ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​អាមេរិក​ជួយ​អភិរក្ស​ភាសា​ជនជាតិ​ដើម​អូស្រ្តាលី​ដែល​ងាយ​សាបសូន្យ


រូប​ឯកសារ៖ អ្នកសម្តែង​ជនជាតិ​ដើម​ភាគ​តិច​អូស្ត្រាលី​ពីរ​នាក់ ផ្លុំ​ឧបករណ៍​ភ្លេង «Didjiridoo‍» នៅ​មហោស្រប​សិល្បៈ Festival of the Dreaming នៅ​ទី​ក្រុង Sydney ប្រទេស​អូស្ត្រាលី។
រូប​ឯកសារ៖ អ្នកសម្តែង​ជនជាតិ​ដើម​ភាគ​តិច​អូស្ត្រាលី​ពីរ​នាក់ ផ្លុំ​ឧបករណ៍​ភ្លេង «Didjiridoo‍» នៅ​មហោស្រប​សិល្បៈ Festival of the Dreaming នៅ​ទី​ក្រុង Sydney ប្រទេស​អូស្ត្រាលី។

នៅ​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ប្រហែល​តែ ២០ នាក់​ប៉ុណ្ណោះ​ដែល​អាច​និយាយ​ភាសា Pertame ឬ​ភាសា Southern Arrernte បាន។ ភាសា​នេះ​មាន​ដើម​កំណើត​នៅ​ជិត​ទីក្រុង Alice Springs នៅ​ភាគ​កណ្ដាល​ប្រទេស​អូស្ត្រាលី។

មុន​ទសវត្សរ៍ ១៩៧០ រដ្ឋាភិបាល​អូស្ត្រាលី​ធ្លាប់​បាន​អនុវត្ត​គោល​នយោបាយ​ដើម្បី​ព្យាយាម​លុប​បំបាត់​ភាសា​ជនជាតិ​ដើម​ភាគ​តិច​នានា។

គេ​សង្កេត​ឃើញ​ថា​ ផល​អវិជ្ជមាន​នៃ​ការ​អនុវត្ត​គោល​នយោបាយ​នេះ​នៅតែ​បន្ត​មាន​ដដែល។ ជាក់ស្តែង ទិន្នន័យ​ជំរឿន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ភាសា​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​អូស្រ្តាលី​ឥឡូវ​នេះ​មាន​ចំនួន ១៦៧ ភាសា ប៉ុន្តែ​ក្នុង​នោះ​ភាសា​ជាង ១០០ ស្ថិត​ក្នុង​ស្ថានភាព​ងាយ​សាបសូន្យ​កម្រិត​ខ្លាំង​បំផុត។

ក្រុម​អ្នក​ជំនាញ​ផ្នែក​ភាសា​នៃ​តំបន់​អាមេរិក​ខាង​ជើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​វាលខ្សាច់​នៅ​ភាគ​កណ្ដាល​ប្រទេស​អូស្រ្តាលី​នេះ ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ឱ្យ​ភាសា​ជនជាតិ​ដើម​ទាំង​នេះ​រស់​ឡើង​វិញ។

លោក Julian Lang គឺ​ជា​អ្នក​ជំនាញ​ក្នុង​ក្រុម​ការងារ​នេះ និង​មាន​ស្រុក​កំណើត​ក្នុង​តំបន់​ពាយ័ព្យ​នៃ​រដ្ឋ California សហរដ្ឋ​អាមេរិក។ លោក​បាន​សម្លឹង​ឃើញ​ថា ភាសា Karuk របស់​លោក​កំពុង​រីក​ដុះដាល​តាម​រយៈ​វិធីសាស្រ្ត​បង្រៀន​ប្រឡូក​ផ្ទាល់​ក្នុង​មជ្ឈដ្ឋាន​ដែល​គេ​ហៅ​ថា «ការ​តាម​ប្រមាញ់​ភាសា (language hunting)»។ នៅ​ក្នុង​វិធីសាស្ត្រ​នេះ មនុស្ស​វ័យ​ចំណាស់​បង្រៀន​និង​ផ្ទេរ​ភាសា​ដល់​សិស្ស​ផ្ទាល់​ក្នុង​រយៈពេល ៣ ឆ្នាំ។

