ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​របាំ​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ចេញ​សម្តែង​ជា​លើកដំបូង​នៅ​កម្ពុជា


ក្រុម​របាំ​របស់​លោក Prumsodun Ok ឈរ​បង្ហាញ​ខ្លួន​ទៅ​កាន់​ក្រុម​ទស្សនិកជន​ បន្ទាប់​ពី​ការ​សម្តែង​ នៅ​ខេត្ត​សៀមរាម កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៧ (រូបថត​ពី Enric Contreras)
ក្រុម​របាំ​របស់​លោក Prumsodun Ok ឈរ​បង្ហាញ​ខ្លួន​ទៅ​កាន់​ក្រុម​ទស្សនិកជន​ បន្ទាប់​ពី​ការ​សម្តែង​ នៅ​ខេត្ត​សៀមរាម កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៧ (រូបថត​ពី Enric Contreras)

ក្រុម​របាំ​អាជីព Prumsodun Ok & NATYARASA ​ជា​ក្រុម​របាំ​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ ដែល​បាន​ចេញ​សម្តែង​ដំបូង​គេនៅ​កម្ពុជា។ លោក Prumsodun Ok គ្រូ​របាំ​ និង​អ្នក​គ្រប់គ្រង​ក្រុម​របាំ​នេះ មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា ក្រុម​របាំ​របស់​លោក​ នឹង​ជួយ​លើកកម្ពស់​ទស្សនៈ​របស់​សង្គម​កម្ពុជា​ចំពោះ​​​​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក៏ដូចជា​ ការ​ច្នៃ​ប្រឌិត​ថ្មី​នៅ​ក្នុង​សិល្បៈ​របាំ​ខ្មែរ។

លោក Prumsodun Ok ជា​ជនជាតិ​ខ្មែរ​អាមេរិក​ម្នាក់ ដែល​មាន​ម្តាយ​ឪពុក​ជា​ជនភៀស​ខ្លួន។​ លោក​ដឹង​ច្បាស់​ថា លោក​ចង់ក្លាយ​ជា​ អ្នក​រាំ​របាំ​ «អប្សរា» តាំង​ពី​អាយុ ០៤​ឆ្នាំ​មក​ម្ល៉េះ នៅ​ពេល​ដែល​លោក​បានជក់​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​សម្តែងរបាំ​អប្សរា នៅ​ក្នុង​វីដេអូ​ថត​សម្រាប់​មើលកម្សាន្ត​ជា​គ្រួសារ​មួយ។

មិន​ថា របាំ​អប្សរាមាន​អាយុ​កាល​តាំង​ពី​សតវត្ស​ទី​០៧ មក​ ឬ​តាំង​ពី​បុរាណ​កាល​មកក្តី ពាក្យ​ថា «អប្សរា»​ មាន​ន័យ​ថា ទេពធីតា​ កើត​ពី​ឋានសួគ៌ និង​មាន​សម្រស់​ស្រស់​ត្រកាល ដើម្បី​ផ្តល់​ជូន​ជាការ​កម្សាន្ត​ដល់​អាទិទេព និង​ព្រះរាជា​ នៅ​ប្រាង្គ​ប្រាសាទ​អង្គរ ក្នុង​សម័យកាល​អាណាចក្រ​ខ្មែរ។ លោក Prumsodun បាន​ផ្តោត​តែ​ទៅ​លើ​ក្បាច់​រាំ​របាំ​អប្សរា​តែ​ប៉ុណ្ណោះ និង​មិន​យកចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការណ៍​ ដែល​ថា អ្នក​រាំ​របាំ​នេះ​ ជា​ស្រ្តី​នោះ​ទេ ដោយសារ​តែ​នៅ​គ្រា​នោះ​លោក​ជា​កុមារ​ម្នាក់​នៅ​ឡើយ ហើយ​លោក​មាន​ក្តី​ស្រមៃ​ខ្ពស់។

លោក Prumsodun Ok ឈរ​នៅ​កណ្តាល​ផ្លូវ​មួយ​នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៦។ (រូបថត​ពី Lim Sokchanlina)
លោក Prumsodun Ok ឈរ​នៅ​កណ្តាល​ផ្លូវ​មួយ​នៅ​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៦។ (រូបថត​ពី Lim Sokchanlina)

​លោក Prumsodun ​បានរក្សា​ទុក​ក្តី​ស្រមៃ​នេះ​អស់​រយៈពេល​ ១២​ឆ្នាំ​បន្ត​មក។ លោក​បានកើត​នៅ​ក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា ដែល​មាន​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ប្រមាណ ២​ម៉ឺន​នាក់​រស់​នៅ ហើយ​រូប​លោក​ផ្ទាល់​ធ្លាប់​ត្រូវ​បាន​រង​ការ​សម្លុត​ធ្វើ​បាប​ ដោយសារ​តែ​លោក «ខុសប្លែក» ពី​អ្នក​ដទៃ។ លោក​បាន​រំឭក​ពី​ ការណ៍​ដែល​ខ្លួន​លោក​ត្រូវ​បាន​គេ​ហៅ​ថា «ខ្ទើយ» នៅ​ពេល​លោក​មាន​អាយុត្រឹម​តែ​ ៥​ឆ្នាំ។ ការណ៍​នេះ​បាន​ញ៉ាំង​ចិត្ត​លោក​ ឲ្យ​កំណត់​អត្តសញ្ញាណ​ខ្លួន​ឯង​ថា ជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា ​ពេល​លោក​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់។

លោក Prumsodunបាន​និយាយអំពី​ការ​ដឹង​ខ្លួន​ថា លោក​ជា​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ថា «ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​បាន​ដឹង​ខ្លួន​តាំង​ពី​ពេល​ណា​មក​ទេ»។ លោក​បាន​បន្ត​ថា «ប៉ុន្តែ ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ស្រណុក​ចិត្ត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ នៅ​ពេល​ខ្ញុំ​កំពុង​រៀននៅ​វិទ្យាល័យ​ប៉ុណ្ណោះ។ នេះ​គឺ​រូប​ខ្ញុំ នេះ​គឺ​មនុស្ស​ម្នាក់​ដែល​ជា​រូប​ខ្ញុំ ហើយ​គ្មាន​នរណា​ម្នាក់​អាច​ផ្លាស់​ប្តូរ ឬ​យក​វា​ពី​ខ្ញុំ​បាន​ទេ»។

នៅ​ពេល​លោក​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់​នេះ​ឯង ហើយ​បន្ទាប់ពី​ចំណាយ​ពេល​រាប់​ឆ្នាំ​មើល​ប្អួន​ស្រី​របស់​លោក​ហាត់​រាំ​របាំ​ប្រពៃណី​ខ្មែរ ទើប​លោក​មាន​ភាព​ក្លាហាន​មក​សុំហាត់​រៀន​ពី​គ្រូ​បង្ហាត់​របាំ​របស់​ប្អូនស្រី​របស់​លោក។

ក្រុម​របាំ Prumsodun Ok & NATYARASA សម្តែង​របាំ​ Santhyea Vehea ដែល​បង្ហាញ​ពី​របាំប្រពៃណី​ខ្មែរ តូរ្យតន្រ្តី និង​សម្លៀកបំពាក់​បុរាណ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ស្រឡាញ់ និង​អាពាហ៍ពិពាហ៍​រវាង​បុរស​ពីរ​នាក់។ ការ​សម្តែង​របាំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត៖ Lina Goldberg)
ក្រុម​របាំ Prumsodun Ok & NATYARASA សម្តែង​របាំ​ Santhyea Vehea ដែល​បង្ហាញ​ពី​របាំប្រពៃណី​ខ្មែរ តូរ្យតន្រ្តី និង​សម្លៀកបំពាក់​បុរាណ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សេចក្តី​ស្រឡាញ់ និង​អាពាហ៍ពិពាហ៍​រវាង​បុរស​ពីរ​នាក់។ ការ​សម្តែង​របាំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត៖ Lina Goldberg)

តារា​កំពុង​រះ​ក្នុង​ចំណោម​សិស្ស​របាំ

លោក​ Prumsodun បាន​សារភាព​ថា៖ «ខ្ញុំ​ពិត​ជា ​ចូលចិត្ត​របាំ​ណាស់។ តើ​អ្នក​គ្រូ​អាច​បង្រៀន​ខ្ញុំ​បាន​ទេ?» ហើយ​អ្នកស្រី Sophiline Cheam Shapiro បាន​យល់​ព្រម។ លោក​ Prumsodun ដែល​កាល​នោះ​លោក​កំពុង​ស្ថិត​នៅ​ក្នុង​វ័យ​ជំទង់​នៅ​ឡើយ បាន​ក្លាយ​ជា​តារា​កំពុង​រះ​យ៉ាង​ឆាប់​រហ័ស​មួយ នៅ​វិទ្យាស្ថាន​សិល្បៈ​ខ្មែរ​ របស់​អ្នកស្រី Sophiline ក្នុង​ក្រុង​ឡុង​ប៊ិច ដែលវិទ្យាស្ថាន​នេះ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​របាំ​នៅ​កម្ពុជា។

សាលា​បង្រៀន​របាំ ដែលអ្នកស្រី Sophiline បាន​បង្កើត​ឡើង បានបង្រៀន​សិល្បៈ​ប្រពៃណី​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង។ អ្នកស្រី Sophiline គឺ​ជា​ និស្សិត​បញ្ចប់​ការ​សិក្សា​ដំបូង​គេ​បង្អស់​មួយ​ពី សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ នៅ​ក្រុង​ភ្នំពេញ បន្ទាប់​ពី​ ការ​ដួលរលំ​របប​ខ្មែរ​ក្រហម ហើយ​អ្នកស្រី​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា អ្នក​ដឹកនាំ​ផ្នែក​របាំ​ឈាន​មុខ​គេ​មួយ​រូប​ នៅ​សម័យ​ថ្មី។

ក្នុង​ឆ្នាំ ២០១៥ លោក Prumsodun ដែល​ឥឡូវ​នេះ​មាន​អាយុ ៣០​ឆ្នាំ បាន​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​កម្ពុជា ហើយ​បាន​បង្កើតក្រុមរបាំ​អាជីព Prumsodun Ok &NATYARASA ដែល​ជា​ក្រុម​របាំ​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ដំបូង​គេ​បង្អស់នៅ​កម្ពុជា។ អ្នក​រាំ​របាំ ដែល​ជា​បុរស​ វ័យ​ពី១៨ ទៅ​២៤​ឆ្នាំ បាន​បំពេញ​តួនាទី​ ដែល​ពី​មុន​មក​មាន​តែ​ស្រ្តី​ប៉ុណ្ណោះ។ ក្រុម​របាំ​នេះ​បាន​បង្ហាញ​ក្បាច់​រាំ​ប្រពៃណី​ខ្មែរ ក៏ដូចជា ស្នាដៃ​ថ្មីៗ ដែល​លោក​ Prumsodun បាន​បង្កើត​ឡើង។ លោក​ Prumsodunបាន​ថ្លែង​ថា៖

«អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ គឺ​ទាញ​យក​ពី​ក្បាច់​រាំ​ប្រពៃណី​របស់​យើង ហើយ​ប្រើ​ក្បាច់​រាំ​ទាំង​នោះ​ ក្នុង​បែប​ផែន​ ដែលមនុស្ស​ទូទៅ​មិន​អាច​នឹក​ស្មាន​ដល់​ ដើម្បី​បង្ហាញ​ទិដ្ឋភាព​ប្រទេសកម្ពុជា​មួយ​ ប្រកប​ទៅ​ដោយ​ លក្ខណៈ​រួម​បញ្ចូល យល់ចិត្តគ្នា និង​យុត្តិធម៌»។

