ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ញត្តិ​ថ្មី​របស់​ក្រុម​តាលីបង់ ហាម​ឃាត់​ការផ្សាយ​ទូរទស្សន៍​រឿង​ភាគ​ដែល​មាន​សិល្បការិនី


បុរស​ម្នាក់ ដើរ​កាត់​អគារ​ក្រសួង​កិច្ចការ​នារី​ដែល​ត្រូវ​បាន​បិទ​នៅ​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០២១។ ពួក​តាលីបង់ បាន​បង្កើត​ក្រសួង​មួយ​សម្រាប់ «ការ​ផ្សព្វផ្សាយ​គុណធម៌ និង​រារាំង​អំពើ​អបាយមុខ​» នៅ​ក្នុង​អគារ​នេះ។

ក្រុម​តាលីបង់​កាលពី​ថ្ងៃ​អាទិត្យ បាន​បញ្ជា​ឲ្យ​បណ្តាញ​ទូរទស្សន៍ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បញ្ឈប់​ការផ្សាយ​រឿងភាគ​តាម​ទូរទស្សន៍​ដែល​បង្ហាញ​សិល្បការិនី ​ហើយ​បាន​និយាយ​ថា អ្នក​កាសែតស្រី ត្រូវតែ​ពាក់​ស្បៃគ្រប​មុខ ស្រប​ទៅ​តាម​ការ​បកស្រាយ​នៃ​ច្បាប់​ឥស្លាម ​ឬ Sharia។

ការ​រឹតត្បិត​នេះ ជា​ផ្នែក​មួយ​នៃបញ្ញត្តិ​ណែនាំ​៨ចំណុច​ថ្មី​ដែល​ត្រូវ​បាន​ចេញ​ដោយ​ក្រសួង​របស់​តាលីបង់​សម្រាប់​ការ​លើក​តម្កើងគុណធម៌​ និង​រារាំង​អំពើ​អបាយមុខ ​ឬ​ដែល​គេ​តែងស្គាល់​ថា​ ជាប៉ូលិស​សីលធម៌​ នៅ​ក្នុង​សញ្ញាមួយ​ពេល​ថ្មីៗ​នេះ​ដែល​បង្ហាញ​ថា​ ក្រុម​ប្រកាន់​នយោបាយ​តឹង​តែង​នេះ កំពុង​រឹតត្បិត​សិទ្ធិ​របស់​ស្ត្រី។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គោលនយោបាយ​ថ្មីនេះ បាន​បញ្ជាក់​ថា ខ្សែ​ភាពយន្ត​និង​នាដកម្ម មិន​ត្រូវ​មាន​សិល្បការិនី​ទេ។ បន្ថែម​ពី​នេះ គោលនយោបាយ​ថ្មី បាន​រារាំង​ស្ថានីយ​ទូរទស្សន៍​មិន​ឲ្យ​បញ្ចាំង​រូបភាពក្រុម​បុរស​ដែល​គេ​ចាត់​ទុក​ថា មិន​បាន​ស្លៀក​សម្លៀក​បំពាក់​គ្របពីទ្រូង​ដល់​ជង្គង់​នោះ។ ​

ក្រសួង​ប៉ូលិស​សីលធម៌​នេះ​ ធ្លាប់​មាន​ក្នុង​អំឡុង​ពេល​នៃ​ការគ្រប់គ្រង​អំណាច​របស់​ក្រុម​តាលីបង់​កាលពី​ពេល​មុន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ពី​ឆ្នាំ១៩៩៦​ដល់​ឆ្នាំ២០០១ នៅពេល​ដែល​ក្រុម​នោះ បាន​ធ្វើ​ការអនុវត្ត​ដោយ​គ្មាន​ត្រាប្រណី​នូវការ​រឹតត្បិត​នេះដែល​ជា​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ។ ការ​រំលោភ​ធ្វើ​បាប​នៅពេល​នោះ​រួម​មាន​ទាំង​ការ​រារាំង​ស្ត្រី​មិន​ឲ្យ​ចាក​ចេញពី​ផ្ទះ ប្រសិន​បើ​ពួកគេ​មិន​មានការអម​ដំណើរ​ពី​បុរស​ដែល​ជា​សាច់ញាតិ​ជិតដិត​ ហើយ​ក្មេង​ស្រី ​មិន​បាន​ទទួល​ការ​សិក្សា​អប់រំ​ទេ៕

XS
SM
MD
LG