នៅក្នុងរូបថតរបស់លោកកាលពីថ្មីៗនេះ នួន ជាមានវ័យចាស់ជាជីតា ហើយលោកពាក់វ៉ែនតាខ្មៅធំៗ ដែលអាចបង្ហាញថា លោកមានប្រតិកម្មនឹងពន្លឺនិងមានបញ្ហាសុខភាព។
កាលពីប៉ុន្មានឆ្នាំកន្លងទៅ នួន ជាធ្លាប់តែដើរដោយខ្លួនឯងទ្រេតទ្រោត តែក្រោយមក លោកត្រូវជិះរទេះរុញ។ មានគេនិយាយកន្លងមកថា លោកមានបញ្ហាថ្លើម និងក្រលៀន និងបញ្ហាផ្សេងៗទៀតដែលកើតមានឡើងនៅពេលមនុស្សរស់នៅដល់អាយុ៩០ឆ្នាំជាង។
នួន ជាបានរស់នៅយូរជាងប្រជាពលរដ្ឋកម្ពុជាប្រហែល១លាន៧សែននាក់ដែលបានស្លាប់ពីចន្លោះឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩ នៅពេលដែលរបបខ្មែរក្រហមបានព្យាយាម តែត្រូវបរាជ័យក្នុងការផ្លាស់ប្តូរប្រទេសកម្ពុជាឲ្យទៅជាសង្គមកសិកម្មមហាលោតផ្លោះមហាអស្ចារ្យដែលពឹងផ្អែកលើខ្លួនឯង។ នួន ជា ដែលគេស្គាល់ថា ជាបងធំទីពីរ ត្រូវបានគេជឿថា ជាមេគំនិតនៅពីក្រោយការបង្កើតរបបម៉ៅនិយមដោយមិនឲ្យមានលុយ មិនឲ្យមាន សាសនា និងមិនឲ្យមានបញ្ញវ័ននោះទេ។ របបដឹកនាំនេះត្រូវបានគិតទុករៀបចំដោយប៉ុល ពត ដែលជាមេដឹកនាំខ្មែក្រហមដែលបានស្លាប់កាលពីឆ្នាំ១៩៩៨។
កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៨កន្លងទៅនេះ នួន ជាបានប្តឹងឧទ្ធរណ៍បទចោទដែលលោកត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ និងបានរួចទោសនៅពេលដែលលោកបានស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅក្នុងទីក្រុងភ្នំពេញ។ នួន ជាបានស្ថិតនៅក្រោមការមើលថែទាំចាប់តាំងពីថ្ងៃទី២ខែកក្កដាមក។ នៅអាយុ៩៣ឆ្នាំ នួន ជាកំពុងជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អ្នកស្រីស៊ុន ស៊ីថា ប្រជាពលរដ្ឋវ័យ៥៨ឆ្នាំមកពីខេត្តសៀមរាបដែលបានបាត់បង់ឪពុកនិងបងប្អូនរបស់អ្នកស្រីក្នុងរបបខ្មែរក្រហម បាននិយាយប្រាប់ VOA ខ្មែរថា៖
«[នួន ជា]គាត់ប៉ុណ្ណោះ ដូចថា គាត់[ស្លាប់]ដូចគេ។ ប៉ុន្តែគាត់ធ្វើឱ្យគេឈឺចាប់ជាងគាត់ទៅទៀត ដែលគាត់ធ្វើណា ឈឺដូចជាពុកម្ដាយគេព្រាត់ប្រាស់ច្រើន ដែលត្រូវតែគាត់ ចំពោះតែបុគ្គលគាត់តែប៉ុន្មាននាក់អាចធ្វើឱ្យគេបាត់បង់ច្រើន។ បុគ្គលគាត់តិច ប៉ុន្តែធ្វើឱ្យយើងរងគ្រោះច្រើន ណាអូន!»
ភាពស្ងាត់ស្ងៀមនិងសកម្មភាព
ប្រសិនបើនួន ជាគឺជាមេគំនិតនៅពីក្រោយរបបប្រល័យពូជសាសន៍នៅកម្ពុជាពិតមែននោះ ការណ៍ពិតលម្អិតនៃរបបប្រល័យពូជសាសន៍នេះនឹងត្រូវបានកប់បាត់ទៅជាមួយលោក។ នួន ជាមិនដែលនិយាយអ្វីក្នុងសវនាការនោះទេអំពីរបៀបដែលពួកមេដឹកនាំខ្មែរក្រហមប្រតិបត្តិគម្រោងរបស់ពួកគេដើម្បីបង្កើតឲ្យមានរបបដឹកនាំថ្មី។ នួន ជាមិនដែលសារភាពទោសកំហុសនោះទេ។ នួន ជាក៏បានរក្សាជំហរថា ពួកខ្មែរក្រហមគឺពួកជាតិនិយមដែលបានប្រយុទ្ធនឹងវៀតណាមនិងសហរដ្ឋអាមេរិកដែលបានធ្វើការទម្លាក់គ្រាប់បែកយ៉ាងសម្ងាត់មកលើប្រទេសកម្ពុជានៅពេលដែលអាមេរិកបានតាមដានពួកកុម្មុយនិស្តវៀតកុងនៅក្នុងសង្រ្គាមវៀតណាម។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនគឺជាអតីតទាហានខ្មែរក្រហមម្នាក់ដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៨៥មក។ លោកហ៊ុន សែន ដែលជាមេដឹកនាំបែបផ្តាច់ការនៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច បានលើកឡើងប្រឆាំងនឹងការបើកស៊ើបអង្កេតជាថ្មីម្តងទៀតទៅលើរបបខ្មែរក្រហម។
បន្ទាប់ពីការស្លាប់របស់នួន ជា លោកលីវ សុវណ្ណា មេធាវីការពារក្តីម្នាក់របស់នួន ជាបាននិយាយនៅសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យនៅទីក្រុងភ្នំពេញថា កូនក្តីរបស់លោកជាជនស្លូតត្រង់ ពីព្រោះ«នៅពេលដែលជនជាប់ចោទបានស្លាប់ បណ្តឹងនានាត្រូវរំលត់»។ ដូច្នេះ សាលក្រមចេញដោយតុលាការខ្មែរក្រហម ដែលជាតុលាការដែលបានកាត់ទោសនួន ជានិងមេដឹកនាំខ្មែរក្រហមផ្សេងទៀត គ្មានសុពលភាពទៀតនោះទេ ពីព្រោះ ដោយផ្អែកលើការសន្និដ្ឋាន វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនត្រូវចោទ។
នៅឆ្នាំ២០១០ តុលាការខ្មែរក្រហមដ៏ចម្រូងចម្រាស់នេះបានកាត់ទោសកាំង ហេ្គចអីវ ហៅ ឌុច ដែលជាប្រធានគុកទួលស្លែងធ្វើទារុណកម្ម ឲ្យជាប់គុកមួយជីវិត និងរកឃើញថា ខៀវ សំផន មេដឹកនាំរបបខ្មែរក្រហមមានទោសនៅឆ្នាំ២០១៤។ កាលពីឆ្នាំ២០១៨កន្លងទៅនេះ ពួកគេ រួមជាមួយនឹងនួន ជាត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍។ ជនសង្ស័យពីរនាក់ផ្សេងទៀតគឺអៀង សារី និងអៀង ធារិទ្ធបានស្លាប់មុនដំណើរការកាត់ក្តីរបស់ពួកគេត្រូវបានបញ្ចប់។
កម្ពុជាគឺជាប្រទេសដែលមានពលរដ្ឋវ័យក្មេងច្រើន។ មានប្រជាជនតែ១០ភាគរយប៉ុណ្ណោះស្ថិតក្នុងវ័យ៥០ឆ្នាំ ឬចាស់ជាងនេះ ដូចជាអ្នកស្រីស៊ុន ស៊ីថាជាដើម។ ពាក់កណ្តាលនៃប្រជាពលរដ្ឋកម្ពុជាចំនួន១៦លាន៥សែននាក់គឺមានអាយុក្រោម២២ឆ្នាំ។ ប្រសិនបើឪពុកម្តាយរបស់យុវជនទាំងអស់នោះរស់រានមានជីវិតពីរបបខ្មែរក្រហម ពួកគេកម្រនិយាយអំពីអ្វីដែលពួកគេធ្លាប់បានឆ្លងកាត់ណាស់ ពីព្រោះប្រជាពលរដ្ឋកម្ពុជាជាច្រើនជឿថា ការធ្វើបែបនេះនឹងផ្តល់ការឈឺចាប់ទៅដល់កូនៗរបស់ពួកគេ។
ការណ៍នេះមានន័យថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនបានរស់នៅដោយផ្ទាល់នៅក្នុងរបបខ្មែរក្រហមដែលគេដឹងថា បានសម្លាប់គ្រូបង្រៀន គ្រូពេទ្យ ជនជាតិវៀតណាមជាច្រើន ដោយប្រើត្បូងចប និងមិនឲ្យតម្លៃជីវិតមនុស្សស្មើនឹងគ្រាប់កាំភ្លើងផង។
យល់ដឹងពីប្រវត្តិសាស្ត្រ
អ្នកនាងយ៉ុន គន្ធា អាយុ២៥ឆ្នាំមកពីខេត្តសៀមរាប បានឲ្យដឹងថា អ្នកនាងដឹងអំពីនួន ជា និងដឹងអំពីរបបខ្មែរក្រហម។ អ្នកនាងបាននិយាយថា៖
«ដូចអត់ស្ងប់ចិត្តទេ! ព្រោះអីបាត់បង់ខ្មែរអស់ច្រើនទៀត! អារម្មណ៍ធម្មតាអត់សោកស្ដាយទេ ព្រោះ[លោកនួន ជា]ធ្វើឱ្យខ្មែររាប់ម៉ឺន រាប់សែនស្លាប់ ឈឺចាប់ បែកបាក់គ្រួសារ បាត់បង់ខ្មែរល្អៗជាច្រើន»។
អ្នកនាងនិយាយថា អ្នកនាងបានរៀនអំពីរបបខ្មែរក្រហមនៅសាលា។
ពួកខ្មែរក្រហមបានកប់សាកសពជនរងគ្រោះជាច្រើនក្នុងរណ្តៅធំៗដែលត្រូវបានគេហៅថា«វាលពិឃាត» ដូចជារណ្តៅមួយនៅជិតស្រុកទ្រុងបាតនៅភាគឦសាននៃប្រទេសកម្ពុជាដែលជាកន្លែងដែលពួកខ្មែរក្រហមយកធ្វើជាគុក និងកន្លែងដុតសព។
បំណែកសាកសពជាច្រើនត្រូវបានកប់ក្នុងដីដើម្បីធ្វើជាជីរសម្រាប់បង្កើនដំណាំស្រូវទៅតាមចំនួនដែលបានកំណត់។ ហើយបំណែកសាកសពដែលត្រូវបានរុករកឃើញនៅក្នុងឆ្នាំ២០១២នោះគឺត្រូវបានកប់ ដោយសាកសពមានចំណងស្លាបសេក ឬក៏ចងដុំថ្មទម្លាក់ទឹក។ នេះបើយោងតាមមជ្ឈមណ្ឌលឯកសារកម្ពុជា។
ព្រះភិក្ខុឡាត់ ឡន ព្រះជន្ម៧៣ព្រះវស្សាគង់នៅវត្តទេពពោធិវង្ស ដែលជាទីតាំងប្រហារជីវិតប្រជាជនដែលដឹកមកពីតំបន់ផ្សេងៗក្នុងខេត្តសៀមរាបមានថេរដីការថា៖
«ងាប់(ស្លាប់)តែមនុស្សប៉ុណ្ណឹងឯង ដូចថា ឈ្មោះ សំឡេងគឺនៅតែមានដក់នៅតែក្នុងដើមទ្រូង និងនៅតែក្នុងចិត្ត ទោះបីជានរណាក៏មិនបំភ្លេច ក៏មិនស្ងប់ បើយើងកម្សត់កម្រ។ អ្នកដែលធ្វើទុក្ខទោសឱ្យប្រជាជនក៏ប្រជាជនកាត់ទោស។ ប្រជាជនសមតែបានស្ងប់ បានសុខ បានសប្បាយ»។
ព្រះភិក្ខុអង្គនេះបានបន្ថែមថា ទោះបីនួន ជានិងមេដឹកនាំដទៃទៀតត្រូវបានកាត់ទោស និងបានបាត់បង់ជីវិតដោយជរាពាធជាបន្តបន្ទាប់ ព្រលឹងអ្នកស្លាប់ និងអ្នករស់រានមានជីវិតពីការកាប់សម្លាប់ក្នុងរបបនេះ នឹងមិនអាចមានថ្ងៃស្ងប់ចិត្តឡើយ។
ព្រះភិក្ខុមានថេរដីកាបន្តទៀតថា៖
«អត់ស្ងប់ទេ! គាត់មិនស្ងប់ទេ! គាត់ស្ដាយស្រណោះកូនចៅគាត់។ ធ្វើម្ដេចព្រលឹងគាត់ស្ងប់? តាមធម៌ព្រះមក ប្រជាជនទូទៅគេនឹកកូនចៅគេ។ គេមិនទាន់ស្ងប់ ព្រោះកូនចៅគេ យកម៉ែឪគេមកសម្លាប់ច្រើន រាប់រយ រាប់ពាន់ នាក់ ធ្វើម៉េចគេស្ងប់?»។
«នួន ជាស្លាប់ដោយបាបកម្ម»
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជានៅទីក្រុងភ្នំពេញនិងជាអ្នករស់រានជីវិតមួយរូបពីរបបខ្មែរក្រហមបានប្រាប់ VOA ខ្មែរតាមទូរស័ព្ទថា នួន ជាមិនអាចគេចផុតពីបាបកម្មរបស់លោកនោះទេ បើទោះបីជាមានការសន្និដ្ឋានពីតុលាការថា គ្មានទោសកំហុសក៏ដោយ។
«នួន ជាកើតមកដូចពួកយើងអ៊ីចឹង ប៉ុន្តែគាត់បានប្រព្រឹត្តបាបកម្ម ហើយគាត់ស្លាប់ដោយបាបកម្មអ៊ីចឹង»។
លោកឆាំង យុបាននិយាយទៀតថា នួន ជាមិនបានស្លាប់ដោយជរាពាធនិងដោយសេចក្តីថ្លៃថ្នូរនោះទេ។ មានប្រតិកម្មចម្រុះជាច្រើនទៅនឹងការស្លាប់របស់នួន ជា។
លោកបានបន្តទៀតថា៖
«មួយចំនួនភ្លាមៗ៤ដប់២០នាក់ហ្នឹង គាត់ក៏មិនសប្បាយចិត្តដែរ ដោយសារថា ពេលគាត់នៅរស់ គាត់រឹងចចេសអំពីអ្វីដែលគាត់បានធ្វើគឺគាត់មិនយកភាពចាស់ទុំ មិនផ្តល់តម្លៃប្រវត្តិសាស្ត្រដល់ក្មេងជំនាន់ក្រោយ។ គាត់នៅតែមានចរិកក្រអឺតក្រទមចំពោះអ្វីដែលគាត់បានធ្វើ បានទទួលខុសត្រូវ»។
លោកថេត សម្បត្តិជាអ្នកថតខ្សែភាពយន្តឯកសារម្នាក់ដែលបានសម្ភាស នួន ជាយ៉ាងស៊ីជម្រៅកាលពីចុងទសវត្សរ៍១៩៩០ ហើយបានសហការផលិតខ្សែភាពយន្តឯកសារ«សត្រូវប្រជាជន»ឬ Enemies of the People ដែលរៀបរាប់ពីរបបដឹកនាំរបស់ខ្មែរក្រហម។ បន្ទាប់ពីការស្លាប់របស់នួន ជា លោកថេត សម្បត្តិ ដែលកំពុងរស់នៅរដ្ឋ Massachusetts បានថ្លែងប្រាប់ VOA ខ្មែរតាមទូរស័ព្ទថា នួន ជាបានផ្តល់ឯកសារសម្ងាត់ជាច្រើនដល់លោកអំពីរឿងខ្មែរក្រហម ដែលលោកអរគុណ និងដឹងគុណលោកនួន ជា។ លោកបានបន្ថែមថា លោកចាត់ទុកថា«នេះជាសំណាងរបស់កម្ពុជា» ដែលមានព័ត៌មានទាំងអស់នេះ៕
កញ្ញា កាន់ វិច្ឆិកា និងលោក ហ៊ុល រស្មី រាយការណ៍បន្ថែមពីរាជធានីភ្នំពេញ ហើយអ្នកស្រី ហុង ចិន្តា រាយការណ៍បន្ថែមពីរដ្ឋធានីវ៉ាស៊ីនតោន
ប្រែសម្រួលដោយលី វួចនា