ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ន័រវែស ការពារ​នូវ​កិច្ចប្រជុំ​ដែល​ខ្លួន​បាន​រៀបចំ​ឡើង​ជាមួយ​ក្រុម​តាលីបង់


នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​ពួកតាលីបង់​អាហ្វហ្គានីស្ថាន និង​ថត​នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បង្ហាញ​អំពី​សមាជិក​មន្ត្រី​ជាន់ខ្ពស់​តាលីបង់​លោក Anas Haqqani (ស្តាំ) និង​គណៈប្រតិភូ កំពុង​អង្គុយ​នៅ​លើ​យន្តហោះ​មុនពេល​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុងអូស្លូ។
នៅក្នុង​រូបថត​ដែល​ចេញផ្សាយ​ដោយ​ពួកតាលីបង់​អាហ្វហ្គានីស្ថាន និង​ថត​នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បង្ហាញ​អំពី​សមាជិក​មន្ត្រី​ជាន់ខ្ពស់​តាលីបង់​លោក Anas Haqqani (ស្តាំ) និង​គណៈប្រតិភូ កំពុង​អង្គុយ​នៅ​លើ​យន្តហោះ​មុនពេល​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុងអូស្លូ។

នាយក​រដ្ឋមន្ត្រី​ប្រទេស​ន័រវែស​លោក Jonas Gahr Stoere បាន​ពណ៌នា​ការចរចា​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេសរបស់​លោកក្នុង​សប្តាហ៍​នេះ រវាង​ក្រុម​តាលីបង់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន និង​សកម្មជន​សង្គម​ស៊ីវិលអាហ្វហ្គានីស្ថាន​ ក៏​ដូច​ជា​មួយ​ក្រុម​អ្នក​ការទូត​ប្រទេស​លោក​ខាង​លិច​ថា មានលក្ខណៈ​«ហ្មត់ចត់» និង«ស្មោះត្រង់» ជុំវិញវិបត្តិមនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ការចរចា​ដែល​មាន​រយៈពេល​៣ថ្ងៃ​ បាន​បញ្ចប់ទៅ​កាលពី​ថ្ងៃ​អង្គារ នៅពេល​ដែល​មាន​ការប្រឆាំង​តវ៉ា ​និង​ការរិះគន់​ផង​ដែរ ជា​ពិសេស​ពី​ក្រុមសិទ្ធិមនុស្ស​អាហ្វហ្គានីស្ថាន​អំពី​ការសម្រេច​ចិត្ត​របស់​ប្រទេស​ន័រវែស​ក្នុង​ការ​រៀប​ចំនូវ​កិច្ចប្រជុំ​នេះ​ឡើង​ជាមួយ​ក្រុម​អ៊ិស្លាម​តាលីបង់​ ដែល​បានដណ្តើម​អំណាចនៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​សីហា​ឆ្នាំ​ទៅ។

លោក Gahr Stoere បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ថា កិច្ចប្រជុំ​ទាំង​នោះ​ មិនមែន​ជា​ការទទួលស្គាល់​នូវ​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ក្រុម​តាលីបង់​ដែល​ប្រកាន់​នយោបាយ​តឹងតែង​នៅ​ក្នុង​ទីក្រុង​កាប៊ុល​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា នេះ​ជា​ជំហាន​ដំបូង​មួយ​នៅ​ក្នុង​ការទាក់ទង​ជា​មួយ​អាជ្ញាធរ​អាហ្វហ្គានីស្ថាន​ដើម្បី​រារាំង​គ្រោះមហន្តរាយ​មនុស្ស​ធម៌​នៅ​ក្នុង​ប្រទេស​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​និយាយ​ទៀត​ថា «វាមិន​មែនជា​សកម្មភាព​នៃ​ការទទួល​ស្គាល់​ក្រុម​តាលីបង់​នោះ​ទេ។ វា​គ្រាន់​តែ​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការដោះស្រាយ​បញ្ហា​មនុស្ស​ធម៌...វា​ជា​ការ​បញ្ជូន​សារដ៏​ច្បាស់ទៅ​ក្រុម​តាលីបង់​ និង​ការបញ្ជាក់​នូវការរំពឹង​ទុក​របស់អន្តរជាតិ និងការ​ស្តាប់​សារ​របស់​ក្រុម​តាលីបង់តែ​ប៉ុណ្ណោះ។ ដូច​នេះ ខ្ញុំ​ជឿ​ថា នេះ​ ជា​វិធានការ​មួយ​ដែល​អាច​ទៅ​រួច​ដើម្បី​ឲ្យ​អ្នក​ដែល​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ធ្វើ​ការទទួល​ខុសត្រូវ»។​

គណៈប្រតិភូ​របស់​ក្រុម​តាលីបង់​ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ការបរទេស Amir Khan Muttaqi បាន​ជួប​ប្រជុំ​ពិភាក្សា​ជា​មួយសមាជិក​នៃ​ក្រុម​សង្គម​ស៊ីវិលអាហ្វហ្គានីស្ថាន​ដែល​រួម​មាន​ស្ត្រី​ផងដែរ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បន្ទាប់មក​នៅ​ថ្ងៃចន្ទ ​និង​ថ្ងៃ​អង្គារ មាន​ការចរចា​ពហុភាគី​ជាមួយ​ក្រុម​អ្នក​ការទូតមក​ពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស​ បារាំង អ៊ីតាលី អង្គការ​សហប្រជាជាតិ​ និង​ប្រទេសន័រវែស​ដែល​ជាប្រទេស​ម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំ​នេះ។

កិច្ចប្រជុំ​សម្ងាត់​នេះ​ដែលត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយក្នុង​រាជធានី​អូស្លូ ប្រទេស​ន័រវែស ត្រូវ​បាន​ពិភាក្សា​បញ្ហា​ជា​ច្រើន​ដែល​ក្នុង​នោះ​រួម​មានការសិក្សា​អប់រំសម្រាប់​ស្ត្រីអាហ្វហ្គានីស្ថាន ជំនួយ​មនុស្សធម៌​ និងការដាក់​បញ្ជូល​គ្រប់​ភាគី​ទាំងអស់​ទៅក្នុងរដ្ឋាភិបាល​ចាំផ្ទះ​ ដែល​ក្រុម​តាលីបង់​បាន​រៀប​ចំឡើង​ចាប់​តាំង​ពីខ្លួនចូល​គ្រប់គ្រង​នៅ​ក្នុង​ប្រទេសដែល​ហែក​ហូរ​ដោយ​ជម្លោះ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ ​នៅ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​ ប្រកាស​ទទួល​ស្គាល់​របបតាលីបង់នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅឡើយ​នោះ​ទេ៕

អ្នកយក​ព័ត៌មាន​របស់ VOA អ្នកស្រី Margaret Besheer រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG