សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិននិងប្រទេសរុស្ស៊ីកាលពីថ្ងៃពុធថាបានធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un អាចសម្រេចបានតាមគោលបំណងរបស់ខ្លួនតាមរយៈការការពារប្រទេសកូរ៉េខាងជើងមិនឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចពង្រឹងសេចក្ដីសម្រេចនានាដែលដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែរនិងគ្រាប់ផ្លោងមីស៊ីលរបស់ប្រទេសនេះបាន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfiled បាននិយាយថា៖ «ប្រទេសកូរ៉េខាងជើងទទួលបានការការពារពីប្រទេសពីរដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ និយាយដោយខ្លីមក សមាជិកអចិន្ត្រៃយ៍ពីររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើឱ្យលោក Kim Jong Un អាចសម្រេចបានតាមគោលបំណងរបស់ខ្លួន»។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានប្រទេសចំនួន ១៥ ជាសមាជិកបានជួបប្រជុំគ្នាកាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីបញ្ហាទាក់ទិននឹងប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលមួយគ្រាប់កាត់ពីលើប្រទេសជប៉ុនកាលពីថ្ងៃអង្គារ។
ប្រទេសចិននិងរុស្ស៊ីមិនចង់ឱ្យមានការប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនេះជាសាធារណៈនោះទេ ដោយអះអាងថាការធ្វើដូច្នេះនឹងមិនជួយសម្រួលដល់ស្ថានការណ៍នេះឡើយ។
បន្ទាប់ពីកិច្ចប្រជុំនេះបានបញ្ចប់ទៅកាលពីថ្ងៃពុធ ប្រទេស ៩ ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល់បានី ប្រេស៊ីល ឥណ្ឌា អៀរឡង់ ន័រវែស និងអេមីរ៉ាតអារ៉ាប់រួម បានថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះនៅក្នុងសេចក្ដីថ្លែងការណ៍រួម។
អនុប្រធានស្ថានបេសកកម្មការទូតរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិលោក Geng Shuang បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាំបាច់ត្រូវដើរតួដែលមានប្រយោជន៍ «ជាជាងពឹងផ្អែកតែលើវោហារសាស្ត្រខ្លាំងក្លាឬក៏ការដាក់សម្ពាធណាមួយ»។
លោកនិយាយដូច្នេះថា៖ «ការពិភាក្សានិងការគិតគូរឱ្យបានហ្មត់ចត់គួរតែរួមចំណែកដល់ការសម្រួលនូវភាពតានតឹង ជាជាងបញ្ជេះឱ្យភាពតានតឹងកាន់តែពុះកញ្ជ្រោលបន្ថែមទៀត»។ ការពិភាក្សានិងការគិតគូរឱ្យបានហ្មត់ចត់គួរតែជំរុញឱ្យមានការចរចាឡើងវិញជាជាងបង្កឱ្យមានការខ្វែងគំនិតគ្នាកាន់តែធំ និងគួរតែបង្កើតនូវសាមគ្គីភាពជាជាងបង្កើតនូវការបែកបាក់»។
រីឯអនុប្រធានស្ថានបេសកកម្មការទូតរបស់ប្រទេសរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Anna Evstigneeva វិញ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ការស្នើនូវការដាក់ទណ្ឌកម្មថ្មីលើប្រទេសកូរ៉េខាងជើងគឺជាផ្លូវទាល់» និង «មិនជួយឱ្យបានលទ្ធផលអ្វីនោះទេ»៕
អាមេរិកចោទចិននិងរុស្ស៊ីថា ធ្វើឱ្យកូរ៉េខាងជើងអាចសម្រេចបានតាមបំណងរបស់ខ្លួន
- Reuters
អង្គការសហប្រជាជាតិ —