កូរ៉េខាងជើងកំពុងស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការជាប់គាំងការចរចាអាវុធនុយក្លេអ៊ែរ ដោយបានសន្យាថា ពួកគេនឹងបន្តការចរចាទៀតទេ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបោះបង់ចោលការទាមទារអំពីការរុះរើអាវុធនុយក្លេអ៊ែរនោះទេ។
ជំនួបកំពូលលើកទី២របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ចប់កាលពីខែកុម្ភៈ ដោយគ្មានកិច្ចព្រមព្រៀងស្តីពីការបន្ធបន្ធូយការដាក់ទណ្ឌកម្មរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងការផ្តល់សម្បទានដែលកូរ៉េខាងជើង នឹងធ្វើចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរដែលហាមឃាត់និងកាំជ្រួចបាញ់ឆ្លងទ្វីបរបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្ រតាមរយៈទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានដកស្រង់សម្តីរបស់អ្នកនាំពាក្យកូរ៉េខាងជើងដែលបានចោទប្រកាន់សហរដ្ឋអាមេរិកថា មានបំណងធ្វើឲ្យការចរចានោះដួលរលំដោយមានការទាមទារមិនអាចធ្វើបាន។
សេចក្តីថ្លែងការណ៍នោះឲ្យដឹងថា កូរ៉េខាងជើងបានចាត់វិធានការដ៏សំខាន់និងប្រកបដោយអត្ថន័យ រួមមានការមិនបន្តសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីបនិងវិធានការនានាឆ្ពោះទៅកាន់ការធ្វើមាតុភូមិនិវត្តន៍អធិធាតុរបស់ទាហានអាមេរិកាំងដែលបាត់ខ្លួនក្នុងសមរភូមិ។
សេចក្តីថ្លែងការណ៍នោះបន្តទៀតថា៖ «ដោយមិនបានឆ្លើយតបទៅនឹងវិធានការប្រកបដោយសុច្ឆន្ទៈល្អរបស់យើង សហរដ្ឋអាមេរិកមានចេតនាធ្វើឲ្យការចរចានោះបរាជ័យដោយការទាមទារឲ្យកូរ៉េខាងជើងរុះរើអាវុធចោលជាឯកតោភាគី»៕