ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ប្រគល់​ឆ្កែ Pungsan ពីរ​ក្បាល​ជា​កាដូ​ដល់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង


ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in ជល់កែវ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong Un អំឡុង​ការ​ពិសារ​ថ្ងៃត្រង់​មួយ​នៅសណ្ឋាគារ Samjiyon នៅ​ខេត្ត​ Ryanggang កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២០ ខែ កញ្ញា ឆ្នាំ ២០១៨។
ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae-in ជល់កែវ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong Un អំឡុង​ការ​ពិសារ​ថ្ងៃត្រង់​មួយ​នៅសណ្ឋាគារ Samjiyon នៅ​ខេត្ត​ Ryanggang កូរ៉េ​ខាងជើង​កាលពី​ថ្ងៃទី​២០ ខែ កញ្ញា ឆ្នាំ ២០១៨។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ផ្ញើ​កាដូ​ជា​ឆ្កែ Pungsan ពណ៌​ស​របស់​កូរ៉េ​ខាង​ជើង​មួយ​គូ​ដល់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ដែល​នេះ​ជា​សញ្ញា​ថ្មី​ចុង​ក្រោយ​បំផុត​នៃ​មិត្តភាព​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

លោក Moon Jae In និង​លោក Kim Jong Un បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី ៣ នៅ​ក្នុង​ឆ្នាំ​នេះ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​ទៅ​នេះ ដែល​នៅ​ពេល​នោះ លោក Kim Jong Un បាន​បញ្ជាក់​ថា លោក​នឹង​ផ្ញើ​កាដូ​ជា​ឆ្កែ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ឆ្កែ​ទាំង​ពីរ​ក្បាល​នេះ​ត្រូវ​បាន​បញ្ជូន​ឆ្លង​ព្រំដែន​ពី​កូរ៉េ​ខាង​ជើង​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ពូជ​ឆ្កែ Pungsan នេះ គឺ​ជា​ឆ្កែ​មាន​ភាព​ស្មោះស្ម័គ្រ និង​មាន​ជំនាញ​ប្រមាញ់។

ឆ្កែ​ទាំង​ពីរ​នេះ​នឹង​រស់នៅ​ជាមួយ​នឹង​ឆ្កែ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ដែល​មាន​ឈ្មោះ​ថា Tori។

លោក Moon Jae In ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ស្រលាញ់​សត្វ បាន​យក​ឆ្កែ​ឈ្មោះ Tori ពណ៌​ខ្មៅ​កាត់​ពូជ​ច្រើន​ប្រភេទ​នេះ មក​ចិញ្ចឹម​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន គឺ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​មក បន្ទាប់ពី​លោក​បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី។

នេះ​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​ប្រគល់​ឆ្កែ Pungsan មួយ​គូ​ដូច​នេះ​ជា​កាដូ​ដល់​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​នោះ។

កាល​ពី​ឆ្នាំ ២០០០ អតីត​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Il ដែល​ជា​ឪពុក​របស់​លោក Kim Jong Un បាន​ផ្ញើ​ឆ្កែ Pungsan នេះ​ពីរ​ក្បាល​ជា​កាដូ​ដល់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Kim Dae Jung នៅ​ពេល​ដែល​ពួកគេ​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង៕

XS
SM
MD
LG