ប្រទេសកូរ៉េខាងជើងបានយល់ព្រមតាមសំណើរបស់ប្រទេសកូរ៉េខាងត្បូងដើម្បីធ្វើការចរចាកម្រិតខ្ពស់នៅថ្ងៃអង្គារទី៩ខែមករា ខាងមុខនេះនៅឯភូមិយុទ្ធសន្តិភាព Panmunjom នៅក្នុងតំបន់គ្មានកងទ័ពដែលបែងចែកប្រទេសកូរ៉េទាំងពីរ។
បើតាមក្រសួងបង្រួបបង្រួមប្រទេសជាតិនៃប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងជើងបានបញ្ជូនសារមួយនិយាយថា ខ្លួនយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលក្រុងសេអ៊ូលដើម្បីធ្វើការជួបគ្នានៅឯភូមិជាប់នឹងព្រំដែននេះ ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រកួតកីឡាអូឡាំពិក និងអំពីធ្វើបែបណាដើម្បីកែលម្អចំណងទាក់ទងទាំងអស់។
លោក Baik Tae-hyun អ្នកនាំពាក្យនៃក្រសួងបង្រួបបង្រួមប្រទេសជាតិនៃប្រទេសកូរ៉េខាងត្បូងបាននិយាយថា មានការរំពឹងថា ប្រទេសកូរ៉េទាំងពីរនឹងប្រើបណ្តាញគមនាគមន៍ឆ្លងកាត់ព្រំដែនដែលទើបបានធ្វើឱ្យមានជាថ្មីឡើងវិញកាលពីពេលថ្មីៗនេះដើម្បីកំណត់ថាតើនរណានឹងដឹកនាំគណៈប្រតិភូនៃប្រទេសរៀងៗខ្លួននៅសប្តាហ៍ក្រោយ។
ការសន្ទនាគ្នាណាមួយរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងត្រូវយល់ឃើញថា ជាជំហានវិជ្ជមានមួយក្នុងការកែលម្អទំនាក់ទំនងគ្នាក្នុងឧបទ្វីបកូរ៉េដែលអាចរួមចំណែកក្នុងការធ្វើឱ្យមានស្ថិរភាពក្នុងតំបន់នោះទាំងមូលផងដែរ៕