ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កូរ៉េ​ខាង​ជើង​បើក​ដំណើរការ​ឡើង​វិញ​នូវ​ខ្សែ​ទូរស័ព្ទ​ទំនាក់​ទំនង​បន្ទាន់​ជា​មួយ​​កូរ៉េ​ខាង​ត្បូង


រូប​ឯកសារ៖ ទាហាន​កូរ៉េ​ខាង​ជើង​សម្លឹង​មើល​មក​ពិភព​ខាង​ត្បូង​ នៅកន្លែង​ដែលជន​ជាតិ​កូរ៉េ​ខាងជើង​បាន​លួច​រត់​គេច​ខ្លួន។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នូវ​បណ្ដាញ​ទំនាក់ទំនង​ឆ្លង​ព្រំដែន​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​នៅ​ថ្ងៃ​ពុធ​នេះ ​ដែល​នេះ​ជា​សញ្ញា​សំខាន់​ដំបូង​មួយ​ដែល​បង្ហាញ​ថា គូ​សត្រូវ​ទាំង​ពីរ​ចង់​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ប្រសើរ​ឡើង​វិញ បន្ទាប់ពី​មាន​ភាព​តាន​តឹង​កើន​ឡើង​អស់​រយៈ​ពេល​រាប់​ឆ្នាំ​មក​ហើយ។

មន្ត្រី​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ខ្លួន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​សម​ភាគី​កូរ៉េ​ខាង​ជើង​ពាក់ព័ន្ធ​នឹង​ខ្សែ​ទូរស័ព្ទ​ទំនាក់​ទំនង​បន្ទាន់​នៅ​ភូមិ ​Panmunjom នៅ​ព្រំដែន​ដែល​ស្ថិត​ក្នុង​តំបន់​គ្មាន​យោធា​ដែល​ខណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ។

ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​នេះ​ត្រូវ​បាន​ផ្អាក​ដំណើរការ​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១៦ មក ដែល​នៅ​ពេល​នោះ​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​កាត់​ផ្ដាច់​ការ​ទាក់ទង ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង​ឧស្សាហកម្ម​រួម​គ្នា​មួយ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បន្ត​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

លោក Ri Son Gwon ប្រធាន​ទីភ្នាក់ងារ​កូរ៉េ​ខាង​ជើង​ទទួល​បន្ទុក​កិច្ចការ​ទំនាក់ទំនង​កូរ៉េ​ទាំង​ពីរ បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​មាន​គោល​បំណង​ទាក់ទង​កូរ៉េ​ខាង​ត្បូង​ក្នុង «គោល​ជំហរ និង​ឥរិយាបថ​ស្មោះត្រង់‍»។ លោក​ថ្លែង​ដូច្នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ដែល​បញ្ជាក់​អំពី​ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

ការ​បំបែក​ទំនាក់ទំនង​ជាប់​គាំង​រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​នេះ បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ នៅ​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​អំពាវនាវ​នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​របស់​លោក​ឲ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង និង​បាន​ប្រកាស​អំពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​បញ្ជូន​ក្រុម​ចរចា​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​ចូលរួម​របស់​ក្រុម​កីឡាករ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​កីឡា​អូឡាំពិក​អន្តរជាតិ​រដូវ​រងា ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​ក្នុង​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG