ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លី (SRBM) ២ គ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រទេសនេះបានបាញ់គ្រាប់ផ្លោងមីស៊ីលមួយគ្រាប់កាត់ពីលើប្រទេសជប៉ុន ដោយបង្កឱ្យមានការថ្កោលទោសពីមេដឹកនាំនានានៅក្នុងតំបន់និងសហគមន៍អន្តរជាតិ។
ក្រុមនាយសេនាធិការកងទ័ពរបស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា គ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីទាំង ២ នេះត្រូវបានបាញ់នៅចន្លោះម៉ោង ៦ និង ១ នាទីព្រឹក និងម៉ោង ៦ និង ២៣ នាទីព្រឹកចេញពីតំបន់ Samcheok នៃទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងចូលទៅក្នុងសមុទ្រខាងកើត (East Sea)។ ក្រុមនាយសេនាធិការកងទ័ពនេះបានបន្ថែមថា មីស៊ីលនេះហោះបានចម្ងាយពី ៣៥០ ទៅ ៨០០ គីឡូម៉ែត្រ និងមានរយៈកម្ពស់ពី ៦០ ទៅ ៨០ គីឡូម៉ែត្រ។
ការបាញ់មីស៊ីលលើកនេះគឺជាការបាញ់លើកទី ៦ របស់ប្រទេសកូរ៉េខាងជើងនៅក្នុងរយៈពេល ១២ ថ្ងៃចុងក្រោយនេះ និងបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីមហានាវាដឹកយន្តហោះចម្បាំង USS Ronald Reagan របស់សហរដ្ឋអាមេរិកបានធ្វើដំណើរត្រឡប់ទៅកាន់ឧបទ្វីបកូរ៉េវិញក្រោយពីបានចូលរួមនៅក្នុងសមយុទ្ធកងទ័ពជើងទឹកកាលពីសប្ដាហ៍មុនមក។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយថា ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគឺជារឿងដែល «មិនអាចទទួលយកបានទាំងស្រុង»។
រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា៖ «ទង្វើទាំងនេះរបស់ប្រទេសកូរ៉េខាងជើងគឺជាការគំរាមកំហែងចំពោះសន្តិភាពនិងសន្តិសុខរបស់ [ប្រទេសជប៉ុន] តំបន់ និងសហគមន៍អន្តរជាតិ»។
សហរដ្ឋអាមេរិកបានថ្កោលទោសការបាញ់មីស៊ីលនេះនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបញ្ជាក់ថាវាជាការរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាការគំរាមកំហែងចំពោះប្រទេសជិតខាងនៅក្នុងតំបន់និងសហគមន៍អន្តរជាតិ៕
កូរ៉េខាងជើងបាញ់មីស៊ីលពីរគ្រាប់នៅចំពេលនាវាដឹកយន្តហោះចម្បាំងអាមេរិកត្រឡប់ទៅឧបទ្វីបកូរ៉េវិញ
- Eunice Kim
- Reuters
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —