ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ព្រមាន​ស.រ.អា.​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​កម្មវិធី​ពិតៗ


លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ថត​បាន​ នៅ​ពេល​ដែល​ការ​ធ្វើ​តេស្ត​រ៉ុក្កែត​ប៉ាលីស្ទិក​ឆ្លង​ទ្វីប​ឈ្មោះ Hwasong-15 ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ។
លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​ថត​បាន​ នៅ​ពេល​ដែល​ការ​ធ្វើ​តេស្ត​រ៉ុក្កែត​ប៉ាលីស្ទិក​ឆ្លង​ទ្វីប​ឈ្មោះ Hwasong-15 ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និយាយ​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​ដឹង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​គឺ​ជា​កម្មវិធី​ពិតៗ។

នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​អបអរ​ឆ្នាំ​ថ្មី​នៅ​ថ្ងៃ​ចន្ទ​នេះ លោក Kim Jong Un បាន​ព្រមាន​ថា លោក​មាន​ប៊ូតុង​ចុច​បញ្ជា​គ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​តុ​ធ្វើ​ការ​របស់​លោក។

លោក Kim Jong Un និយាយ​យ៉ាង​ដូច្នេះ​ថា៖ «គ្រាប់​នុយក្លេអ៊ែរ​របស់​យើង​អាច​បាញ់​ដល់​ដែនដី​គោក​របស់​សហរដ្ឋ​អាមេរិក​ទាំង​មូល។ សហរដ្ឋ​អាមេរិក​មិន​អាច​ចាប់ផ្ដើម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ខ្ញុំ និង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ‍»។

លោក Kim Jong Un បាន​បញ្ជាក់​ទៀត​ថា ប្រទេស​កូរ៉េ​ខាង​ជើង «អាច​ទប់ទល់​ជាមួយ​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក​បាន ហើយ​កូរ៉េ​ខាង​ជើង​មាន​ឧបករណ៍​ការពារ​នុយក្លេអ៊ែរ​យ៉ាង​ខ្លាំងក្លា​មួយ​ដែល​មាន​សមត្ថភាព​អាច​រារាំង​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​ប្រឡែង​លេង​ជាមួយ​ភ្លើង​បាន‍»។

លោក​បន្ថែម​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​ត្រូវតែ​ដឹង​ថា​នេះ​មិន​មែន​ជា​ការ​គំរាម​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ពិត‍»។

សុន្ទរកថា​ឆ្នាំ​ថ្មី​ដែល​ធ្វើ​ឡើង​ប្រចាំ​ឆ្នាំ​របស់​លោក Kim Jong Un ត្រូវ​បាន​គេ​ចាត់ទុក​ជា​ទូទៅ​ថា​ជា​ការ​បង្ហាញ​អំពី​ទិសដៅ និង​អាទិភាព​របស់​លោក​សម្រាប់​ឆ្នាំ​ថ្មី។

កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ឌឺដង​ពាក្យ​សម្ដី​ដាក់​គ្នា​ជា​ច្រើន ដោយ​លោក Trump បាន​ព្រមាន​ថា កូរ៉េ​ខាង​ជើង​នឹង​ប្រឈម​នឹង ‍«ភ្លើង​កំហឹង‍» ប្រសិនបើ​កូរ៉េ​ខាង​ជើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក។

ចំណែក​ឯ​លោក Kim Jong Un វិញ បាន​ឆ្លើយតប​ដោយ​ហៅ​លោក Trump ថា​ជា «មនុស្ស​ចាស់​ភ្លីភ្លើ‍» និង​បាន​ហៅ​ឥរិយាបថ​របស់​លោក Trump ថា​ជា​ឥរិយាបថ​របស់​មនុស្ស​វិកលចរិត៕

XS
SM
MD
LG