លោក Lang បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ABC របស់​ប្រទេស​អូស្រ្តាលី​ថា វិធីសាស្រ្ត​បែប​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «មនុស្ស​ម្នាក់​បាន​បង្រៀន​មនុស្ស​ម្នាក់​ទៀត ហើយ​មនុស្ស​ម្នាក់​ទៀត​នោះ​នឹង​ក្លាយ​ជា​គ្រាប់​ពូជ​សម្រាប់​បង្រៀន​ដល់​មនុស្ស​ជា​ច្រើន​ទៀត។ សិស្ស​រៀន​អំពី​វិធី​ចម្រាញ់​យក​ចំណេះដឹង​បន្ថែម​ពី​មនុស្ស​វ័យ​ចំណាស់។ យើង​ហៅ​ដំណើរការ​រៀនសូត្រ​បែប​នេះ​ថា​ជា​ការ​តាម​ប្រមាញ់​ភាសា។ ដូច្នេះ កូន​សិស្ស​នឹង​ស្វះស្វែង​រៀន​ពាក្យ​ពេចន៍​នៃ​ភាសា​ហ្នឹង​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​ពេល​ដែល​សមត្ថភាព​ភាសា​របស់​ពួកគេ​ឈាន​ដល់​កម្រិត​មួយ​ច្បាស់លាស់ នៅ​ទី​បំផុត​ពួកគេ​នឹង​អាច​ប្រើ​ភាសា​នោះ​សម្រាប់​ការ​សន្ទនា​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយស្រួល»។

កម្មវិធី​បណ្តុះបណ្តាល​រវាង​គ្រូ​និង​សិស្ស​នៃ​តំបន់​អាមេរិក​ខាង​ជើង​នេះ​បាន​បង្កើត​ឡើង​ជាង ៣០ ឆ្នាំ​មក​ហើយ។

កម្មវិធី​នេះ​ពុំ​មាន​សៀវភៅ​ឬ​ក៏​កម្មវិធី​សិក្សា​អ្វី​ទេ ប៉ុន្តែ​ការ​បង្រៀន​គឺ​ផ្អែក​លើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដោយ​ផ្ទាល់ ដោយ​មនុស្ស​អាច​រៀន​នូវ​ពាក្យ​ពេចន៍​និង​ការ​យល់ដឹង​ផ្សេងៗ​នៃ​ភាសា​ជា​បណ្ដើរៗ​ជា​រៀងរាល់​ថ្ងៃ។ លោក Lang បាន​និយាយ​ថា ដំណើរការ​នៃ​ការ​រៀន​សូត្រ​បែប​នេះ​ចំណាយ​ពេល​ប្រមាណ ៩០០ ម៉ោង​ក្នុង​រយៈពេល ៣ ឆ្នាំ។

កន្លង​មក អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា រយៈពេល ១០ ឆ្នាំ​ខាង​មុខ​គឺ​ជា​ទសវត្សរ៍​អន្តរជាតិ​នៃ​ភាសា​ជនជាតិ​ដើម​ភាគ​តិច។ សម្រាប់​ជនជាតិ​ដើម​អូស្រ្តាលី​វិញ ការ​រៀន​ភាសា​របស់​បុព្វបុរស​ពួកគេ​នេះ​នឹង​ជួយ​ពួកគេ​ឱ្យ​ផ្សារភ្ជាប់​ឡើង​វិញ​ជាមួយ​នឹង​អត្តសញ្ញាណ​និង​វប្បធម៌​ដើម​របស់​ពួកគេ។

ភាសា​កំណើត​ជនជាតិ​ដើម​ភាគ​តិច​មិន​គ្រាន់តែ​ជា​មធ្យោបាយ​សម្រាប់​ការ​ទាក់ទង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ការ​បង្ហាញ​នូវ​ចំណេះដឹង​អំពី​ទិដ្ឋភាព​សង្គម​ទាំងមូល​ផង​ដែរ គឺ​តាំងពី​ប្រវត្តិសាស្រ្ត​និង​ទំនាក់ទំនង​គ្រួសារ​រហូត​ដល់​តារាសាស្រ្ត​និង​ម្ហូប​អាហារ​ជាដើម។

កាលពី​ឆ្នាំ ២០១៩ ករណី​ជា​ប្រវត្តិសាស្រ្ត​មួយ​បាន​កើតឡើង​ក្នុង​ប្រទេស​អូស្រ្តាលី បន្ទាប់ពី​អ្នក​នយោបាយ​មួយ​រូប​ក្នុង​ដែនដី Northern Territory នៃ​ប្រទេស​អូស្រ្តាលី​បាន​និយាយ​ភាសា​ជនជាតិ​ដើម​ភាគ​តិច​មួយ​ដោយ​មាន​អ្នក​បកប្រែ​ភាសា​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​សភា។

ការ​តស៊ូ​ទាមទារ​ឱ្យ​មាន​ការ​ប្រើ​ភាសា​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​សភា​អូស្ត្រាលី​បាន​កើត​មាន​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ កាលពី​អតីតកាល អ្នក​នយោបាយ​ត្រូវ​តម្រូវ​ឱ្យ​និយាយ​តែ​ភាសា​អង់គ្លេស​មួយ​គត់​នៅ​ក្នុង​សភា ហើយ​គេ​ចាត់ទុក​ថា​ នឹង​មាន «ភាព​ឥត​របៀប​រៀបរយ» កើតឡើង ប្រសិនបើ​អ្នក​នយោបាយ​មិន​និយាយ​តែ​ភាសា​អង់គ្លេស៕

ប្រែ​សម្រួល​ដោយ កោះ សុគន្ធី

វីដេអូថ្មីៗបំផុត

XS
SM
MD
LG