ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងជើង​ថា​ការ​សាកល្បង​មីស៊ីល​របស់​ខ្លួន​គឺ​ធ្វើ​ឱ្យ​ដូច​ការ​វាយ​ប្រហារ​លើ​កូរ៉េ​ខាងត្បូង​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ


មេដឹកនាំ​កូរ៉េខាងជើ​ង​លោក Kim Jong Un ពិនិត្យ​មើល​ការសាកល្បង​នុយក្លេអ៊ែរនៅ​ទីតាំង​មួយ នៅ​ចន្លោះ​ពី​ថ្ងៃទី ២៥ ខែកញ្ញា ដល់​ថ្ងៃទី ៩ ខែតុលា។ (Korean Central News Agency/Korea News Service via AP)
មេដឹកនាំ​កូរ៉េខាងជើ​ង​លោក Kim Jong Un ពិនិត្យ​មើល​ការសាកល្បង​នុយក្លេអ៊ែរនៅ​ទីតាំង​មួយ នៅ​ចន្លោះ​ពី​ថ្ងៃទី ២៥ ខែកញ្ញា ដល់​ថ្ងៃទី ៩ ខែតុលា។ (Korean Central News Agency/Korea News Service via AP)

ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​ប្រទេស​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការ​សាកល្បង​មីស៊ីល​ជា​បន្តបន្ទាប់​របស់​ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ពេល​ថ្មីៗ​នេះ​គឺ​រៀបចំ​ឡើង​ដើម្បី​ជា​ការ​ព្រមាន​ដោយ​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​ការ​បាញ់​ស្រោច​ដាក់​លើ​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ដូច្នេះ​ដែរ បន្ទាប់ពី​កងទ័ព​កូរ៉េ​ខាងត្បូង​និង​កងទ័ព​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជាមួយ​គ្នា​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ពីរ​គ្រាប់​ទៀត​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ដែល​នេះ​គឺ​ជា​ការ​បាញ់​ដូច​នេះ​លើក​ទី ៧ ហើយ​ចាប់តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា​មក។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​និង​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un បាន​ណែនាំ​ការ​បាញ់​សាកល្បង​ដែល​ធ្វើ​ឡើង​ដោយ​កង​យោធា​នុយក្លេអ៊ែរ​នៅ​ក្នុង​រយៈពេល ២ សប្ដាហ៍​កន្លង​មក​នេះ ដែល​នៅ​ក្នុង​ការ​សាកល្បង​នោះ​គឺ​មាន​គ្រាប់​ផ្លោង​មីស៊ីល​ដែល​ធ្វើ​ត្រាប់​តាម​ការ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​ដែរ។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​បន្ថែម​ថា ការ​សាកល្បង​ទាំង​នេះ​មាន​បំណង​ចង់​បញ្ជូន​សារ​ខ្លាំងក្លា​អំពី​វិធីសាស្ត្រ​កម្លា​បែប​សង្គ្រាម។

ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​បញ្ជាក់​ទៀត​ថា ការ​សាកល្បង​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​ការ​វាយ​ប្រហារ​លើ​បញ្ជាការដ្ឋាន​យោធា កំពង់ផែ​ចម្បង និង​អាកាសយានដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដូច្នេះ​ដែរ។

ទីភ្នាក់ងារ​ព័ត៌មាន​របស់​កូរ៉េ​ខាងជើង​នេះ​បាន​លើកឡើង​ដូច្នេះ​ថា៖ «ប្រសិទ្ធភាព​និង​សមត្ថភាព​ប្រយុទ្ធ​ដែល​ផ្ដោត​លើ​ការ​ប្រតិបត្តិ​ជាក់ស្ដែង​នៃ​កងទ័ព​នុយក្លេអ៊ែរ​របស់​យើង​ត្រូវ​បាន​បង្ហាញ​ឡើង​ពេញ​ទំហឹង ស្រប​ពេល​ដែល​ខ្លួន​ប្រុងប្រៀប​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​វាយ​ប្រហារ​និង​បំផ្លាញ​គោលដៅ​នានា​នៅ​ពេល​ណា​មួយ​ក៏​បាន​និង​ចេញ​ពី​ទីតាំង​ណា​មួយ​ក៏​បាន»។

ទីភ្នាក់ងារ​ព័ត៌មាន KCNA នេះ​បាន​ដកស្រង់​សម្ដី​របស់​លោក Kim Jong Un ដែល​បាន​និយាយ​ថា៖ «បើ​ទោះបីជា​សត្រូវ​នៅ​បន្ត​និយាយ​អំពី​ការ​ពិភាក្សា​និង​ការ​ចរចា​ក៏ដោយ ក៏​យើង​មិន​មាន​អ្វី​ដែល​ត្រូវ​ពិភាក្សា​ឬ​ក៏​យើង​មាន​អារម្មណ៍​ថា​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នេះ​នោះ​ទេ»។

ទីភ្នាក់ងារ​ព័ត៌មាន KCNA នេះ​បាន​បញ្ជាក់​បន្ថែម​ថា គណបក្ស​ពលករ​របស់​ប្រទេស​កូរ៉េ​ខាងជើង​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​សម្រេច​ធ្វើការ​សាកល្បង​មីស៊ីល​ទាំង​នេះ​ដើម្បី​ជា​ការ​ឆ្លើយតប​ដោយ​ចៀស​មិន​រួច​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ទ្រង់ទ្រាយ​ធំ​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​និង​កងទ័ព​ជើង​ទឹក​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ ដែល​នៅ​ក្នុង​សមយុទ្ធ​នោះ​ក៏​មាន​ការ​ចូលរួម​ពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​និង​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ផង​ដែរ។

បន្ទាប់ពី​កូរ៉េ​ខាងជើង​បាន​លើកឡើង​ដូច្នេះ​មក ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Yoon Suk-yeol បាន​បញ្ជាក់​ថា៖ «វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​ទទួលស្គាល់​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​កម្រិត​ធ្ងន់ធ្ងរ​នៃ​បញ្ហា​សន្តិសុខ​នានា​នៅ​លើ​ឧបទ្វីប​កូរ៉េ​និង​នៅ​តំបន់​អាស៊ី​ឦសាន​ដើម្បី​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ត្រឹមត្រូវ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កូរ៉េ​ខាងត្បូង​ម្នាក់៕

XS
SM
MD
LG