ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​អាមេរិក​ថ្លែង​អំណរ​គុណ​​សិង្ហបូរី​ចំពោះ​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ចរចា​ជាមួយ​កូរ៉េខាង​ជើង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​និយាយ​ជាមួយ​លោក Lee Hsien Loong ​នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​សិង្ហបូរី ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាសថា លោក​និង​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន ​នឹង​ជួប​គ្នា​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​រដ្ឋ​ជាទីក្រុង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។

​សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ថ្លែង​អំណរ​គុណ​លោក​នាយករដ្ឋ​មន្រ្តី​ចំពោះ​សណ្តាន​ចិត្ត​របស់​លោក​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំជំនួប​នៅ​ថ្ងៃ​ទី១២ ​ខែ​មិថុនា​ខាង​មុខ​នេះ។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​ក៏​បាន​ប្រាប់ឲ្យ​ដឹងដែរថា ​មេដឹកនាំ​ទាំង​២​បាន​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​ក្នុង​តំបន់​ហើយ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​សិង្ហបូរី។

​សេចក្តី​ថ្លែងការណ៍​នោះ​បាន​ហៅ​ទំនាក់​ទំនង​នោះ​ថា ​ជា​ដៃគូ​ដ៏​ស្និទ​ស្នាល​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​អាស៊ី​ក្នុង​រយៈ​ពេល​ជាង​៥០​ឆ្នាំ​នេះ។

​លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​ប្រកាសពេល​វេលា​និង​ទីកន្លែង​នៃ​ជំនួប​នោះ​នៅ​ក្នុងសារតាម​ប្រព័ន្ធ ​Twitter កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​លោក​ត្រាំ​បាន​និយាយ​តាម​ប្រព័ន្ធ ​Twitter ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​បាន​ស្វាគមន៍​ជន​ជាតិ​អាមេរិកាំង​៣​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ដោះលែង​ដោយ​កូរ៉េ​ខាង​ជើង​ថា​ «យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ជំនួប​នេះ​ក្លាយ​ជា​ព្រឹត្តិការ​ពិសេស​សម្រាប់​សន្តិភាព​ពិភព​លោក‍»។

​បន្ទាប់​ពី​ស្វាគមន៍​បុរសទាំង​នោះ​នៅ​ឯ​ចំណត​យន្តហោះ ​Joint Base Andrews ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​លោក​ប្រធានាធិបតី​បាន​សម្តែង​នូវអំណរ​គុណ​ដល់​គីម ជុងអ៊ុន ​មេដឹកនាំ​កូរ៉េខាង​ជើង​ចំពោះ​ការ​ដោះ​លែង​ពួកគេ។ លោក​ត្រាំ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ប្រាកដ​គិតថា ​គីម ជុង​អ៊ុន ​ចង់​ធ្វើ​អ្វី​មួយ​ដើម្បី​នាំ​កូរ៉េខាង​ជើង​ចូល​ក្នុង​ពិភពលោក​ពិតប្រាកដ​មួយ‍»៕

XS
SM
MD
LG