិសចូលក្នុងវិមានសភា Capitol នៅពេលសមាជិកសភាទើបចាប់ផ្តើមរាប់សន្លឹកឆ្នោតរបស់អង្គបោះឆ្នោតដែលបញ្ជាក់ថាលោក Biden បានឈ្នះលោក Trump។ ពីរសប្តាហ៍បន្ទាប់មក លោក Biden បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីទី៤៦នៃសហរដ្ឋអាមេរិក។
ពួកកុបករខ្លះបានបំបែកកញ្ចក់ទ្វារនិងបង្អួចហើយបានកាន់កាប់សាលប្រជុំទាំងពីររបស់សភានិងការិយាល័យសមាជិកសភានៅជិតខាង។កុបករជាង៤០០នាក់ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌហើយពួករដ្ឋអាជ្ញាកំពុងតែធ្វើការស៊ើបអង្កេតតទៅទៀត។
សមាជិកសភាតំណាងរាស្ត្រមួយក្រុមដែលមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋបានយល់ស្របគ្នាកាលពីពាក់កណ្តាលខែឧសភាអំពីទម្រង់និងទំហំនៃគណៈកម្មការស៊ើបអង្កេតអំពីមូលហេតុនិងវិធីបះបោរនោះ។ លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងនិងជាមេដឹកនាំក្រុមភាគច្រើនខាងគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភាបានទទួលសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ដើម្បីបង្កើតគណៈកម្មការនេះនៅក្នុងការបោះឆ្នោតនៅថ្ងៃពុធ។ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះមិនប្រាកដជាមានការយល់ព្រមក្នុងព្រឹទ្ធសភាដែលមានការខ្វែងគំនិតគ្នាខ្លាំងខាងនយោបាយនោះទេ។
លោក McCarthy បាននិយាយថាគណៈកម្មាធិការសភាមួយចំនួនបានស៊ើបអង្កេតហើយអំពីព្រឹត្តិការណ៍ជុំវិញថ្ងៃទី៦មករានៅពេលដែលលោកTrump បានអំពាវនាវក្រុមអ្នកគាំទ្រលោក នៅក្នុងការប្រមូលផ្តុំនយោបាយមួយនៅជិតសេតវិមាន ឱ្យដើរទៅកាន់វិមានសភា Capitol ដើម្បីប្រឈមនឹងក្រុមសមាជិកសភា។ អតីតប្រធានាធិបតីរូបនេះនៅតែនិយាយទទូចតទៅទៀតថាលោកបានជាប់ឆ្នោតនៅក្នុងការឈរឈ្មោះបោះឆ្នោតជាថ្មីហើយមិនដែលបានហៅទូរស័ព្ទទៅលោក Biden ដើម្បីទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះឡើយ។
លោក McCarthy បានថ្លែងថារបៀបវារៈរបស់គណៈកម្មការណាមួយគួរមានរួមបញ្ចូលការស៊ើបអង្កេតអំពីអំពើហិង្សានយោបាយឯទៀតៗនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
លោក McCarthy បាននិយាយថា៖ «ការផ្តោតការយកចិត្តទុកដាក់ជាថ្មីរបស់គណបក្សប្រជាធិបតេយ្យនៅពេលនេះដើម្បីបង្កើតគណៈកម្មការបន្ថែមមួយទៀតមិនបានអើពើដល់អំពើហិង្សានយោបាយដែលបានកើតឡើងក្នុងទីក្រុងនានានៃប្រទេសអាមេរិកដូចជាការវាយប្រហារលើសមាជិកសភាខាងគណបក្សសាធារណរដ្ឋដែលកំពុងហ្វឹកហ្វឺនកីឡាbaseball កាលពីប៉ុន្មានឆ្នាំកន្លងទៅ និងការវាយប្រហារលើប៉ូលិសវិមានសភាCapitol កាលពីថ្ងៃទី២ខែមេសាឆ្នាំ២០២១ដែលបណ្តាលឲ្យប៉ូលិសម្នាក់ស្លាប់ជាដើម។ លោកMcCarthyថ្លែងថាមិនអាចមានការអត់ឱនចំពោះអំពើហិង្សាខាងនយោបាយក្នុងសង្គមអាមេរិកាំងទេហើយមិនត្រូវមើលរំលងទេ»។
ខណៈដែលការរាយការណ៍ព័ត៌មានប្រចាំថ្ងៃមិនបាននិយាយច្រើនដូចមុនអំពីព្រឹត្តិការណ៍ពីថ្ងៃទី៦ ខែមករា សមាជិកគណបក្សសាធារណរដ្ឋខ្លះមិនបានផ្តល់សារៈសំខាន់ដល់ភាពធ្ងន់ធ្ងរនៃហេតុការណ៍នោះទេ។ កាលពីពាក់កណ្តាលខែឧសភា សមាជិកសភាម្នាក់បានហៅពួកអ្នកលុកចូលក្នុងវិមានសភាCapitol ថាដូចជាពួកទេសចរដែលទៅទស្សនាអគារនោះដែរ។
ក៏ប៉ុន្តែក្រុមអ្នកប្រឆាំងខាងនយោបាយនឹងលោក Trump និយាយថាពួកគេយល់ឃើញថាការវាយប្រហារនោះជាការវាយលុកប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យហើយសង្ឃឹមថាការស៊ើបអង្កេតរបស់គណៈកម្មការនេះនឹងរកឱ្យឃើញមុខនាទីរបស់លោក Trump ក្នុងការបង្កអំពើហិង្សានោះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