ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កូរ៉េ​ខាងត្បូង​បាញ់​មីស៊ីល​ចូល​សមុទ្រ​ដើម្បី​ឆ្លើយតប​នឹង​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​កាត់​ពី​លើ​ជប៉ុន


រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​នេះ​បង្ហាញ​ មីស៊ីល Army Tactical Missile Systems (ATACMS) ត្រូវ​គេ​បាញ់​ក្នុង​អំឡុង​សមយុទ្ធ​រួម​គ្នា​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង នៅ​ទី​តាំង​មិន​បញ្ជាក់​មួយ​កន្លែង​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២២។
រូបថត​ផ្តល់​ឱ្យ​ដោយ​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​នេះ​បង្ហាញ​ មីស៊ីល Army Tactical Missile Systems (ATACMS) ត្រូវ​គេ​បាញ់​ក្នុង​អំឡុង​សមយុទ្ធ​រួម​គ្នា​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង នៅ​ទី​តាំង​មិន​បញ្ជាក់​មួយ​កន្លែង​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បាញ់​មីស៊ីល​មួយ​ចំនួន​ចូល​ក្នុង​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ និង​បាន​ធ្វើ​សមយុទ្ធ​ទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​សមុទ្រ​លឿង (Yellow Sea) ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង​កាត់​ពី​លើ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ។

ក្រុម​នាយសេនាធិការ​កងទ័ព​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា ខ្លួន​បាន​បាញ់​មីស៊ីល Army Tactical Missile Systems (ATACMS) ចំនួន ៤ គ្រាប់​និង​គ្រាប់​ផ្លោង​មីស៊ីល​ប្រភេទ Hyumoo-2 ចំនួន​មួយ​គ្រាប់។ គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ទី ២ ប្រភេទ Hyumoo-2 មិន​បាន​ដំណើរការ​ល្អ​នោះ​ទេ​ហើយ​បាន​ធ្លាក់​បុក​ចំ​ដី​នៅ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​នៅ​ជាយក្រុង Gangneung នៃ​ប្រទេស​កូរ៉េ​ខាងត្បូង។

ការ​ធ្លាក់​បុក​ចំ​ដី​របស់​គ្រាប់​ផ្លោង​មីស៊ីល​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​បណ្ដាល​ឱ្យ​មាន​ការ​រង​របួស​អ្វី​នោះ​ទេ ហើយ​ការ​ស៊ើបអង្កេត​ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ធ្លាក់​នេះ​បាន​ធ្វើ​ឡើង។ ការ​ធ្លាក់​នេះ​បាន​ធ្វើ​ឱ្យ​រង្គើ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីក្រុង Gangneung នេះ ដោយ​ពួកគេ​ភ័យខ្លាច​ថា​វា​អាច​ជា​ការ​វាយ​ប្រហារ​របស់​កូរ៉េ​ខាងជើង។

នៅ​ថ្ងៃ​ពុធ​នេះ​ផង​ដែរ អង្គការ​សហប្រជាជាតិ​នឹង​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឡើង ដើម្បី​ពិភាក្សា​អំពី​ហេតុការណ៍​បាញ់​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង​កាត់ពី​លើ​ប្រទេស​ជប៉ុន​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Linda Thomas-Greenfield បាន​សរសេរ​នៅ​លើ Twitter ថា៖ «យើង​ត្រូវតែ​ដាក់​កំហិត​លើ​សមត្ថភាព​របស់​ប្រទេស​កូរ៉េ​ខាងជើង​ដើម្បី​កុំ​ឱ្យ​ប្រទេស​នេះ​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​នូវ​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​និង​អាវុធ​ប្រល័យ​លោក​ខុស​ច្បាប់​របស់​ខ្លួន»។

ប្រធាន​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Hirokazu Matsuno បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​អង្គារ​ថា កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​នេះ​នៅ​វេលា​ម៉ោង ៧ និង ២២ នាទី​ព្រឹក​នៅ​ថ្ងៃ​អង្គារ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល ២២ នាទី​ក្រោយ​មក។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Yasukazu Hamada បាន​និយាយ​ថា មីស៊ីល​នេះ​បាន​ហោះ​ពី​លើ​ប្រទេស​ជប៉ុន​រយៈពេល​ប្រហែល ១ នាទី ដោយ​ហោះ​បាន​ចម្ងាយ​ប្រហែល ៤.៦០០ គីឡូម៉ែត្រ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​កាលពី​លើក​មុនៗ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ចម្ងាយ​ប្រមាណ ៣.២០០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ថ្កោលទោស​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ​នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សេតវិមាន។

សេតវិមាន​បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ដូច្នេះ​ថា៖ «មេដឹកនាំ​ទាំង​ពីរ​បាន​រួម​គ្នា​ថ្កោលទោស​ខ្លាំងក្លា​បំផុត​លើ​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាងជើង​នេះ ដោយ​ទទួល​ស្គាល់​ការ​បាញ់​មីស៊ីល​នេះ​ថា​ជា​គ្រោះថ្នាក់​ចំពោះ​ប្រជាពលរដ្ឋ​ជប៉ុន ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​តំបន់ និង​ជា​ការ​រំលោភ​យ៉ាង​ជាក់​ច្បាស់​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG