ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​សន្យា​ជួយ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង ប្រសិនបើ​កូរ៉េ​ខាង​ជើង​លះបង់​អាវុធ​នុយក្លេអ៊ែរ


លោក​រដមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។
លោក​រដមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​ត្រៀម​ជួយ​សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​ទទួល​បាន​ការ​វិនិយោគ​ឯកជន ប្រសិនបើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​អាច​សម្រេច​បាន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ប្រសិនបើ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ធ្វើ​តាម​ការ​ទាមទារ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​ចង់​ឃើញ​ប្រទេស​កូរ៉េ​ខាង​ជើង​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ពិត​ប្រាកដ មិន​អាច​កែប្រែ​បាន និង​អាច​ផ្ទៀងផ្ទាត់​បាន នោះ​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ការ​វិនិយោគ​បរទេស «ដ៏​ច្រើន​សន្ធឹកសន្ធាប់‍»ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Mike Pompeo បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​ក្នុង​កម្មវិធី Fox News Sunday នៃ​ទូរទស្សន៍ Fox News យ៉ាង​ដូច្នេះ​ថា៖ «វិស័យ​ឯកជន​របស់​សហរដ្ឋ​អាមេរិក​នឹង​ទៅ​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ដើម្បី​កសាង​គម្រោង​ថាមពល​មួយ។ កូរ៉េ​ខាង​ជើង​ត្រូវការ​អគ្គិសនី​ជា​ច្រើន។ វិស័យ​ឯកជន​របស់​អាមេរិក​ក៏​ធ្វើ​ការ​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ក៏​ដូចជា​ផ្នែក​ផ្សេងៗ​ទៀត​ដែល​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​ត្រូវការ‍»។

លោក Mike Pompeo ទើបតែ​ត្រឡប់​មក​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង ដែល​នៅ​ទី​នោះ លោក​បាន​ជួប​ជាមួយ​នឹង​លោក Kim Jong Un ដើម្បី​រៀបចំ​សម្រាប់​ជំនួប​រវាង​លោក Donald Trump និង​លោក Kim Jong Un ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ៕

XS
SM
MD
LG