ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េខាងជើង​ជួប​គ្រោះរាំង​ស្ងួត​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​​រយៈ​ពេល​មួយ​សតវត្សរ៍


រូបថតឯកសារ៖ ដំណាំស្រូវ​ក្នុង​វាលស្រែ​ស្ងួត​ហែង​ក្នុង​នៅ​តំបន់ Ryongchon-ri ​នៃ​ស្រុក​ Hwangju កូរ៉េ​ខាងជើង។

ប្រទេស​កូរ៉េ​ខាង​ជើង ​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយសារ​ការរាំង​ស្ងួត​ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​មួយ​សតវត្សរ៍​នេះ ​ដែល​កំពុង​ធ្វើ​ឲ្យ​កាន់​តែ​អាក្រក់​ឡើង ​និង​មាន​ការ​ខ្វះខាត​ម្ហូប​អាហារ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។ នេះ​បើ​យោ​ង​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​រដ្ឋ។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េបាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «​ការ​រាំង​ស្ងួត​ដ៏​អាក្រក់​ក្នុង​រយៈ​ពេល​១រយ​ឆ្នាំ​នេះ ​បាន​បន្ត​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ជើង ​ដែល​បណ្តាល​ឲ្យមាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង‍»។

ទីភ្នាក់​ងារ​ព័ត៌មាន​កណ្តាលកូរ៉េខាង​ជើង (KCNA) បាន​ប្រាប់​ឲ្យ​ដឹង​ថា វាលស្រែ​មាន​សភាព​ស្ងួត​ហែង​នៅ​ក្នុងបណ្តា​ខេត្ត​ដែល​ដាំ​ដុះ​ស្រូវ​សំខាន់​ៗ ​រួមមាន​ខេត្ត Hwaghaeនិង​ខេត្ត Pyongan ពី​ព្រោះ​ខេត្ត​ទាំង​នោះ​ភាគ​ច្រើន​ខ្វះភ្លៀង។

កូរ៉េ​ខាង​ជើង ​បានជួប​ប្រទះ​គ្រោះ​ទុរ្ភិក្ស​ដ៏​បំផ្លិចបំផ្លាញ​នៅ​ដើម​ទសវត្សរ៍​១៩៩០ ​ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់។​ ចាប់​តាំង​ពី​ពេល​នោះ​មក កូរ៉េខាង​ជើង​បាន​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត​ម្ហូបអាហារជា​ប្រចាំ ដែល​បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ដោយសារ​ទឹក​ជំនន់ ​ការរាំង​ស្ងួត​ហើយនឹង​ការ​រៀប​ចំ​ចាត់​ចែង​មិន​បាន​ល្អ។

អង្គការ​សហប្រជាជាតិ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋកូរ៉េខាង​ជើង​៧០​ភាគរយ​ឬ​១៨​លាននាក់ ​គ្មាន​សុវត្ថិភាព​ខាង​ម្ហូបអាហារ​ទេ​ ហើយ​មាន​ការ​ខ្វះ​ខាត​ម្ហូបអាហារ​ផ្សេងៗ។ អត្រាគ្មាន​អាហារ​រូបត្ថម្ភ ​មាន​កម្រិតខ្ពស់​ដោយ​មាន​កុមារ​ចំនួ២៧,៩​ភាគរយកំពុង​រងផល​ប៉ះ​ពាល់​មក​ពី​កង្វះ​អាហារូបត្ថម្ភ។

កាល​ពី​ខែ​មេសា ​អង្គការ​សហប្រជាជាតិ​បាន​ចាប់​ផ្តើម​អំពាវនាវ​រក​ប្រាក់១១១​លាន​ដុល្លា​ដើម្បី​ជួយ​ផ្តល់​ថវិកា​ដល់​ទី​ភ្នាក់ងារ​ផ្តល់​ជំនួយ​ចំនួន៥​ដែល​កំពុងធ្វើ​ការផ្តល់​ម្ហូបអាហារ ​និង​ទឹក​ស្អាតដល់​ពលរដ្ឋ​កូរ៉េខាង​ជើង​នៅ​ឆ្នាំ​២០១៥​ នេះ៕

XS
SM
MD
LG