លោក​ Prumsodun បាន​លើក​ឡើង​ថា វប្បធម៌​ គឺជា​កេរដំណែល​របស់​មនុស្សជាតិ។ លោក​ជឿជាក់​ថា មិន​មានគំរូណា​មួយ​ជាក់លាក់​ ដែលតំណាង​ឲ្យ​វប្បធម៌​ទាំងស្រុង​នោះ​ទេ ហើយ​លោក​ជំរុញ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិតបែប​ថ្មី បន្ថែមពី​លើ​អ្វី​ដែល​មាន​តាំង​ពី​ដំណាល​ដើម​មក។

គ្រូ​បង្រៀន​របាំ​លោក Prumsodun Ok តម្រែតម្រង់ចលនា​បត់បែន​របស់​ក្រុម​របាំ​របស់​លោក​ អំឡុងពេល​ហាត់សម​មួយ។ រូបថត​ពី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត៖ Enric Contreras)
គ្រូ​បង្រៀន​របាំ​លោក Prumsodun Ok តម្រែតម្រង់ចលនា​បត់បែន​របស់​ក្រុម​របាំ​របស់​លោក​ អំឡុងពេល​ហាត់សម​មួយ។ រូបថត​ពី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត៖ Enric Contreras)

ការ​ទទួលស្គាល់​ពី​សង្គម​កម្ពុជា

លោក Srun Sorn (ស្រ៊ុន សន) អាយុ ៣៦​ឆ្នាំ ស្ថាបនិក​សមាគម​អនាគត​យុវជន​កម្ពុជា​អាស៊ាន​ (CamAsean) និង​សកម្មជន​គាំទ្រ​សិទ្ធិ​មនុស្ស បាន​ប្រាប់​ VOA ថា ស្រប​ពេលដែល​មួយ​ភាគ​ធំ​នៃ​អ្នកស្រឡាញ់ភេទ​ដូចគ្នា​នៅ​កម្ពុជា ត្រូវ​បានគេ​កាត់​ផ្តាច់ និង​រើសអើង សង្គម​កម្ពុជា​នៅ​តែ​ទទួល​យក​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​វិស័យ​សិល្បៈ។

លោក​ Sorn ​បាន​និយាយ​ថា ក្រុម​របាំ​របស់​លោក Prumsodun «គឺ​មាន​លក្ខណៈជា​ក្រុម​របាំ​អាជីព ដូច្នេះ​ខ្ញុំ​គិត​ថា ការណ៍​នេះ​នឹង​មក​នូវ​ការ​ឆ្លើយតប​វិជ្ជមាន​ពី​សហគមន៍»។ លោក​បាន​បន្ត​ថា «មក​ទល់​ពេល​នេះ ការ​សម្តែងរបាំ​ជា​ផ្នែក​មួយ​នៃ​សិល្បៈ មិន​បាន​ទទួល​ប្រតិកម្ម​អវិជ្ជមាន​ណា​មួយ​ពី​សាធារណជន​នៅ​ឡើយ​ទេ»។

លោក Prumsodun និយាយ​ថា តួនាទី​របស់​លោក​ជា​គ្រូ​របាំ​ គឺ​មាន​លើស​ពី​ក្នុង​ថ្នាក់​រៀន​ទៅ​ទៀត។ លោក​បាន​ថ្លែង​ថា៖

«ការ​ធ្វើ​ឲ្យ​ពួកគេ​រៀន​ឃើញ ធ្វើ​ឲ្យ​ពួកគេ​ក្លាហាន​ក្នុង​ការ​សួរ​សំណួរ ធ្វើ​ឲ្យ​ពួកគេ​ក្លាហាន​ក្នុង​ការ​ស្វែងយល់​ដោយ​ខ្លួនឯង។ ទាំង​អស់​នេះហើយ​ជា​រឿង​សំខាន់​ ដែល​គ្រូ​បង្ហាត់​បង្រៀន​ មិន​ថា សិល្បៈ​នៅ​ក្នុង​ទម្រង់​ណា​ក៏ដោយ ត្រូវ​ការ ដើម្បី​ជំរុញ​ទឹកចិត្ត​សិស្ស​របស់​ខ្លួន»។

