ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានព្រមានប្រទេសកូរ៉េខាងជើងពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ នៅក្នុងការថ្លែងរបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែលោកមិនបានផ្ដល់នូវយុទ្ធសាស្ត្រច្បាស់លាស់អំពីថាតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យប្រទេសកុម្មុយនិស្តកូរ៉េខាងជើងមួយនេះគ្មានអាវុធនុយក្លេអ៊ែរ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនានា។
ថ្លែងទៅកាន់មេដឹកនាំនានាមកពីជុំវិញពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារម្សិលមិញ លោក Trump ដែលនាពេលថ្មីៗនេះបានពង្រីកវោហារសាស្ត្ររបស់លោកប្រឆាំងនឹងកូរ៉េខាងជើងនោះ បានបង្កើនការរិះគន់ខ្លាំងៗបន្ថែមទៀតទៅលើរបបដឹកនាំរបស់លោក Kim Jong Un។
លោក Trump បានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងធ្វើការវាយប្រហារលើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់អាមេរិក នោះសហរដ្ឋអាមេរិក «គ្មានជម្រើសណាក្រៅតែពីការបំផ្លាញប្រទេសកូរ៉េខាងជើងឲ្យខ្ទេចទាំងស្រុងនោះទេ»។
លោក Bruce Bennett អ្នកវិភាគផ្នែកយោធានៃអង្គការ Rand Corporation ក្នុងសហរដ្ឋអាមេរិក បាននិយាយថា ការលើកឡើងរបស់លោក Trump ត្រូវបានធ្វើឡើងដើម្បីកូរ៉េខាងជើងយល់ពីបញ្ហានេះ និងមានគោលបំណងចង់ផ្ញើសារដ៏ច្បាស់មួយដល់លោក Kim Jong Un ថាអ្វីនឹងកើតឡើងនោះ ប្រសិនបើកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន។
លោក Bruce Klingner អតីតអ្នកវិភាគរបស់ទីភ្នាក់ងារ CIA ដែលនាពេលបច្ចុប្បន្ននេះជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការ Heritage Foundation បាននិយាយថា ការព្រមានរបស់លោក Trump ទោះបីជាមានលក្ខណៈខ្លាំងក្លា និងម៉ឺងម៉ាត់ក៏ដោយ គឺគ្រាន់តែសំដៅលើបរិបទនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅនឹងការវាយប្រហាររបស់កូរ៉េខាងជើងតែប៉ុណ្ណោះ៕