ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ស្នើ​ពិភាក្សា​ជាមួយ​កូរ៉េ​ខាង​ជើង​អំពី​កីឡា​អូឡាំពិក​រដូវ​រងា


លោក Cho Myoung-gyon រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​កម្រិត​ខ្ពស់​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង ពាក់ព័ន្ធ​នឹង​លទ្ធភាព​ដែល​កូរ៉េ​ខាង​ជើង​អាច​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​អន្តរជាតិ​រដូវ​រងា​ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក Cho Myoung-gyon រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ចង់​ជួប​ជាមួយ​នឹង​មន្ត្រី​ការទូត​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ខាង​មុខ​នេះ នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom ដែល​ស្ថិត​នៅ​ក្នុង​តំបន់​គ្មាន​យោធា​ដែល​បែងចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ។

ជំនួប​នេះ​នឹង​ក្លាយជា​ជំនួប​ពិភាក្សា​កម្រិត​ខ្ពស់​រវាង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០១៥ មក។

ការ​ស្នើ​ឡើង​ដូច្នេះ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​ឆ្នាំ​ថ្មី​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ​របស់​លោក​ថា លោក​កំពុង​ពិចារណា​បញ្ជូន​ក្រុម​កីឡាករ​ទៅ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ខែ​ក្រោយ។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-In បាន​ស្វាគមន៍​ការ​ស្នើ​ឡើង​របស់​លោក Kim Jong Un ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ការ​វិវឌ្ឍ​ទៅ​មុខ​នៃ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​អាច​កើត​ឡើង​បាន​ក្នុង​ករណី​ណា​ដែល​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG