ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នួន ជា ​និង​ទំនាក់​ទំនង​ដ៏​ស្មុគ្រ​ស្មាញ​ជាមួយ​ព្រះពុទ្ធ​សាសនា


រូបឯកសារ៖ នួនជាដៃស្ដាំរបស់ប៉ុលពតនៃរបបខ្មែរក្រហមបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅសាលាក្តីខ្មែរក្រហម នៅជាយក្រុងភ្នំពេញ ថ្ងៃទី៤ កុម្ភៈ ២០០៨។​ (REUTERS/Chor Sokunthea)
រូបឯកសារ៖ នួនជាដៃស្ដាំរបស់ប៉ុលពតនៃរបបខ្មែរក្រហមបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅសាលាក្តីខ្មែរក្រហម នៅជាយក្រុងភ្នំពេញ ថ្ងៃទី៤ កុម្ភៈ ២០០៨។​ (REUTERS/Chor Sokunthea)

នៅ​ពេល​ដែលលោក​ នួន ជា ​ស្លាប់ ​ក្រុម​គ្រួសារ​របស់​លោក​បាន​ធ្វើ​ពិធី​បុណ្យ​សព​ជូន​លោក​តាម​លក្ខណៈ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ពេញលេញ ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន។​ ប៉ុន្តែ​ព្រះ​ភិក្ខុ​មួយ​អង្គ​បាន​រំឭក​ឡើង​ថា ​ក្នុង​ពេល​ដែល​លោក​កាន់​អំណាច​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​ព្រះអង្គ​ត្រូវ​ផ្សឹក​ដោយ​បង្ខំ។ ​ហើយ​សាសនា​ផ្សេងៗ​ក៏​ត្រូវ​កម្ទេចចោល​ដែរ។​ ដោយ​ឡែក ​សមាជិក​គ្រួសារ​របស់​លោក​នួន ជា​អះអាង​ថា​ ​លោកគឺជា​អ្នក​ប្រណិបត្តិ​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ជាប់​លាប់។​

ព្រះ​តេជគុណ​ ឡាត់​ ​ឡន ធ្លាប់​ត្រូវ​បាន​អង្គការ​ខោអាវ​ខ្មៅ​របស់​ពួក​ខ្មែរក្រហម​ចាប់​ផ្សឹក​មុន​ពេល​ដែល​ក្រុម​កុម្មុយនិស្ត​ម៉ៅនិយម​នេះ​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧ខែមេសា​ឆ្នាំ​១៩៧៥។​

ក្នុង​ឆ្នាំ​១៩៧២​ ​ពេល​ដែល​កងទ័ព​ខ្មែរក្រហម​ដណ្ដើម​កាន់កាប់​បាន​ស្រុក​ជីក្រែង​ ​ខែត្រ​សៀមរាប​ពី​របប​សាធារណ​រដ្ឋ​ខ្មែរ​ ​ព្រះភិក្ខុ​អង្គ​នេះ​ ​ដែល​គង់​ជា​ព្រះសង្ឃ​នៅ​ឡើយ​ ​ត្រូវ​បាន​ខ្មែរក្រហម​បង្ខំ​ឱ្យ​សឹក​ ​បន្ទាប់ពី​សាង​ផ្នួស​បាន​៥​ព្រះ​វស្សា។​

«គេ​វាយ​ដាច់​ទៅ​ ​គេ​ឱ្យ​សឹក​ទៅ‍!​ ​នៅ​ធ្វើជា​កម្មករតាម​ក្រុម​សហករណ៍។​ ​សឹក​ហើយ​បាន​គ្រួសារ​ធ្វើការងារ​ពលកម្ម​ ​ជីក​ប្រឡាយ​រែក​ដី។​ ​អង្គការ​គេ​មាន​របប​ឱ្យ​ស៊ី​ ​ហូប​តែ​បបរ»។​

ព្រះភិក្ខុ​ ​ឡាត់​ ​ឡន​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​នៅ​វត្ត​ទេព​ពោធិ​វង្ស​ ​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)
ព្រះភិក្ខុ​ ​ឡាត់​ ​ឡន​ ​ផ្ដល់​បទ​សម្ភាស​ដល់VOA​ ​នៅ​វត្ត​ទេព​ពោធិ​វង្ស​ ​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​កាលពី​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​ ​(អូន​ ​ឆេង​ប៉រ​/​VOA)

ព្រះ​តេជគុណ​ ​ឡាត់ ឡន​ ​ព្រះជន្ម​៧២​វស្សា​គឺជា​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម​ព្រះសង្ឃ​ព្រះពុទ្ធ​សាសនា​រាប់ពាន់​អង្គ​ទៀត​ដែល​ត្រូវ​អង្គការ​កុម្មុយនិស្ត​របស់​ខ្មែរ​ក្រហម​ចាប់​ផ្សឹក​ដោយ​បង្ខំ​ ​ឬ​ត្រូវ​ធ្វើ​គត់​នៅពេល​ដែល​ព្រះ​សង្ឃ​មិន​លាចាក​សិក្ខាបទ​តាម​បញ្ជា​របស់​ពួក​ខ្មែរក្រហម​នោះ​ទេ។​

របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ដែល​គ្រប់គ្រង​អំណាច​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ត្រូវ​គេ​ដឹង​ថា​ ​បាន​បំផ្លាញ​វត្តអារាម​ ​និង​បំបិទ​សាសនា​ទាំងអស់​ មិន​ឲ្យ​មាន​ជំនឿ​គ្រប់​បែប​យ៉ាង។​ ​ប្រជា​ពលរដ្ឋ​ត្រូវ​ជម្លៀស​ចេញពី​ស្រុកភូមិ​ដើម្បី​ទៅ​រស់នៅ​ក្នុង​សហករណ៍​ប្រមូល​ផ្តុំ​ ​បរិភោគ​រួម​និង​ធ្វើការ​រួម។

វត្តអារាម​ជាច្រើន​ត្រូវ​បាន​ប្រែក្លាយ​ទៅជា​មន្ទីរ​ឃុំឃាំង ​ឬ​ត្រូវ​កម្ទេចចោល​ទាំង​ស្រុង។​

ប៉ុន្តែ​លោក នួន ជា​ ​ដែល​ជា​មេ​មនោគមវិជ្ជា​របស់​របប​ខ្មែរក្រហម​និង​ជា​អ្នក​ដឹកនាំ​កំពូល​ខ្ពស់​បំផុត​លំដាប់​ទី២​នៃ​របប​នេះ​បន្ទាប់ពី​ប៉ុល​ ​ពត​ ​កាលពី​នៅ​រស់​ មិន​បាន​ទទួល​ស្គាល់​ពី​ការ​បំផ្លាញ​ព្រះពុទ្ធ​សាសនា​នោះ​ទេ។​ ​ប៉ុន្តែ​លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចេតនា​មួយ​ដែល​របប​គ្រប់គ្រង​របស់​លោក​ចង់​ឲ្យ​ព្រះ​ពុទ្ធ​សាសនា​វិល​ត្រឡប់​ទៅ​កាន់​សម័យ​ព្រះ​ពុទ្ធ​កាល។​

អំឡុង​សវនាការ​ផ្ដល់​សក្ខីកម្ម​ ​ក្នុង​សំណុំ​រឿង​០០២/០១​ ​នៅ​សាលាក្ដី​ខ្មែរក្រហម​កាលពី​ថ្ងៃទី​១៥ខែធ្នូឆ្នាំ​២០១១​ ​លោក​ ​នួន ជា​ ​ដែល​មាន​ឈ្មោះ​កំណើត​ថា​ ​ឡៅ​ ​គីមរន​ ​ធ្លាប់​បាន​ថ្លែង​ថា៖

«អ្នក​ខ្លះ​ដែល​ចោទ​ថា​ ​កម្ពុជា​ប្រជា​ធិបតេយ្យ​បំផ្លាញ​ព្រះ​ពុទ្ធ​សាសនាមក​ពី​ពួក​គេ​មិន​បាន​យល់​ខ្លឹមសារ​និងបេះដូង​របស់​ព្រះពុទ្ធ​សាសនា»។​

ខ្លឹមសារ​របស់​ព្រះពុទ្ធ​សាសនា​ដែល​បងធំ​ទី២​នៃ​របប​ខ្មែរក្រហមអះអាង​នោះ​គឺថា​«កាលពី​សម័យ​ព្រះ​មិន​មាន​កុដិ​សម្រាប់ព្រះសង្ឃ​នោះ​ទេ។​ ​ហើយ​ព្រះ​ពុទ្ធ​ប្រសូតិ​ក្នុង​ព្រៃ​ ​ត្រាស់​ដឹង​នៅក្នុង​ព្រៃ​ទេ។​ ​ដូច្នេះ​បក្ស​កុម្មុយនិស្ត​របស់​ខ្មែរក្រហម​មិន​បាន​ចាត់​វិធាន​ការ​បំបិទ​សាសនា​នោះ​ទេ»។​

លោក ​នួន ជា បាន​បន្ថែម​ថា​ ​នៅ​សម័យ​ព្រះពុទ្ធអង្គ​«គ្មាន​ព្រះសង្ឃ​ទេ»​ ​ហើយ​«បេះដូង​របស់​ព្រះពុទ្ធ​សាសនា​គឺ​សីល​ ​សមាធិ​បញ្ញា។​ ​នេះ​ដែល​អនុវត្ត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ មិន​មែន​វត្ត​អារាម​ជា​សំខាន់​ទេ។​ ​វត្ត​អារាម​គ្រាន់តែ​ជា​បូជនីយដ្ឋាន»។​

តែ​ទោះ​ជាយ៉ាងណា​ នៅ​ពេល​ដែល​នួន ជាស្លាប់​ ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​បាន​អះអាង​ថា ​លោក​គឺ​ជា​ពុទ្ធ​សាសនិក​យ៉ាង​ជាប់លាប់​ម្នាក់​មុន​ត្រូវ​ចាប់​ខ្លួន​យក​ទៅកាត់​ទោស​ដោយ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ឬ​ដែល​គេ​ស្គាល់​ថា​ ជា​តុលាការ​ខ្មែរក្រហម​នោះ។​

លោក ​នួន ជា បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៤​សីហា​កន្លង​ទៅ​នា​ជន្មាយុ​៩៣​ឆ្នាំ។​ ​លោក​ត្រូវ​គេ​ដឹង​ថា​ បាន​ព្យាយាម​តស៊ូ​ជួយ​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​បង្កើត​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​លោក​ ​នៅ​ខេត្ត​ប៉ៃលិន​ជាប់​ព្រំដែន​ថៃ។​

ពិធីបុណ្យ​សព​របស់​លោក នួន ជា ត្រូវ​បាន​ធ្វើ​ឡើង​តាម​ពិធី​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ពេញ​លេញ​ ដោយ​មាន​ព្រះ​សង្ឃ​សូត្រធម៌​ឧទ្ទិស​កុសល​ ខុស​ពី​កាលពី​ស្ថិត​ក្នុង​របប​ខ្មែរក្រហម​ដែល​លោក​កាន់​កាប់​អំណាច​ ​ដែល​នៅ​ពេល​នោះ​ប្រជាជន​កម្ពុជា​ត្រូវ​បាន​សម្លាប់​ ​ហើយ​សាកសព​របស់​ពួក​គេ​ត្រូវ​បោះ​ចោល​ដូច​ហ្វូង​សត្វ ​ដោយ​ពុំ​មាន​ពិធី​សាសនា​ណាមួយ​ធ្វើឡើង​ដើម្បី​ជា​កិច្ច​ផ្តល់​កុសល​ដល់​ព្រលឹង​ជន​រង​គ្រោះ​ទាំង​នោះ​ទេ។​

ជន​រង​គ្រោះ​ដែល​មាន​យ៉ាង​ហោច​ណាស់​ចំនួន​១,៧​លាន​នាក់​ត្រូវ​បាន​សម្លាប់​និង​បាន​ស្លាប់​ក្នុង​របប​គ្រប់គ្រង់​របស់​នួន ជា​ ​ លោកប៉ុល ពត​ ​និង​លោក​ខៀវ សំផន។​

អ្នកស្រី​ ​ឡៅ ជាលីនដា​ ​កូនស្រី​របស់​លោក​នួន ជាបាន​ថ្លែង​ប្រាប់​ VOA​ ​ថា​ ​ឪពុក​របស់​អ្នកស្រី​ជា​អ្នក​មាន​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា។

«តាម​ខ្ញុំ​ដឹង​ ​ក៏​គាត់​មាន​អ៊ីចឹង​ដែរ!​ ​ពេល​យន្តហោះ​ទម្លាក់​ ពេល​អីអ៊ីចឹង​ហ្អា​ ​យក​ដី​រោយក្បាល​រួញ​អី។​ ​អាហ្នឹង​គឺ​គាត់​និយាយ​អ៊ីចឹង។​ ​មាន​ពិតមែន​ ​ចា៎។​ ​ចា៎​ ​ចា៎​ ​ជឿ​[លើ​ផ្លូវ​ងងឹត]​ខ្លះ​ ​តែ​គាត់​របៀប​មិន​ងប់​ងល់​ណាស់​ណា​ទេ​ ​ចា៎​ ​ជឿ​ខ្លះ!​ ​ចា៎។ គាត់​ច្រើន​តែ​និយាយ​ថា​ ​យើង​ជា​ពុទ្ធ​បរិស័ទ​ ​ដូច​ថា ​យើង​ត្រូវ​គោរព​ធ្វើ​តាម​ព្រះពុទ្ធ​ ​ព្រោះ​យើង​ជា​ជនជាតិ​ខ្មែរ​ ​អា​ស៊ី​ហ្អា។​ ​យើង​ត្រូវតែ​គោរព​ព្រះពុទ្ធ​ ​ហើយគាត់​និយាយ​អ៊ីចឹង។​ ​ប៉ុន្តែ​គ្រប់​សាសនា​ទាំងអស់គឺ​បង្រៀន​មនុស្ស​ឱ្យ​ល្អ​ទាំងអស់។ ​ ​គាត់​និយាយ​អ៊ីចឹង​ ​ចា៎ ​សំខាន់​លើ​មនុស្ស​អនុវត្ត​ មិន​អនុវត្ត​តែ​ប៉ុណ្ណឹង​ ​ទេ»។​

អ្នកស្រី ឡៅ ជាលីនដា (អាវស) ឈរស្វាគមន៍ភ្ញៀវមកចូលរួមបុណ្យសព លោក នួន ជា ជាឪពុក នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
អ្នកស្រី ឡៅ ជាលីនដា (អាវស) ឈរស្វាគមន៍ភ្ញៀវមកចូលរួមបុណ្យសព លោក នួន ជា ជាឪពុក នៅវត្តព្រំគីរីមរកត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

នៅពេល​ត្រូវ​បាន​សួរ​ថា​ ​ហេតុអ្វី​បាន​ជា​លោក​នួន ជាក្នុងនាម​ជា​«ពុទ្ធ​បរិស័ទ»​មួយ​រូប​ដែរ​ ​តែ​គេ​បែរ​ជា​មិន​ឃើញ​មាន​ការ​ប្រណិបត្តិ​សាសនា​អ្វី​ក្នុង​របប​គ្រប់​គ្រង​របស់​លោក​ ​អ្នកស្រី​ ​ឡៅ ជាលីនដា​ ​បាន​លើក​ឡើង​ថា៖​

​«ខ្ញុំ​ឆ្ងល់​ដែរ។​ ​ខ្ញុំ​ក៏​អត់​ដឹង​ពី​បញ្ហា​ហ្នឹង!​ ​អត់​ ​[​គាត់​]​អត់​ដែល​ប្រាប់​សោះ​ ​ចា៎។​ ​អត់​ដែល​សោះ​ ​អត់​ដែល​និយាយ​ ចា៎! ប៉ុន្តែ​ក្រោយៗ​មក​ ​គាត់​ច្រើន​និយាយ​ដែរ។​ ​គាត់​ថា​ ​អឺ​ ​គាត់​ចង់ឱ្យ​រៀបចំ​ឱ្យ​មាន​ឡើង​វិញ​ដែរ​ ​ប៉ុន្តែ​មិន​ទាន់។​ ​គាត់​និ​យាយ​អ៊ីចឹង​ហ្អា​ ​រយៈពេល​ខ្លី​ពេក។​ ​គាត់​និយាយ​អ៊ីចឹង។​ ​គាត់​ចង់​រៀបចំ​ឱ្យ​មាន​ឡើង​វិញ​ ​ចា៎​ ​ចា៎»។​

អ្នកស្រី​ លី គីម​សេង​ ​ជា​ភរិយា​របស់​លោក​នួន ជាបាន​បញ្ជាក់​បន្ថែម​រឿង​នេះ​ ដោយនិយាយ​ថា​ ​អតីត​មេ​ខ្មែរ​ក្រហម​រូប​នេះ​តែងតែ​នឹក​រំឭក​គុណ​ព្រះពុទ្ធ​ព្រះ​បរមគ្រូ​ ​រាល់​ពេល​រៀបចំ​ដំណេក​ម្ដងៗ។​ ​អ្នកស្រី​បាន​ប្រាប់​ VOA​ ថា​ ​លោក​នួន ជា​ ​ជា​«អ្នក​ធម៌​ ​អ្នក​អាថ៌»។​

«គាត់​តាំង​ពី​យូរ​ហើយ​ចា៎​ ​ព្រោះ​គាត់​ធ្លាប់​បួស​ ​ធ្លាប់​រៀន​ ​បួស​ជា​សង្ឃ។​ ​គាត់​ចេះ​ធម៌​ ចេះ​អាថ៌​អ៊ីចឹង​ទៅចេះ​ច្បាប់​សង្ឃ​ ​ច្បាប់​ទម្លាប់​អ៊ីចឹង​ទៅ​ ​ចា៎។​ ​ហ្នឹង​ហើយ​[កាល​ជំនាន់​ខ្មែរក្រហម]នៅ​ថ្វាយ​បង្គំ​ព្រះ​អី​ចឹង​ដែរ។​ ​អត់​[មាន​វត្ត​ទៅ]​ទេ​ ​ថ្វាយ​បង្គំ​នៅផ្ទះហ្នឹង​ ​នឹង​ខ្នើយ​ហ្នឹង។ ​កន្លែង​យើង​ដេក​ហ្នឹង។​ ​មុន​ដេក​ហ្នឹង​ថ្វាយ​បង្គំ​ទៅ!​ ​ថ្វាយ​បង្គំ​ ហើយ​បាន​គាត់​សម្រាក​ទៅ»។​

នៅ​ពេល​ VOA សួរ​សំណួរ​ស្រដៀង​គ្នាអំពី​ចម្ងល់​ទាក់ទង​នឹង​ការ​លុប​បំបាត់​ព្រះ​ពុទ្ធ​សាសនា​និង​កម្ទេចវត្ត​អារាម​ ​អ្នកស្រី​លី គីមសេងលើក​ឡើង​ថា​ ​អ្នកស្រី​មិន​បាន​សួរ​ប្តី​អ្នកស្រី​ពី​បញ្ហា​នេះ​ទេ។​

«ខ្ញុំ​អត់​ឆ្ងល់​ទេ!​ ​អត់!​ ​អត់​ឆ្ងល់!​ ចា៎។ ​រឿង​ហ្នឹង​ខ្ញុំ​អត់​ឆ្ងល់​សោះ​ ​មិន​ដឹង​យ៉ាង​ម៉េច​ ​ខ្ញុំ​អត់​ឆ្ងល់!​ ​មិន​ដឹង​យ៉ាង​ម៉េច​ ​អត់​ឆ្ងល់។​ ​អត់​សួរ​គាត់​ទៀត​ ​អត់​សួរអី​ទេ​ ​កុំ​ឱ្យ​រំខាន​គាត់​ ​នឹក​ក្នុង​ចិត្ត​ខ្ញុំ​អី​ចឹង»។​

មាត្រា​ទី​២០នៃ​រដ្ឋ​ធម្មនុញ្ញ​របស់​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​សរសេរ​ថា​«ប្រជាជន​កម្ពុជា​គ្រប់រូបមាន​សិទ្ធិ​ជឿ​ជំនឿ​ ​ឬ​សាសនា​ណា​ក៏​បាន​ ​ហើយ​ក៏​មាន​សិទ្ធិ​មិន​ជឿ​ ​ជំនឿ​អ្វី​ ​ឬ​មិន​ជឿ​សាសនា​ណា​ក៏​បាន»។​ ​ប៉ុន្តែ​មាត្រា​ដដែល​នេះ​បន្ថែម​ថា​«មិន​អនុញ្ញាត​ឲ្យ​មាន​សាសនា​ប្រតិកិរិយា​ ​ដែល​បំផ្លិច​បំផ្លាញ​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​និង​ប្រជាជន​កម្ពុជា​ ​ជា​ដាច់​ខាត»៕

XS
SM
MD
LG