ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន និង​ទីភ្នាក់ងារ CIA មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង


មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim Jong Un ថ្លែង​នៅ​ទីតាំង​កំបាំង​មួយ​នៅ​កូរ៉េ​ខាងជើង។
មេដឹកនាំ​កូរ៉េ​ខាងជើង​ Kim Jong Un ថ្លែង​នៅ​ទីតាំង​កំបាំង​មួយ​នៅ​កូរ៉េ​ខាងជើង។

ចម្ងល់​អំពី​សារ​នៅ​លើ​ប្រព័ន្ធ Twitter របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump អំពី​កូរ៉េ​ខាង​ជើង ទំនង​ជា​បង្ហាញ​អំពី​ភាព​ផ្ទុយ​គ្នា​ដែល​អាច​ទៅ​រួច​រវាង​សេតវិមាន និង​ទីភ្នាក់ងារ CIA ពាក់ព័ន្ធ​នឹង​ការ​ស្វែង​យល់​ឲ្យ​បាន​ត្រឹមត្រូវ​អំពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Huckabee Sanders បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​មាន​សតិ​មិន​ប្រក្រតី នៅ​ពេល​ដែល​គេ​សួរ​លោកស្រី​អំពី​សារ Twitter ថ្មី​ចុង​ក្រោយ​បំផុត​របស់​លោក Trump ទោះបីជា​កន្លង​មក មន្ត្រី CIA បាន​ធ្វើ​ការ​វាយ​តម្លៃ​ជា​សាធារណៈ​ថា សម្រាប់​គ្រោះថ្នាក់​ទាំង​ឡាយ លោក Kim Jong Un «ជា​បុគ្គល​ដែល​មាន​សតិ​ត្រឹមត្រូវ​បំផុត» ក៏​ដោយ។

លោកស្រី Sanders បាន​និយាយ​ថា៖ «ប្រធានាធិបតី និង​ប្រជាពលរដ្ឋ​អាមេរិកាំង​គួរតែ​ព្រួយ​បារម្ភ​អំពី​សតិ​មិន​ប្រក្រតី​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង។ លោក Kim Jong Un បាន​គំរាម​កំហែង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ហើយ​បាន​បាញ់​សាកល្បង​មីស៊ីល​ម្ដង​ហើយ​ម្ដង​ទៀត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

លោក Trump បាន​សរសេរ​សារ​នៅ​លើ Twitter កាល​ពី​ថ្ងៃ​អង្គារ​យ៉ាង​ដូច្នេះ​ថា៖ «សូម​នរណា​ម្នាក់​នៃ​របប​ក្រីក្រ​អត់​ឃ្លាន​របស់​លោក Kim Jong Un ប្រាប់​លោក Kim Jong Un ថា ខ្ញុំ​ក៏​មាន​ប៊ូតុង​បញ្ជា​គ្រាប់​នុយក្លេអ៊ែរ​ដែរ។ ប៉ុន្តែ​ប៊ូតុង​ចុច​របស់​ខ្ញុំ ធំ​ជាង និង​មាន​ឥទ្ធិពល​ជាង​ប៊ូតុង​ចុច​របស់​លោក Kim Jong Un ហើយ​ប៊ូតុង​ចុច​របស់​ខ្ញុំ​មាន​ដំណើរការ​ត្រឹមត្រូវ»។

លោក Trump បាន​សរសេរ​សារ​ដូច្នេះ បន្ទាប់ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​សុន្ទរកថា​ឆ្នាំ​ថ្មី​របស់​លោក ដោយ​អះអាង​ថា លោក​មាន​ប៊ូតុង​បញ្ជា​គ្រាប់​នុយក្លេអ៊ែរ​នៅ​លើ​តុ​ធ្វើ​ការ​របស់​លោក។

ការ​វាយ​តម្លៃ​របស់​សេតវិមាន​ទាំង​នេះ​ទំនង​ជា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មន្ត្រី CIA បាន​និយាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ថា ទោះបីជា​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង​មាន​លក្ខណៈ​ខ្លាំងក្លា​ក៏​ដោយ ក៏​លោក Kim Jong Un មិន​មែន​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី​នោះ​ទេ៕

XS
SM
MD
LG