ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ។ នេះគឺជាលើកទីពីរហើយ ដែលកូរ៉េខាងជើងបានបាញ់មីស៊ីលនៅក្នុងរយៈពេលតិចជាងមួយសប្ដាហ៍។
គ្រាប់ផ្លោងមួយហោះបានចម្ងាយ ៤២០ គីឡូម៉ែត្រ ហើយគ្រាប់មួយទៀតហោះបានចម្ងាយ ២៧០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន។
សេចក្ដីប្រកាសរបស់នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានបន្ថែមទៀតថា គ្រាប់មីស៊ីលទាំងពីរនេះត្រូវបានបាញ់ចេញពីខេត្ត North Pyongan នៅភាគពាយ័ព្យប្រទេស និងហោះសំដៅទៅទិសខាងកើត។
ខេត្ត North Pyongan នេះ គឺជាកន្លែងនៃមូលដ្ឋានមីស៊ីលនៅក្នុងក្រុង Sino-ri ដែលគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយមធ្យម Nodong ក៏នៅទីនោះដែរ។ នេះបើយោងតាមកម្មវិធី Beyond Parallel របស់មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS។
មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ពួកគេបន្តស៊ើបអង្កេតអំពីការបាញ់សាកល្បងនេះ ដោយបានបន្ថែមថា រដ្ឋាភិបាលក្រុងសេអ៊ូលបានបង្កើនការត្រៀមផ្នែកសន្តិសុខក្នុងករណីដែលកូរ៉េខាងជើងបាញ់សាកល្បងបន្ថែមទៀត។
ការបាញ់សាកល្បងលើកនេះរបស់កូរ៉េខាងជើងបានធ្វើឡើង នៅចំពេលដែលលោក Stephen Biegun អ្នកតំណាងពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង បានជួបជាមួយនឹងមន្ត្រីកូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូល។
ការសាកល្បងគ្រាប់ផ្លោងនេះបានគំរាមកំហែងបន្ថែមទៀតដល់កិច្ចចរចានុយក្លេអ៊ែរដែលកំពុងជាប់គាំងរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump៕