នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទប្លន់ និងបានទាមទារឲ្យមានការប្រគល់សងវិញនូវកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលសហរដ្ឋអាមេរិកបានរឹបអូសយកក្រោមការចោទប្រកាន់ថាបានរំលោភការទណ្ឌកម្មរបស់អន្តរជាតិ។
នៅក្នុងសេចក្ដីប្រកាសមួយដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA របស់ប្រទេសកូរ៉េខាងជើង ក្រសួងការបរទេសកូរ៉េខាងជើងបានឆ្លើយតបទៅនឹងការរឹបអូសកប៉ាល់នេះដោយព្រមានសហរដ្ឋអាមេរិកថានឹងមាន «ផលវិបាក» កើតឡើង។
សេចក្ដីប្រកាសនោះបញ្ជាក់ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកគួរតែពិចារណាឲ្យបានហ្មត់ចត់អំពីផលវិបាកដែលនឹងកើតឡើង បន្ទាប់ពីខ្លួនបានប្លន់កប៉ាល់របស់កូរ៉េខាងជើង និងគួរតែប្រគល់កប៉ាល់នោះឲ្យកូរ៉េខាងជើងវិញឲ្យបានឆាប់»។
សេចក្ដីប្រកាសនេះបានអះអាងថា ការរឹបអូសកប៉ាល់នេះគឺរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១៨ រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលមានបំណងធ្វើឲ្យទំនាក់ទំនងទ្វេភាគីប្រសើរជាងមុន។
សហរដ្ឋអាមេរិកបានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនបានរឹបអូសកប៉ាល់ដឹកទំនិញ Wise Honest ដែលកប៉ាល់នេះដំបូងត្រូវបានអាជ្ញាធរឥណ្ឌូណេស៊ីឃាត់ទុកកាលពីខែមេសា ឆ្នាំ២០១៨។
កប៉ាល់ដែលមានទម្ងន់ ១ ម៉ឺន ៧ ពាន់តោននេះ គឺជាកប៉ាល់ដឹកទំនិញធំបំផុតទីពីររបស់ប្រទេសកូរ៉េខាងជើង។ មន្ត្រីអាមេរិកបានបញ្ជាក់ថា កប៉ាល់នេះត្រូវបានគេប្រើដើម្បីនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើង ដែលនេះគឺជាការរំលោភលើការដាក់ទណ្ឌកម្មអន្តរជាតិ។
នេះគឺជាលើកដំបូងបង្អស់ហើយដែលសហរដ្ឋអាមេរិករឹបអូសកប៉ាល់របស់ប្រទេសកូរ៉េខាងជើង៕