ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កូរ៉េខាង​ជើង​​បង្កើន​ការ​គំរាម​កំហែង​ថា​នឹង​ដក​ខ្លួនចេញ​ពី​ជំនួប​កំពូល​ជាមួយ​ស.រ.អា.


រូប​ប្រធានា​ធិបតី​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េខាង​ជើង ដែល​ផ្សាយ​នៅលើ​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ នៅទីក្រុង​សេអ៊ូល កាល​ពី​ថ្ងៃទី​១៦ ឧសភា ២០១៨។

ការ​គំរាម​កំហែង​ភ្លាមៗ​របស់​ប្រទេស​កូរ៉េខាង​ជើង​ថា​នឹង​ដក​ខ្លួន​ថយ​ចេញ​ពី​ជំនួប​កំពូល​ជាមួយ​ស.រ.អា.​ បាន​នាំ​ឱ្យមាន​ការ​សង្ស័យ​ថ្មីៗ​ថា​ តើ​នឹងមាន​កិច្ច​ព្រម​ព្រៀង​មិន​ឱ្យ​មាន​អាវុធ​បរមាណូ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េឬ​ទេ។​

មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន​បាន​យល់​ព្រម​ជួប​ជាមួយ​ប្រធានាធិបតី​ស.រ.អា. ដូណាល់ ត្រាំ​ ក្នុង​ប្រទេស​សិង្ហបូរី​នៅ​ថ្ងៃទី​១២​ខែ​មិថុនា​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​សម្រាប់​បញ្ឈប់​កម្មវិធី​បរមាណូ​របស់​កូរ៉េខាង​ជើង​ ជាថ្នូរ​នឹង​ការ​ធានា​រ៉ាប់​រង​ខាង​សន្តិសុខ​និង​ការ​បញ្ឈប់​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ។​

ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​នេះ​ លោក ​Kim Kye Kwan ​អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាង​ជើង​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​តាម​រយៈ​ទី​ភ្នាក់ងារ​ព័ត៌មាន​ KCNA​ របស់​រដ្ឋ​ដែល​បាន​រិះគន់​កំណត់​សម្គាល់​គ្មាន​ការ​ទប់​ដោយ​លោក ​John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិរបស់​ប្រធានាធិបតី​ស.រ.អា.​ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង​ ឈប់​ប្រើ​ប្រាស់​ឃ្លាំង​អាវុធ​បរមាណូ​ទាំង​អស់​របស់​ខ្លួន​ព្រមទាំង​កម្មវិធី​កាំជ្រួច​មីស៊ីល​ផ្លោង​ និង​ឃ្លាំង​អាវុធ​គីមី​របស់​ខ្លួន​នៅ​មុន​ពេល​ទទួល​សំណង​ទូទាត់​ឬ​សម្បទាន។​

​អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាង​ជើង​រូប​នេះ​បាន​សម្តែង​ការ​តូច​ចិត្ត​ដល់​គោល​ជំហរ​គ្មាន​ការ​សម្រប​សម្រួល​របស់​ស.រ.អា. ​ហើយ​លោក​បាន​និយាយ​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​ប្រហែល​ជា​ដក​ខ្លួន​ចេញ​ពី​ជំនួប​កំពូល​រវាង​លោក ត្រាំ​ និង​លោក គីម​ ជុងអ៊ុន​ ប្រសិន​បើ​រដ្ឋបាល​ ត្រាំ​ មិន​ធ្វើ​សកម្មភាព​ដោយការ​ទុកចិត្ត​គ្នា​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​គ្នា​តាម​រយៈ​ការ​សន្ទនា​គ្នា​នោះ​ទេ។

សេចក្តី​ថ្លែងការណ៍​នេះ​បាននិយាយ​ថា ប្រសិន​បើ​ស.រ.អា.​ខិតខំ​ព្យាយាម​រុញ​ច្រាន​យើង​ទៅ​ជ្រុង​ជញ្ជាំង​ដើម្បិ​បង្ខិត​បង្ខំ​យើង​បោះ​បង់​ចោល​អាវុធ​បរមាណូ​ជា​ឯកតោភាគី​ យើង​នឹង​លែង​យក​ចិត្តទុក​ដាក់​ដល់​ការ​សន្ទនា​គ្នា​បែបនេះ​ទៀត​ហើយ ​យើង​នឹង​ពិចារណា​ជាថ្មី​អំពី​ទម្រង់ការ​របស់​យើង​ដល់​ជំនួប​កំពូល​រវាង​កូរ៉េខាង​ជើង​និងស.រ.អា»៕

XS
SM
MD
LG