ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តាលីបង់​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ការ​បង្កក​ទ្រព្យសម្បត្តិ​អាហ្វហ្គានីស្ថាន


រូប​ឯកសារ៖ ជន​ភៀសសឹក​អាហ្វហ្គានីស្ថាន​ចែកចាយ​ស្បៀង​អាហារ​នៅ​ជំរំ​ជន​ភៀសសឹក​មួយ​កន្លែង​នៅ​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ជន​ភៀសសឹក​អាហ្វហ្គានីស្ថាន​ចែកចាយ​ស្បៀង​អាហារ​នៅ​ជំរំ​ជន​ភៀសសឹក​មួយ​កន្លែង​នៅ​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១។

កាលពី​ថ្ងៃ​ពុធ លោក Amir Khan Muttaqi រដ្ឋមន្ត្រី​ការបរទេស​តាលីបង់ (Taliban) នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សរសេរ «លិខិត​ចំហ» មួយ​ច្បាប់ ទៅ​កាន់​សភា​សហរដ្ឋ​អាមេរិក ដោយ​បាន​ព្រមាន​ថា​នឹង​មាន​ជន​ភៀសខ្លួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មិន​បញ្ឈប់​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជាង ៩ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ធនាគារ​កណ្តាល​អាហ្វហ្គានីស្ថាន និង​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ប្រឆាំង​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​នោះ​ទេ។

លោក Muttaqi បាន​សរសេរ​ថា ការ​ដាក់​ទណ្ឌកម្ម «មិន​ត្រឹមតែ​បាន​ធ្វើ​ឱ្យ​អន្តរាយ» ដល់​ពាណិជ្ជកម្ម​និង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បំផ្លាញ​ដល់​ជំនួយ​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​ផងដែរ។

លោក Muttaqi បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​មាន​ស្ថិរភាព​នយោបាយ​និង​សន្តិសុខ ចាប់តាំង​ពី​ក្រុម​របស់​លោក​បាន​វិលត្រឡប់​មកកាន់​អំណាច​វិញ​កាលពី​ខែ​សីហា​កន្លង​ទៅ​នេះ ប៉ុន្តែ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុងតែ​កើនឡើង​កំពុង​ធ្វើ​ឱ្យ​បញ្ហា​មនុស្សធម៌​កាន់តែ​អាក្រក់​ឡើង។

រូប​ឯកសារ៖ លោក Amir Khan Muttaqi រដ្ឋមន្ត្រី​ការបរទេស​តាលីបង់ ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១។
រូប​ឯកសារ៖ លោក Amir Khan Muttaqi រដ្ឋមន្ត្រី​ការបរទេស​តាលីបង់ ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការបរទេស​តាលីបង់​រូប​នេះ​បញ្ជាក់​ដូច្នេះ​ថា៖ «បញ្ហា​ប្រឈម​ចម្បង​នៅពេល​ឥឡូវ​នេះ​របស់​ប្រជាពលរដ្ឋ​របស់​យើង គឺ​សន្តិសុខ​ហិរញ្ញវត្ថុ ហើយ​ឫសគល់​នៃ​ក្ដី​កង្វល់​នេះ​គឺ​ដោយសារតែ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បង្កក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​របស់​យើង»។

លោក Muttaqi បាន​បន្ថែម​ថា៖ «យើង​មាន​ការព្រួយ​បារម្ភ​ថា ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​នៅ​បន្ត​ទៅ​មុខ​ទៀត រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​នឹង​ប្រឈម​នឹង​បញ្ហា ហើយ​នឹង​ក្លាយជា​បុព្វហេតុ​នៃ​ចំណាក​ស្រុក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្នុង​តំបន់​និង​លើ​ពិភពលោក»។

កាលពី​សប្តាហ៍​មុន ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័រវែស (Norwegian Refugee Council) បាន​រាយការណ៍​ថា ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ប្រហែល ៣០០.០០០ នាក់ បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​ចាប់តាំង​ពី​ខែ​សីហា​មក ហើយ​ពលរដ្ឋ​រហូត​ដល់ ៥.០០០ នាក់ បាន​បន្ត​ឆ្លងកាត់​ព្រំដែន​ដោយ​ខុស​ច្បាប់​ចូល​ទៅក្នុង​ប្រទេស​អ៊ីរ៉ង់​ជា​រៀងរាល់​ថ្ងៃ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​បាន​រារាំង​រដ្ឋាភិបាល​តាលីបង់​មិន​ឱ្យ​មាន​លទ្ធភាព​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​ជាង ៩ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ធនាគារ​កណ្តាល​អាហ្វហ្គានីស្ថាន ដែល​មួយ​ផ្នែក​ធំ​នៃ​ទ្រព្យ​សម្បត្តិ​នេះ​ស្ថិត​នៅ​ក្នុង​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក ចាប់តាំងពី​ពេល​ដែល​ក្រុម​តាលីបង់​បាន​ដណ្ដើម​គ្រប់គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ខែ​សីហា​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG