មានពាក្យចចាមអារ៉ាមថា អ្នកជំនួយការកំពូលម្នាក់របស់មេដឹកនាំកូរ៉េខាងជើងត្រូវបានកម្ចាត់ ហើយហាក់ដូចជាត្រូវធ្វើការអប់រំកែប្រែខ្លួនសារជាថ្មីក្នុងលក្ខណៈទទួលទណ្ឌកម្ម នេះបើយោងតាមប្រភពក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍។
លោក Choe Ryong Hae លេខាធិការនៃគណបក្សពលករកូរ៉េ ដែលកាលពីពេលមុន ត្រូវបានគេចាត់ទុកថា ជាឥស្សរៈជនមានអំណាចទី២របស់កូរ៉េខាងជើងបន្ទាប់ពីលោក Jang Song Thaek ដែលជាឪពុកមារបស់ Kim Jong Un ដែលត្រូវបានប្រហារជីវិតនៅចុងឆ្នាំ២០១៣។ លោក Cho ក៏ត្រូវបានគេឃើញថា ជាមនុស្សដ៏សំខាន់ម្នាក់របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដែរ។ លោក Choe បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែកញ្ញា តំណាងឲ្យលោក Kim Jong Un ដើម្បីចូលរួមក្បួនព្យុះហយាត្រាកងទ័ពដើម្បីប្រារព្ធខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមលោកលើកទី២។
ការនិយាយស្មានៗពីជោគវាសនារបស់លោក Choe បានលេចចេញឡើងជាលើកទីមួយ បន្ទាប់ពីឈ្មោះរបស់លោកមិនបានបង្ហាញនៅក្នុងបញ្ជីឈ្មោះរបស់គណៈកម្មាធិការរៀបចំបុណ្យសពរដ្ឋដែលបង្កើតឡើងដើម្បីកាន់ទុក្ខការស្លាប់របស់លោក Ri Ul Sol សេនាប្រមុខរបស់កងទ័ពប្រជាជនកូរ៉េដែលបានចូលរួមក្នុងសង្គ្រាមស៊ីវិលប្រឆាំងនឹងកងទ័ពចក្រព័ទ្ធជប៉ុនក្នុងសង្គ្រាមលោកលើកទី២ជាមួយលោក Kim Il Sung អ្នកបង្កើតប្រទេសកូរ៉េខាងជើង។ អតីតមន្រ្តីយោធាអាយុ៩៤ឆ្នាំរូបនេះ បានស្លាប់ដោយសារជំងឺមហារីកសួត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
កាលពីអតីតកាល បញ្ជីឈ្មោះបែបនោះ ជារឿយៗជាត្រីវិស័យដ៏សំខាន់មួយនៃឋានានុក្រមអំណាចរបស់ប្រទេសកុម្មុយនិស្តនោះ។
កាលពីថ្ងៃពុធ លោក Choe បានបាត់មុខពីពិធីបុណ្យសពរបស់សេនាប្រមុខ Ri ដែលកំពុងធ្វើឲ្យមានការនិយាយស្មានៗថា លោកប្រហែលត្រូវបានកម្ចាត់។
តាមប្រភពដែលស្និទ្ធជាមួយកូរ៉េខាងជើង ថ្វីបើមានការនិយាយស្មានៗក៏ដោយ លោក Choe ប្រហែលមិនបានបាត់បង់អំណាចទាំងស្រុងទេ។ តែផ្ទុយទៅវិញ លោក Choe អាចត្រូវបានបណ្តេញចេញ ហើយបញ្ជូនទៅកាន់កសិដ្ឋានរួមនៅតំបន់ជនបទដើម្បីទទួលការអប់រំកែប្រែខ្លួន ដែលជាប្រភេទនៃការដាក់ទណ្ឌកម្មដែលមានទម្ងន់ស្រាលជាងការកម្ចាត់។ គេមិនទាន់ដឹងច្បាស់នៅឡើយថាតើមន្រ្តីជាន់ខ្ពស់រូបនេះត្រូវបានបណ្តេញចេញឬយ៉ាងដូចម្តេចនោះទេ៕