លោក Choung Veasna (ឈួង វាសនា) អាយុ ១៩​ឆ្នាំ មក​ពី​ភ្នំពេញ​និយាយ​ថា លោក Prumsodun បាន​ធ្វើ​ឲ្យ​លោក​មាន​ទំនុក​ចិត្ត។ លោក​បាន​និយាយ​ថា៖

«ខ្ញុំ​បាន​រៀន​ពី​លោក​គ្រូ​ថា មិន​ថា នរណា​និយាយ​អ្វី​ពី​អ្នក​ទេ គឺ​វា​មិន​សំខាន់​ទេ»។

លោក Tes Sokhon (តេស សុខុន) អាយុ​ ២៤​ឆ្នាំ មក​ពី​ខេត្ត​ប៉ៃលិន និង​ជា​អ្នក​រាំ​របាំ​អាយុ​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម និយាយ​ថា គ្រូ​របស់​ខ្លួន ជា​មនុស្ស​ដែល​ជួយ​ជំរុញ​ទឹកចិត្ត។ លោក​បាន​និយាយ​ថា៖

«គាត់ [លោក​ Prumsodun]​ គឺ​លើស​ពី​តារា​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ទៅ​ទៀត។ គាត់​ជា​គ្រូ​ដំបូង​ ដែល​បង្ហាត់​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​រាំ​របាំ​ប្រពៃណី។ គាត់​បាន​ផ្តល់​ឲ្យ​ពួកយើង​នូវ​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ប្រសើរ​ជាង​មុន»។

លោក Craig Dodge ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុម​សៀក Phare ថត​នៅ​អំឡុងពេល​ក្បួន​ដង្ហែ​ Giant Puppet Parade នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (រូបថត​ពី​ក្រុម​សៀក Phare)
លោក Craig Dodge ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុម​សៀក Phare ថត​នៅ​អំឡុងពេល​ក្បួន​ដង្ហែ​ Giant Puppet Parade នៅ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (រូបថត​ពី​ក្រុម​សៀក Phare)

ការ​រួម​បញ្ចូល​គ្នា​រវាង​សោភណភាព និង​ប្រពៃណី

ក្តី​ស្រឡាញ់​របស់​ក្រុម​របាំ​លោក Prumsodun សម្រាប់​របាំ​ប្រពៃណី​ខ្មែរ គឺ​មិន​មែន​គ្មាន​នរណា​ម្នាក់ចាប់​អារម្មណ៍​នោះ​ទេ។

លោក Craig Dodge ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​ក្រុម​សៀក​ Phare (ហ្វារ) ដែល​ជា​ក្រុម​សម្តែង​សៀក​ប្រចាំ​នៅ​ខេត្ត​សៀមរាប បាន​និយាយ​ថា៖

«ខ្ញុំ​បាន​ស្រក់​ទឹកភ្នែក នៅ​ពេល​ខ្ញុំ​បាន​មើល​វីដេអូ​នៅ​លើ​គេហទំព័រ​របស់​ក្រុម​របាំ​របស់​លោក Prumsodun ហើយ​បាន​ឭ បុរស​វ័យ​ក្មេងទាំង​នោះ​និយាយ​អំពី​អត្ថន័យ​ ដែល​ការ​សម្តែង​មាន​សម្រាប់​ពួកគេ អត្តសញ្ញាណ​របស់​ពួកគេ និង​កម្លាំង​ចិត្ត​របស់​ពួកគេ»។

វីដេអូ​របស់ Prumsodun Ok and NATYARSA

លោក Dodge បាន​ធ្វើ​ការ​ជាមួយ​លោក Prumsodun ដើម្បី​នាំ​ក្រុម​របាំ​របស់​លោក​មក​ធ្វើ​ការ​សម្តែង​ដំបូង​នៅ​ក្រុងសៀមរាប ដែល​ជា​មណ្ឌល​វប្បធម៌​ដ៏​ធំ​មួយ។​ ​លោក​បាន​ពណ៌នា​សហគមន៍​ជនបរទេសនៅ​ក្រុង​សៀមរាប​ថា «ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះមួយ​សម្រាប់​ការ​បំប៉ន និង​បង្ហាញ​ការ​ច្នៃ​ប្រឌិត​បែប​ប្រពៃណី និង​បែប​ថ្មី​នៅ​កម្ពុជា»។

លោក Darryl Collins ប្រវត្តិ​វិទូ​ផ្នែក​សិល្បៈ បាន​ផ្តល់​កន្លែង​សម្តែង​ ដោយ​ឥត​គិត​ថ្លៃ​។ លោក​យល់​ឃើញ​ថា «ការ​ដាក់បញ្ចូល​គ្នា​រវាង​ផ្ទះ​ខ្មែរ​បុរាណ​អាយុ ១០០​ឆ្នាំ ដ៏​ស្រស់​ស្អាត​របស់​លោក ជាមួយនឹង​ទម្រង់​បែប​សម័យ​ថ្មី​នៃ​របាំ​ប្រពៃណី ហាក់ដូចជា ការ​ដាក់​បញ្ចូល​គ្នា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ»។

អាជីវកម្ម​ដទៃទៀត​នៅ​ខេត្ត​សៀម​រាប ក៏​បាន​ជួយ​ជ្រោមជ្រែង​ផង​ដែរ ជាមួយ​នឹង​ការ​ឲ្យ​ស្នាក់​នៅ​ដោយ​មិន​គិត​ថ្លៃ ការ​ដឹកជញ្ជូន​ធ្វើ​ដំណើរ សន្តិសុខ និង​ការ​រៀបឆាក​សម្តែង​នៅ​ថ្ងៃ​ទី១៤ និង​១៥ ខែ​កក្កដា កន្លង​ទៅ។

លោក​ដួង វាសនា និង​លោក​ចំរើន ដារ៉ា អ្នក​របាំ​នៃ​ក្រុម​របាំ Prumsodun Ok & NATYARASA ធ្វើ​ការ​សម្តែង​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត៖ Tom Whittaker)
លោក​ដួង វាសនា និង​លោក​ចំរើន ដារ៉ា អ្នក​របាំ​នៃ​ក្រុម​របាំ Prumsodun Ok & NATYARASA ធ្វើ​ការ​សម្តែង​ជា​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត៖ Tom Whittaker)

ក្រុម​របាំ​អាជីព Prumsodun OK & NATYARASA បាន​សម្តែង​របាំ​ចំនួន​បី​ផ្សេងគ្នា ដែល​រួម​មាន​ របាំ PRUM x POP ដែល​មាន​ចាប់​ពី​របាំ​ប្រពៃណី​ខ្មែរ រហូតដល់​ចម្រៀង​ប៉ុប របាំ Beloved ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ព្រះរាជា​ខ្មែរ​នៅ​សតវត្ស​ទី ១៣ ទៅ​លើ​ទឹកដី​ខ្មែរ និង​របាំ Santhyea Vehea ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ការ​រៀបការ​រវាងបុរស​ពីរ​នាក់។

លោក Prumsodun សង្ឃឹម​ថា ទស្សនិកជន​ដែល​មាន​ការ​បើកចិត្ត​ទូលាយ នឹង​គិត​ថា ការ​សម្តែង​នោះ​ជា​ ការ​វាស់វែង​មួយ​ នៃ​ការណ៍​ដែល​អ្នកស្រឡាញ់​ភេទ​ដូចគ្នា អាច​បង្កើត​សិល្បៈ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ។ លោក​បាន​និយាយ​ថា៖

«ខ្ញុំ​ចង់​ឲ្យ​ក្រុម​របាំ​នេះ​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​ក្តី​ស្រឡាញ់ ភាព​ក្លាហាន និង​សោភណភាព»៕

XS
SM
MD
LG