យោងតាមយោធាខាងត្បូងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កូរ៉េខាងជើងបានចាញ់គ្រាប់មីស៊ីលផ្លោងវង់ប្រតិបត្តិជិតពីរគ្រាប់ ដែលសកម្មភាពនេះជាការបាញ់ចេញគ្រាប់មីស៊ីលលើកទីពីររបស់ក្រុងព្យុងយ៉ាង ក្នុងអំឡុងពេលមិនដល់មួយសប្តាហ៍ផង។
មេបញ្ជាការរួមកូរ៉េខាងត្បូងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់មីស៊ីលមួយបានបាញ់ចេញចម្ងាយ ៤២០ គីឡូម៉ែត្រ និងមួយគ្រាប់បានចម្ងាយ ២៧០ គីឡូម៉ែត្រ។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា គ្រាប់មីស៊ីលទាំងពីរគ្រាប់នេះត្រូវបានគេបាញ់ចេញពីខេត្ត North Pyongan ភាគពាយ័ព្យនៃប្រទេស និងបានបាញ់សំដៅឆ្ពោះទៅទិសខាងកើត។
ខេត្ត North Pyongan គឺជាទីតាំងរបស់រោងចក្រ Sino-ri ដែលផលិតគ្រាប់មីស៊ីលផ្លោង Nodong វង់ប្រតិបត្តិការមធ្យម។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់កម្មវិធី Beyond Parallel program នៃមជ្ឈមណ្ឌលសម្រាប់សិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ។ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅឯសេតវិមានថា គ្មាននណាម្នាក់រីករាយនឹងព័ត៌មាននេះទេ។ លោកបានបន្ថែមទៀតថា លោកមិនជឿថា កូរ៉េខាងជើងត្រៀមលក្ខណៈរួចរាល់ដើម្បីចរចានោះទេ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានជំរុញឲ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់គ្រាប់មីស៊ីល ដែលលោកចាត់ទុកថាជាសកម្មភាពមួយបង្កការលំបាកដល់កិច្ចប្រឹងប្រែងលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងមូល។
តាមរយៈបទសម្ភាសន៍ជាមួយនឹងបណ្តាញទូរទស្សន៍ KBS របស់កូរ៉េខាងត្បូង កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Moon បានថ្លែងថា ទោះបីជាការបាញ់គ្រាប់មីស៊ីលវ៉ង់ប្រតិបត្តិការជិតរបស់កូរ៉េខាងជើងមិនមែនជាការរំលោភលើកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េក៏ដោយ ក៏ទង្វើនេះបង្កការរារាំងដល់កិច្ចចរចាដែលកំពុងបន្តកើតឡើង និងកិច្ចចរចានានាក្នុងពេលអនាគតផងដែរ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ការិយាល័យរបស់លោកប្រធានាធិបតី Moon បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង អំពីការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនេះ ដោយបានប្រកាសថា សកម្មភាពនេះជាការារាំងដល់កិច្ចប្រឹងប្រែងដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកូរ៉េទាំងពីរ និងកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ភាពតានតឹងយោធានៅលើឧទ្វីបកូរ៉េ។
ក្រុមមន្រ្តីកូរ៉េខាងត្បូងបាននិយាយថា រដ្ឋាភិបាលក្រុងសេអ៊ូលបានបង្កើនសន្តិសុខដើម្បីត្រៀមខ្លួនទប់ទល់ក្នុងករណីមានការបាញ់គ្រាប់មីស៊ីលបន្ថែមទៀត៕