ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលហេតុ​ដែល​ជនជាតិ​អាស៊ី​ទម្លាប់​ពាក់​ម៉ាស់​ជា​ច្រើន​ទសវត្ស​តាំង​ពី​មុន​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា


រូបឯកសារ៖ កម្មកររោងចក្រកំពុងរៀបចំម៉ាសនៅរោងចក្រមួយកន្លែងក្នុងទីក្រុង Handan ខេត្តហ៊ូបេ ប្រទេសចិន កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ កម្មកររោងចក្រកំពុងរៀបចំម៉ាសនៅរោងចក្រមួយកន្លែងក្នុងទីក្រុង Handan ខេត្តហ៊ូបេ ប្រទេសចិន កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០។

ជនជាតិ​ជប៉ុន​តែង​ពាក់​ម៉ាស់​មុខ​នៅ​ពេល​ពួក​គេ​មិន​ស្រួល​ខ្លួន ​ដែល​ជា​កាយវិការគួរ​សម​ដើម្បី​បង្ការ​មិន​ឲ្យ​ពួក​គេ​កណ្តាស់​ដាក់​អ្នក​ដទៃ។ ស្ត្រី​ជប៉ុន​ពាក់​ម៉ាស់​មុខ​ក្នុង​ថ្ងៃ​ដែល​ពួក​គេ​មិន​មាន​ពេល​ដើម្បី​ប្រើប្រាស់​គ្រឿង​សំអិត​សំអាង​មុខ។

ពលរដ្ឋ​ហ្វីលីពីន​ដែល​ជិះ​ម៉ូតូ​ពាក់​ម៉ាស់មុខ​ដើម្បី​ការពារ​ផ្សែង​រថយន្តនៅ​ពេល​មាន​ចរាចរណ៍​កក​ស្ទះ​ខ្លាំង។ ​នៅ​កោះ​តៃវ៉ាន់ ពលរដ្ឋ​កោះ​នេះ​និយាយ​ថា​ ម៉ាស់​មុខជួយ​រក្សា​កម្តៅ​នៅ​មុខ​ពួក​គេ​ក្នុង​រដូវ​រងារ ​ហើយ​ការ​ពារ​មុខ​របស់​គេ​ពី​ជាតិ​ពុល​ក្នុង​ខ្យល់​អាកាស​រួម​ទាំង​មេរោគ​ដែល​ឆ្លង​តាម​ខ្យល់។​

ម៉ាស់​មុខ​មាន​ប្រជាប្រិយភាព​ខ្លាំង​រហូត​ដល់​អ្នក​ផលិត​ម៉ាស់​ខ្លះ​ផលិត​វា​សម្រាប់​ជា​គ្រឿង​លម្អ​ម៉ូដ​សម្លៀក​បំពាក់​សុទ្ធ​សាធ ​ដោយ​មិន​មាន​តួនាទី​ការពារ​អ្វី​ទេ។​

ពលរដ្ឋ​អាមេរិកាំង​ម្នាក់​ដែល​ធ្លាប់​រស់​នៅ​ប្រទេស​ជប៉ុន​គឺ​លោកBradley Suttonថ្លែង​ថា៖ «នៅ​អាស៊ី​ពាក់ម៉ាស់​មុខ​ជារឿង​សំខាន់​ ព្រោះ​វា​ជា​វប្បធម៌​ ​ហើយ​ត្រូវ​ពាក់​ក្នុង​ឱកាស​ជាច្រើនច្រើន​ជាង​ការ​ពាក់​ម៉ាស់​មុខ​នៅស.រ.អា.»។

លោក Sutton​អាច​មើល​ឃើញ​ជាក់​ស្តែង​ពី​កំណើន​យ៉ាង​ខ្លាំង​នៃ​ការ​បញ្ជា​ទិញ​ម៉ាស់​មុខ​តាម​អនឡាយ ​ព្រោះ​តួនាទី​បច្ចុប្បន្ន​របស់​លោក​ជា​ប្រធាន​ខាង​ការ​បណ្តុះ​បណ្តាល​នៃ​ក្រុមហ៊ុន Helium10 ​ដែល​ជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅរដ្ឋ​កាលីហ្វ័រញ៉ា ​ហើយ​ដែលផ្តល់​កម្មវិធី​ software ​កុំព្យូទ័រ​ដល់​អ្នក​ដែល​លក់​ផលិតផល​តាម​គេហទំព័រ​លក់​ទំនិញ​គឺ​ Amazon។​

ការ​ពាក់​ម៉ាស់មុខនៅ​តាម​ផ្លូវ​សាធារណៈ​បាន​ក្លាយ​ជា​រឿងធម្មតា​សម្រាប់បណ្តា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ ​នៅ​ក្រោយ​ពី​មាន​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​សារស៍ ​(SARS) ដែល​បាន​ចាប់​ផ្តើម​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០០២​ នៅ​មុន​ពេល​ដែល​ជំងឺ​នេះ​ចាប់​ផ្តើម​ឆ្លង​រាលដាល​ទៅ​ដល់​ប្រទេស​សិង្ហបុរី​និង​កោះ​តៃវ៉ាន់​ទៀត​នៅ​ឆ្នាំ​បន្ទាប់។ ​បច្ចុប្បន្ន​នេះ អ្នក​ផលិត​ម៉ាស់មុខ​នៅ​អាស៊ី​បូព៌ាអាច​ផលិត​ម៉ាស់​បាន​ចំនួន​១០​លាន​ទៅ​២០​លាន​ម៉ាស់​ក្នុង​មួយ​ខែ។​

អ្នកស្រី Chen Yih-chun ប្រធាន​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លង​នៃ​មន្ទីរពេទ្យ​សាកល​វិទ្យាល័យ​ជាតិ​តៃវ៉ាន់ ក្នុង​ទី​ក្រុង​តៃប៉ិ​ថ្លែង​ថា ​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​សារស៍​ជា​ចំណុច​របត់​សម្រាប់​ទ្វីប​អាស៊ី។ ​អ្នកស្រី​បញ្ជាក់​ថា ​នៅ​មុនការ​ផ្ទុះ​ជំងឺ​សារស៍ ​ពលរដ្ឋ​តៃវ៉ាន់មិន​ហ៊ាន​ពាក់​ម៉ាស់មុខ​ទេ ​ដោយ​ខ្លាច​អ្នក​ផ្សេង​គិត​ថា​ពួក​គេ​ពាក់​ម៉ាស់​ដោយ​សារ​មាន​ជំងឺ​ធ្ងន់ធ្ងរ។​

ដោយ​អ្នកស្រី​ពន្យល់​ថា៖ «រឿង​ដែល​យើង​ត្រូវ​លើក​យក​ព្រឹត្តិ​ការណ៍​ផ្ទុះ​ជំងឺ​សារស៍​មក​និយាយព្រោះ​ក្នុង​អំឡុង​និង​មុនជំងឺ​សារស៍ ​គេ​ពិបាក​ពាក់​ម៉ាស់​ណាស់ ​ហើយ​សូម្បី​អ្នក​ជំងឺ​មិន​ព្រម​ពាក់​ម៉ាស់​មុខ​តាម​ការ​ណែនាំ​ផង»។​

ប៉ុន្តែ​ជនជាតិជប៉ុនវិញបាន​ចាប់​ផ្តើម​ពាក់​ម៉ាស់​មុខ​តាំង​ពី​ទសវត្ស​១៩៥០ ​ដើម្បី​ការពារ​នឹង​ការ​បំពុល​បរិយាកាស​នៅ​ទី​នោះ ​ដែល​ជា​លទ្ធផល​នៃ​កំណើន​ឧស្សាហ​កម្ម​នៅ​ប្រទេស​ជប៉ុន​ពេល​នោះ។ ​ លោក Suttonថា​ បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​ជប៉ុន​ បើ​ពលរដ្ឋគ្រាន់​តែ​មាន​«អារម្មណ៍​មិន​ស្រួល​ខ្លួន» ​ជនជាតិ​ជប៉ុន​នឹង​ពាក់​ម៉ាស់​មុខ​ដើម្បី​ជា​ការ​គួរ​សម។​

ពលរដ្ឋជប៉ុនដែលពាក់ម៉ាស់ធ្វើដំណើរតាមរថភ្លើងមួយ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។
ពលរដ្ឋជប៉ុនដែលពាក់ម៉ាស់ធ្វើដំណើរតាមរថភ្លើងមួយ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

នៅ​ប្រទេស​ចិន​វិញ យុវជន​ចិន​ពាក់​ម៉ាស់​មុខ​ដើម្បីបង្កើត​នូវ​«របាំង​សង្គម»​ មួយ​កំុំ​ឲ្យអ្នក​ដទៃ​មក​ក្បែរ ​ឧទាហរណ៍ដូច​ជា​នៅ​តាម​ប្រព័ន្ធរថភ្លើងក្នុង​ទីក្រុង​សៀងហៃ។ ​នេះ​បើ​តាម​គេហទំព័រ​ព័ត៌មានវប្បធម៌​និង​ព័ត៌មាន​វិភាគ​ឈ្មោះ​ China Under The Radar​ ដែល​បាន​ផ្សាយ​នៅ​ក្នុង​បទ​អត្ថាធិប្បាយ​មួយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៩។

គេហទំព័រ​នេះ​ថែម​ទាំងបញ្ជាក់​ថា​ ម៉ាស់​មុខ​មាន​ប្រយោជន៍​សម្រាប់​លាក់​អត្ត​សញ្ញាណ​របស់​បុគ្គល។ ​ក្នុង​ន័យ​នេះ ម៉ាស់​មុខ​ពណ៌​ខ្មៅ បាន​ក្លាយ​ទៅ​ជា​និមិត្តរូប​នៃ​បាតុកម្ម​នៅ​ទី​ក្រុង​ហុងកុង​កាល​ពី​ឆ្នាំ​មុន ​ដែល​ត្រូវ​ចូលរួមដោយ​ពលរដ្ឋ​ដែល​សង្ឃឹម​ថា​អាច​លាក់​អត្តសញ្ញាណ​មិន​ឲ្យ​ប៉ូលិស​និង​និយោជក​របស់​ពួក​គេ​មើល​ស្គាល់។​ បទ​អត្ថាធិប្បាយ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​នៅ​ក្នុង​ប្រវត្តិល្ខោន​ប្រពៃណី​ចិន ​ម៉ាស់​មុខ​មាន​តួនាទី​លាក់​អត្តសញ្ញាណ​នៃ​តួ​សម្តែង។​

នៅ​កោះ​តៃវ៉ាន់ ​មនុស្ស​ចាស់​ថែម​ទាំង​ពាក់​វ៉ែនតា​ខ្មៅ​និង​មួក​ថែម​ទៀត​ជាមួយ​នឹង​ម៉ាស់​មុខ ដើម្បី​បិទបាំង​មុខ​ទាំង​មូល​តែ​ម្តង។ ​ការ​បិទ​មុខ​ទាំង​ស្រុង​នេះ​ជួយ​ការពារ​ពី​ពន្លឺ​ថ្ងៃ ​ហើយ​អ្នក​ប្រើប្រាស់​ខ្លះ​និយាយ​ថា ​ជួយ​ការពារ​គេ​កុំ​ឲ្យ​រង​ជាតិ​ពុល​ក្នុង​ខ្យល់​អាកាស។ ​ការ​ពាក់​ម៉ាស់​មុខ​ទំនើបៗ​ដែល​អាច​ទប់ទល់​ខ្យល់​អាកាស​ពុល ​គឺ​ជា​រឿង​ធម្មតា​នៅ​តាម​ទី​ក្រុង​ធំៗ​នៅ​ប្រទេស​ចិន​ដី​គោក។​

ការ​ប្រើប្រាស់ម៉ាស់មុខ​យ៉ាង​ទូលំទូលាយ​នៅ​អាស៊ី​ ឥឡូវ​នេះ​មាន​ហួស​ពី​ការ​ណែនាំ​ពី​មន្ត្រី​សុខាភិបាល​ទៅ​ទៀត ​ខណៈ​ដែល​មនុស្សម្នា​មាន​ការ​ភិតភ័យ​កាន់​តែ​ខ្លាំង​អំពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា ​កូវីដ១៩ ​ដោយ​សារ​មនុស្ស​ទូទៅ​មាន​ទម្លាប់​ពាក់​ម៉ាស់​មុខ​រួច​ទៅ​ហើយ។ ​នៅ​កោះ​តៃវ៉ាន់ ក៏​ដូច​ជា​នៅ​កូរ៉េ​ខាង​ត្បូង ​ការ​សម្រុក​ទិញ​ម៉ាស់​មុខ​ច្រើន​ពេក​បាន​នាំ​ឲ្យ​មាន​ការ​កំណត់​ចំនួន​ទិញ។​

រដ្ឋាភិបាល​នៅ​សិង្ហបុរី​និង​តៃវ៉ាន់ បាន​ណែនាំ​ឲ្យ​ពាក់​ម៉ាស់​មុខ​សម្រាប់​តែ​អ្នក​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ​ហើយ។ ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ ជន​ទាំង​ឡាយ​មិន​ចាំ​បាច់​ពាក់​ម៉ាស់​ទេ ​លើក​លែង​តែ​ក្នុង​ករណី​ដែល​ពួក​គេ​កំពុង​ថែ​ទាំ​អ្នកជំងឺ​កូវីដ១៩។ ​មក​ទល់​នឹង​ពេល​នេះ មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ បាន​ឆ្លង​និង​ធ្វើ​ឲ្យ​មនុស្សជាង ១៨៥.០០០ នាក់​នៅ​ទូទាំង​ពិភពលោក​ធ្លាក់​ខ្លួន​ឈឺ និង​បាន​សម្លាប់មនុស្សជាង​៧.៣០០​នាក់​ គិតមក​ត្រឹម​ថ្ងៃ​ទី​១៧ ​ខែ​មីនានេះ។ ​

ម៉ាស់​មុខ​ធម្មតា​ដែល​គ្រូ​ពេទ្យ​ប្រើ​ក្នុង​ពេល​វះកាត់ ​បាន​ត្រឹមទប់​ជាប់តំណក់​ទឹក​ពី​មាត់​និង​ច្រមុះ​ប៉ុណ្ណោះ ​ហើយ​មិន​អាច​ទប់​នឹង​មេរោគ​ដែល​ឆ្លង​តាម​ខ្យល់​អាកាស​ទេ។​

រដ្ឋមន្ត្រី​សុខាភិបាល​និង​សុខុមាលភាព​តៃវ៉ាន់ លោក Chen Shih-chung ​បាន​ណែនាំ​ពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ​មិន​ឲ្យ​ពាក់​មាស់​មុខ ​លើក​លែង​តែ​ក្នុង​ករណី​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​ដែល​មាន​អ្នក​ណា​ម្នាក់​ដែល​អាច​ក្អក​ឬ​កណ្តាស់។​

លោក Chen ថ្លែង​ថា៖«យើង​នៅ​តែ​និយាយ​ថា ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ជា​ទូទៅ​មិន​ចាំបាច់​ពាក់​ម៉ាស់​មុខ​ទេ ​ប៉ុន្តែ​យើង​នៅ​តែ​ចង់​ណែនាំ​ថា ​ប្រសិន​បើ​អ្នក​ទៅ​ដល់​កន្លែង​មួយ​ដែល​មាន​ហ្វូង​មនុស្ស​ហើយ​អ្នក​ស្ថិត​នៅ​ទី​នោះ​រយៈ​ពេល​យូរ ​ ការ​ពាក់​ម៉ាស់មុខ​អាច​ការពារ​ខ្លួន​អ្នក​និង​អ្នក​ដទៃ​ទៀត»។

នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទី​ក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់ គេ​ឃើញ​មនុស្ស​ប្រហែល​ពាក់​កណ្តាល​ពាក់​ម៉ាស់​មុខ ​ហើយ​នៅ​តាម​ប្រព័ន្ធ​ធ្វើ​ដំណើរ​សាធារណៈ​ដូច​ជា​រថយន្ត​និង​រថភ្លើង​ក្រុង ​គេ​ឃើញ​មាន​មនុស្ស​យ៉ាង​តិច​៩​នាក់​ក្នុង​ចំណោម​១០​នាក់​ពាក់​ម៉ាស់​មុខ។

មន្ទីរពេទ្យ​នានា​និង​សាលារៀន​មួយ​ចំនួន​នៅ​កោះ​តៃវ៉ាន់​តម្រូវ​ឲ្យ​ជន​ទាំង​អស់​ដែល​ចូល​មន្ទីរពេទ្យ​និង​សាលារៀន​ត្រូវ​ពាក់​ម៉ាស់​មុខ។​

ជនជាតិ​អាស៊ី​ដែល​មិន​ទម្លាប់ពាក់​ម៉ាស់​មុខ​ពី​មុន​មក ​ឥឡូវ​នេះ​ក៏​ពាក់​វា​ដែរ​ដើម្បី​កុំឲ្យ​គេ​គិតថា​ពួក​គេ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ហ្វូង​មនុស្ស។ ​

អ្នក​ស្រី ​Olivia Huang​ គ្រូ​សាលា​មធ្យម​សិក្សា​មួយ​រូប​ក្នុង​ទី​ក្រុង​តៃប៉ិដែល​ទើប​ចាប់​ផ្តើម​ពាក់​ម៉ាស់​មុខ​នៅ​ក្នុង​ឆ្នាំ​នេះ ​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​ត្រូវ​ពាក់ម៉ាស់​ជាពិសេស ជួនកាល​ខ្ញុំខ្អក​ដោយ​សារ​និយាយ​ច្រើន​ក្រោយពី​បង្រៀន​ច្រើន​ម៉ោង​ជាប់គ្នា ។​ខ្ញុំ​ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃ​បារម្ភ។​ ការ​ពាក់​ម៉ាស់នេះ​មិន​មែន​សម្រាប់​តែ​ខ្លួន​ខ្ញុំ​ម្នាក់​ទេ ​ប៉ុន្តែ​វា​ជា​មធ្យោបាយជួយ​បន្ថយ​ការ​ភិតភ័យ​របស់​អ្នក​នៅ​ជុំ​វិញ​ខ្ញុំ»៕​

ប្រែ​សម្រួ​ល​ដោយ​សឹង សុផាត

XS
SM
MD
LG