ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្ដី​រាយការណ៍​មួយ​ថា កូរ៉េ​ខាង​ត្បូង​ចាប់​បាន​កប៉ាល់​ប៉ាណាម៉ា​ក្រោម​បទ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាង​ជើង


នាវាប៉ាណាម៉ា

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចាប់​បាន​កប៉ាល់​មួយ​គ្រឿង​ដែល​បំពាក់​ទង់​ជាតិ​ប្រទេស​ប៉ាណាម៉ា ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​រំលោភ​ទៅ​លើ​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បាន​ផ្ទេរ​ផលិតផល​ប្រេង​ទៅ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​របាយការណ៍​មួយ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

កប៉ាល់ KOTI ដែល​មាន​ទម្ងន់ ៥ ពាន់ ១ រយ​តោន ត្រូវ​បាន​រឹប​អូស​បង្ខាំង​ទុក​កាល​ពី ២ សប្ដាហ៍​មុន​នៅ​ឯ​កំពង់ផែ Pyeongtaek-Dangjin នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​លើ​នាវិក​ដែល​ជិះ​នៅ​លើ​នាវា​នេះ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ថា​បាន​ផ្ទេរ​ប្រេង​ពី​កប៉ាល់​មួយ​ទៅ​កប៉ាល់​មួយ​ទៀត។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង ដែល​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ដែន​សមុទ្រ។

ការ​ចាប់​បាន​កប៉ាល់​នេះ គឺ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​ថា ខ្លួន​បាន​ស្ទាក់​ចាប់ និង​ឆែកឆេរ​រយៈពេល​ខ្លី​ទៅ​លើ​កប៉ាល់​មួយ​គ្រឿង​ដែល​ចុះ​បញ្ជី​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដោយសារតែ​កប៉ាល់​នោះ​បាន​ផ្ទេរ​ប្រេង​ទៅ​ឲ្យ​កប៉ាល់​កូរ៉េ​ខាង​ជើង។

កប៉ាល់​ដឹក​ប្រេង​ដែល​បំពាក់​ទង់ជាតិ​ប៉ាណាម៉ា​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​កំពង់ផែ ក្រោយ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​រៀបចំ​ការ​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ កន្លង​ទៅ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ដដែល​នេះ។ នាវិក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​មីយ៉ាន់ម៉ា និង​ជនជាតិ​ចិន ត្រូវ​បាន​ការិយាល័យ​គយ និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​កូរ៉េ​ខាង​ត្បូង​ចោទ​សួរ។

ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​បាន​ដាក់​បណ្ដុំ​ទណ្ឌកម្ម​ចំនួន ៣ ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ក្នុង​ឆ្នាំ​នេះ ដើម្បី​ព្យាយាម​រារាំង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​នេះ៕

XS
SM
MD
LG