ពួកអ្នកជំនាញការមួយក្រុមខាងការត្រួតត្រាអាវុធនិងការមិនរីកសាយអាវុធ បានគាំទ្រដល់កិច្ចព្រមព្រៀងអន្តរជាតិនេះដែលមានគោលដៅទប់ទល់នឹងកម្មវិធីបរមាណូរបស់ប្រទេសអ៊ីរ៉ង់ ដោយហៅកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់ថាជាកិច្ចព្រមព្រៀង«ខ្លាំង មានរយៈពេលយូរនិងអាចផ្ទៀងផ្ទាត់បាន»។
សមាគមត្រួតត្រាអាវុធមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីតោន បាននិយាយថា កិច្ចព្រមព្រៀងនេះ«ជំរុញឲ្យមានអត្ថប្រយោជន៍ខាងសន្តិសុខរបស់ក្រុមប្រទេសជាតិ P៥ បូក១ សហភាពអឺរ៉ុប ពួកសម្ព័ន្ធមិត្តនិងដៃគូរបស់ពួកគេនៅក្នុងភូមិភាគមជ្ឈឹមបូព៌ានិងសហគមន៍អន្តរជាតិ»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ក្រុមនេះនិយាយថាកិច្ចព្រមព្រៀងនេះបង្កើតឱ្យមានការរឹតត្បិតក្នុងរយៈពេលយូរនិងផ្ទៀងផ្ទាត់បានអំពីកម្មវិធីបរមាណូនៃប្រទេសអ៊ីរ៉ង់ និងធ្វើឱ្យប្រាកដប្រជាថា«កិច្ចខិតខំប្រឹងប្រែងណាមួយក្នុងពេលអនាគតដោយប្រទេសអ៊ីរ៉ង់ក្នុងការស្វះស្វែងឱ្យមានអាវុធបរមាណូអាចត្រូវដឹងជាបន្ទាន់ដែរ ទោះជាអ៊ីរ៉ង់មានកម្មវិធីលាក់បាំងណសមួយក៏ដោយ»។
សេចក្តីថ្លែងការណ៍នេះមានឡើងតែប៉ុន្មានសប្តាហ៍មុនសភាស.រ.អា.បោះឆ្នោតយល់ព្រមឬច្រានចោលកិច្ចព្រមព្រៀងនេះ៕