កូរ៉េខាងជើងនឹងបំផ្លាញទីកន្លែងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅចុងខែនេះ មុនសន្និសីទកំពូលជាមួយសហរដ្ឋអាមេរិក។ កូរ៉េខាងជើងបានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍នេះថា ខ្លួនសន្យាបំផ្ទុះរូងក្រោមដីរបស់ខ្លួននៅពីមុខបណ្តាញព័ត៌មានបរទេសដែលខ្លួនអញ្ជើញឲ្យចូលរួម។
ការបង្ហាញរូងក្រោមដី Punggye – ri ក្នុងតំបន់ភាគឦសាននឹងក្លាយជាជំហានមួយទៀតនៅក្នុងយុទ្ធនាការដើម្បីទាក់ទាញការគាំទ្ររបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយមានពិធីដែលត្រូវបានគ្រោងធ្វើឡើងរវាងថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែឧសភានេះ។
ការចរចាដែលបានសម្របសម្រួលដោយរដ្ឋាភិបាលក្រុងសេអ៊ូលបានឃើញទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងដែលប្រមាថមើលងាយនិងគំរាមកំហែងគ្នាទៅវិញទៅមកកាលពីឆ្នាំទៅ ក្លាយជាសន្និសីទកំពូលរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសសិង្ហបូរីនៅថ្ងៃទី១២ ខែមិថុនា។
ក៏ប៉ុន្តែ ការមន្ទិលសង្ស័យជាច្រើនបានព្រមានថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិន ទាន់បានធ្វើការតាំងចិត្តជាសាធារណៈណាមួយដើម្បីបោះបង់ចោលឃ្លាំងអាវុធរបស់ខ្លួនដែលរួមទាំងកាំជ្រួចមីស៊ីលដែលមានលទ្ធភាពបាញ់ដល់ដីគោកសហ រដ្ឋអាមេរិក។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ហើយបានសង្កត់ថា ការផ្ទៀងផ្ទាត់បាននឹងក្លាយជាគន្លឹះដ៏សំខាន់៕