ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​មន្ទីរ​ពេទ្យ​នៅ​កូរ៉េ​ខាងត្បូង​ខ្វះ​កន្លែង​សម្រាប់​ព្យាបាល​​អ្នក​មាន​ជំងឺ​កូរ៉ូណា Covid-19


រូបភាពបញ្ចេញដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បង្ហាញពីសកម្មភាពកម្ចាត់មេរោគនៅក្រុងព្យុងយ៉ាង កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ត្បូង​កាល​ពី​ថ្ងៃ​ពុធបាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ចំនួន​៥០០​ករណី​ទៀត ខណៈ​ដែល​មន្ត្រី​សុខាភិបាល​និយាយ​ថា ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​ចំនួន​២.០០០​នាក់​នៅ​ទី​ក្រុង​ដែលមាន​ការ​ផ្ទុះ​រាលដាល​មេរោគ​ Covid-19 នេះ​ធ្ងន់ធ្ងរ​ជាង​គេ កំពុង​រង់​ចាំ​យកកន្លែង​ទំនេរ​នៅ​មន្ទីរ​ពេទ្យ។

កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ដែល​មានចំនួន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ច្រើន​ជាង​គេ​ក្រៅ​ពី​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​គ្រោង​នឹង​ចំណាយ​ថវិកា ១០​ពាន់លាន​ដុល្លារ​ដើម្បី​សម្ភារៈ​សុខាភិបាល និង​វិធានការ​នានា​ដើម្បី​ទប់​ទល់​នឹង​ផល​វិបាក​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ការ​រីករាលដាល​នៃ​មេរោគ​នេះ។

​ប្រទេស​ចិន​បន្ត​រាយការណ៍​ពីការ​ធ្លាក់​ចុះ​នៃ​ចំនួនអ្នក​ឆ្លង​ថ្មី​ ដោយ​នៅ​ថ្ងៃ​ពុធ​មាន​ករណី​ឆ្លង​ថ្មី​ត្រឹម​១១៩ ករណី​ ដែល​ខុស​ឆ្ងាយ​ពី​ការ​ឆ្លង​ថ្មី​រាប់​ពាន់​ក្នុង​មួយៗ ដែល​ចិន​បាន​រាយការណ៍​ពី​មុនៗ។

ការ​ផ្តោត​ជា​អន្តរជាតិ​ទៅ​លើ​ការ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​នេះ បាន​ផ្តោត​ទៅ​លើ​ប្រទេស​ដូច​ជា​អ៊ីតាលី​និង​អ៊ីរ៉ង់​វិញ ដែល​នៅ​ទី​នោះ គេ​មិន​ត្រឹម​ឃើញ​មាន​អ្នក​ឆ្លង​វីរុស​ Covid-19 កើន​ឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែពលរដ្ឋ​ប្រទេស​នេះ​បាន​ចម្លង​បន្ត​ដល់​ប្រទេស​ផ្សេង​ទៀត។

អ៊ីតាលី​កាលបាន​រាយការណ៍​ពី​ស្លាប់​កើន​ឡើង​យ៉ាង​គំហុក ដោយ​មាន​អ្នក​ស្លាប់​ចំនួន​៧៩​កាល​ពី​ថ្ងៃ​អង្គារ ដែល​ជា​ចំនួន​ស្លាប់​ច្រើន​បំផុត​នៅ​ក្រៅ​ប្រទេស​ចិន។ ប្រទេស​ឥណ្ឌា​ ដែល​មាន​ករណី​ឆ្លង​ទាក់ទង​នឹង​អ្នក​ទេសចរ​អ៊ីតាលីរាយការណ៍​ក្នុង​ថ្ងៃ​ពុធ​នេះ​ថា​ខ្លួន​មាន​អ្នក​ឆ្លង​កើន​ដល់​២៨​នាក់។

ប្រទេស​អ៊ីរ៉ាក់​បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដំបូង​របស់​ខ្លួន​នៃអ្នក​ជំងឺ​ Covid-19 ដែល​ឆ្លង​ពី​អ៊ីរ៉ង់។

នៅ​ទូទាំង​ពិភពលោក វីរុសកូរ៉ូណា​ប្រភេទ​ថ្មី​នេះបាន​ឆ្លង​ដល់​មនុស្ស​ជាង​៩៣.០០០​នាក់ និង​សម្លាប់​មនុស្ស​ជាង​៣.១០០​នាក់ ដែល​ចំនួន​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។

ប្រទេស​ដែល​ឆ្លង​ថ្មី​នៅ​ពេល​នេះ រួម​មាន ហ៊្សកដានី ម៉ារ៉ុក សេណេហ្គាល់ ព័រទុយហ្គាល់ និង អារ៉ាប៊ីសាអ៊ូឌីត។

អង្គការ​សុខភាព​ពិភពលោកកាល​ពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ឈប់​ទិញ​ស្តុក​ទុកម៉ាស់​មុខ​និងសម្ភារៈ​ការពារ​ផ្សេង​ទៀត ដោយ​ទុក​សម្ភារៈ​ទាំង​នេះ​សម្រាប់​បុគ្គលិក​សុខាភិបាល​ដែល​ត្រូវ​ការ​ចាំ​បាច់៕

XS
SM
MD
LG