ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​ប្រឆាំង​កិច្ច​ព្រមព្រៀង​របស់​រុស្ស៊ី​ជាមួយ​កូរ៉េ​ខាងជើង


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចូលរួមពិធីស្វាគមន៍ជាផ្លូវការនៅទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ចូលរួមពិធីស្វាគមន៍ជាផ្លូវការនៅទីលាន Kim Il Sung ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

កូរ៉េ​ខាងត្បូង​បាន​ជំរុញ​រុស្ស៊ី​ឱ្យ​បញ្ឈប់ «កិច្ច​សហប្រតិបត្តិការ​ខុសច្បាប់» ជាមួយ​កូរ៉េ​ខាងជើង និង​បាន​បង្ហាញ «ក្ដី​បារម្ភ​ខ្លាំងក្លា» កាលពី​ថ្ងៃ​សុក្រ នៅ​ពេល​ដែល​រុស្ស៊ី​ឈាន​ទៅ​អនុម័ត​កិច្ច​ព្រមព្រៀង​ផ្នែក​ការពារ​ជាមួយ​នឹង​កូរ៉េ​ខាងជើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

នៅ​ពេល​ក្រោយ​មក ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ព្រមាន​ភ្លាមៗ​ថា រុស្ស៊ី​មាន​ផែនការ​បញ្ជូន​កងទ័ព​កូរ៉េ​ខាងជើង​ទៅ​សមរភូមិ​ប្រយុទ្ធ​លឿន​បំផុត​នៅ​ថ្ងៃ​អាទិត្យ​ខាងមុខ និង​បាន​ជំរុញ​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក​ឱ្យ​បង្កើន «ការ​ដាក់​សម្ពាធ​ជាក់ស្ដែង» លើ​កូរ៉េ​ខាងជើង។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សមាជិក​សភា​រុស្ស៊ី​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដើម្បី​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​ផ្នែក​ការពារ​ជាមួយ​កូរ៉េ​ខាងជើង ដែល​កិច្ច​ព្រមព្រៀង​នេះ​នឹង​ផ្ដល់​នូវ «ការ​ជួយ​ជ្រោមជ្រែង​ទៅវិញ​ទៅមក» ប្រសិនបើ​ភាគី​ណាមួយ​ប្រឈម​នឹង​ការ​ឈ្លានពាន។

កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ទាហាន​កូរ៉េ​ខាងជើង​រាប់​ពាន់​នាក់​កំពុង​ហ្វឹកហាត់​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​អ៊ុយក្រែន​បាន​លើកឡើង​នៅ​សប្ដាហ៍​នេះ​ថា​ទាហាន​ទាំងនោះ​បាន​ទៅ​ដល់ «តំបន់​ប្រយុទ្ធ» នៅក្នុង​តំបន់ Kursk នៃ​ប្រទេស​រុស្ស៊ី​ជាប់​ព្រំដែន​ជាមួយ​អ៊ុយក្រែន។

ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា កូរ៉េ​ខាងត្បូង «បាន​បង្ហាញ​ក្ដី​បារម្ភ​ខ្លាំងក្លា​ចំពោះ​ការ​អនុម័ត​របស់​រុស្ស៊ី​លើ​កិច្ច​ព្រមព្រៀង​រវាង​រុស្ស៊ី​និង​កូរ៉េ​ខាងជើង នៅ​ចំ​ពេល​ដែល​មាន​ការ​ដាក់​ពង្រាយ​ជា​បន្ត​នូវ​កងទ័ព​កូរ៉េ​ខាងជើង​ទៅកាន់​ប្រទេស​រុស្ស៊ី»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG