មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនបាននិយាយថា នឹងមិនមានសង្គ្រាមទៀតទេពីព្រោះតែអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងធានាសុវត្ថិភាព និងអនាគតរបស់ខ្លួន ថ្វីបើមានការដាក់សម្ពាធយ៉ាងខ្លាំងពីខាងក្រៅ និងការគំរាមកំហែងខាងយោធាក៏ដោយ។ នេះតាមបណ្តាញព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បានរាយការណ៍ថា គីម ជុងអ៊ុន បានធ្វើកំណត់សម្គាល់នេះនៅពេលដែលលោកបានប្រារព្ធខួបលើកទី៦៧នៃការបញ្ចប់សង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ដែលត្រូវចំថ្ងៃទី២៣ ខែកក្កដា ដោយមានពិធីជប់លៀងសម្រាប់អតីតយុទ្ធជន។
លោកគីមបាននិយាយនៅក្នុងសុន្ទរកថាដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA ដោយបានសង្កត់ពីកម្មវិធីការពារប្រទេសថា កូរ៉េខាងជើងបានអភិវឌ្ឍអាវុធនុយក្លេអ៊ែរដើម្បីរារាំងកុំឱ្យមានជម្លោះប្រដាប់អាវុធមួយទៀត។
លោកគីម ជុងអ៊ុន បាននិយាយថា «ឥឡូវនេះ យើងមានលទ្ធភាពការពារខ្លួនឯងនៅក្នុងការប្រឈមការដាក់សម្ពាធយ៉ាងខ្លាំង និងការគំរាមកំហែងខាងយោធាគ្រប់បែបយ៉ាងមកពីចក្រព័ទ្ធនិយម និងកម្លាំងអរិភាព។
សុន្ទរកថានេះបានកើតមានឡើងនៅពេលដែលមានការជាប់គាំងការចរចាដែលមានគោលបំណងរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុង យ៉ាងនៅក្នុងការដោះដូរការបន្ធូរបន្ថយការដាក់ទណ្ឌកម្មពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
លោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានជួបគ្នាជាលើកទី១នៅក្នុងឆ្នាំ២០១៨ក្នុងប្រទេសសិង្ហបុរី ដោយបានបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាដើម្បីបញ្ចប់ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ក៏ប៉ុន្តែជំនួបកំពូលលើកទី២នៅក្នុងប្រទេសវៀតណាមនៅឆ្នាំ២០១៩ ដែលជាជំនួបកម្រិតការងារបានបរាជ័យ៕