រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីជាថ្នូរនឹងការប្រកាសជាផ្លូវការនូវការបញ្ចប់សង្គ្រាមកូរ៉េនោះទេ។
សង្គ្រាមកូរ៉េរយៈពេល ៣ ឆ្នាំ ដែលធ្វើឲ្យកូរ៉េបែកជាពីរគឺកូរ៉េកុម្មុយនិស្តខាងជើង និងកូរ៉េខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិកនេះ បានបញ្ចប់ទៅនៅឆ្នាំ ១៩៥៣ ដោយកិច្ចឈប់វាយប្រយុទ្ធគ្នាជាជាងសន្ធិសញ្ញាសន្តិភាព ដែលធ្វើឲ្យសង្គ្រាមរវាងប្រទេសទាំងពីរមិនបញ្ចប់ពេញលេញនោះទេ។
គំនិតនៃការបង្កើតសន្ធិសញ្ញាសន្តិភាពផ្លូវការនេះបានលេចឡើងនៅក្នុងអំឡុងពេលការធ្វើទំនាក់ទំនងការទូតនាពេលថ្មីៗនេះរវាងរដ្ឋាភិបាលកូរ៉េខាងជើង រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងគោលបំណងដើម្បីលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
ប៉ុន្តែកន្លងមក សហរដ្ឋអាមេរិកបានបដិសេធមិនធ្វើតាមការទាមទាររបស់កូរ៉េខាងជើងដែលចង់បាននូវការប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ មុនពេលដែលកូរ៉េខាងជើងលះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានផ្សាយឲ្យដឹងថា កូរ៉េខាងជើងប្រឆាំងនឹងសំណើកិច្ចព្រមព្រៀងនេះ ដោយបញ្ជាក់ថា សន្ធិសញ្ញាសន្តិភាពផ្លូវការមួយ «មិនមែនគ្រាន់តែជាអំណោយរបស់នរណាម្នាក់ជូនដល់នរណាម្នាក់នោះទេ»។
រដ្ឋាភិបាលកូរ៉េខាងជើងបានបន្ថែមថា៖ «ខ្លួននឹងមិនធ្វើជាកូនអុករបស់គេនៅក្នុងការចរចាដើម្បីឲ្យខ្លួនលុបចោលកម្មវិធីនុយក្លេអ៊ែរនោះទេ»។
នៅក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Yong Ho បានបញ្ជាក់ថា «គ្មានផ្លូវណាមួយ» ដែលប្រទេសកូរ៉េខាងជើងនឹងលះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយឯកតោភាគីនោះទេ ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តដាក់ទណ្ឌកម្មតឹងតែងលើខ្លួននោះ៕