ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជ័យលាភី​ពានរង្វាន់​ណូបែល​សន្ដិភាព​ត្រូវ​បាន​ប្រកាស


រូបឯកសារ៖ លោក Ales Bialiatski ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស Belarusian Vyasna ​ឈរ​នៅ​កន្លែង​សម្រាប់​ជនជាប់ចោទ​នៅ​ក្នុង​សវនាការ​ក្នុង​ទីក្រុង Minsk ប្រទេស​បេឡារុស កាល​ពី​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១១។
រូបឯកសារ៖ លោក Ales Bialiatski ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស Belarusian Vyasna ​ឈរ​នៅ​កន្លែង​សម្រាប់​ជនជាប់ចោទ​នៅ​ក្នុង​សវនាការ​ក្នុង​ទីក្រុង Minsk ប្រទេស​បេឡារុស កាល​ពី​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១១។

ពានរង្វាន់​ណូបែល​សន្តិភាពនៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​បុគ្គល​និង​អង្គភាព​ចំនួន​បី ដែល​រួម​មាន លោក Ales Bialiatski អ្នក​ផ្តួចផ្តើម​ម្នាក់​នៃ​ចលនា​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​បេឡារុស​កាល​ពី​ពាក់កណ្តាល​ទសវត្សរ៍​ ១៩៨០ និង​អង្គការ​សិទិ្ធ​មនុស្ស​ចំនួន​ពីរ ដែល​រួម​មាន​អង្គការ Memorial ដែល​ជា​អង្គការ​មួយ​នៅ​រុស្ស៊ី​ និង​មជ្ឈមណ្ឌល​ដើម្បី​សេរីភាព​ស៊ីវិល​ ដែល​ជា​អង្គការ​មួយ​នៅ​អ៊ុយក្រែន។ ​

ជ័យលាភី​ទាំង​បី​គឺ​មាន​មូលដ្ឋាន​ក្នុង​ទឹកដី​អតីត​សហភាព​សូវៀត ហើយជ័យ​លាភី​ពីរ​ក្នុង​ចំណោម​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​គ្រប់គ្រង​ដោយ​មេដឹកនាំ​ផ្តាច់ការ​គឺ​លោក Alexander Lukashenko នៅ​បេឡារុស និង​លោក​ Vladimir Putin នៅ​រុស្ស៊ី។ ​

នៅ​ក្នុង​សុន្ទរកថា​របស់​អ្នកស្រី​នៅ​មុន​ការ​ប្រកាសជ័យលាភី​ប្រចាំ​ឆ្នាំ​នេះ​ ប្រធាន​គណៈកម្មការ​ពានរង្វាន់​ណូបែល​ជនជាតិន័រវែស​ អ្នកស្រី Berit Reiss-Andersen បាន​និយាយ​ថា៖ «ជ័យ​លាភី​ពានរង្វាន់​សន្តិភាពគឺ​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ»។

​អ្នកស្រី​បាន​បន្ត​ថា៖ «អស់រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ពួកគេ​បាន​លើកកម្ពស់​សិទ្ធិ​ក្នុង​ការ​រិះគន់​រដ្ឋអំណាច និង​ការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។ ពួកគេ​បាន​ធ្វើ​កិច្ចប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​កត់ត្រា​អំពី​ឧក្រិដ្ឋកម្ម​សង្រ្គាម ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស និង​ការ​រំលោភបំពាន​អំណាច។ រួម​គ្នា​ ពួកគេបង្ហាញ​ពី​សារៈសំខាន់​របស់សង្គមស៊ីវិលដើម្បី​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ»។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បន្ទាប់​ពីពាន​រង្វាន់​ត្រូវ​បាន​ប្រកាស​ឡើង ​អ្នកស្រី​ Alice Mogwe ប្រធាន​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ (FIDH) បាន​ថ្លែង​ថា៖ «ពានរង្វាន់​នេះ​គឺ​ជា​ពានរង្វាន់​នៃ​ការ​តស៊ូ។ ការ​តស៊ូ​ប្រឆាំង​នឹង​ភាព​ផ្តាច់ការ ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ដើម្បី​បំបិទ​សំឡេង​អ្នក​ដែល​ហ៊ាន​ក្រោក​ឈរ និង​រិះគន់​ការរំលោភបំពាន​សិទ្ធិ​មនុស្ស»។

អ្នកស្រី Mogwe បាន​បន្ត​ថា៖ «សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចងចាំ​ថា លោក Ales Bialiatski កំពុង​ស្ថិត​នៅ​ក្រោម​ការ​ជាប់​ឃុំ​ក្រោម​ហេតុផល​មិន​សម​ស្រប​នៅ​ក្នុង​ពន្ធនាគារ​នៃ​របប​ដឹកនាំ​របស់​លោក Lukashenko អង្គការ​ Memorial ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោម​ហេតុផល​បំភ្លៃ​ដោយ​អាជ្ញាធរ​រុស្ស៊ី ស្រប​ពេលសមាជិក​មជ្ឈមណ្ឌល​ដើម្បី​សេរីភាព​ស៊ីវិល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ជាប់​ក្នុង​សង្រ្គាម​មួយ ក្រោម​ការ​ឈ្លានពាន​ដោយ​រដ្ឋអំណាច​បរទេស។ ​បើ​ទោះ​បី​ជា​ដូច្នេះ​ក្តី​ ការងារ​របស់​ពួកគេនៅ​តែ​បន្ត ហើយ​មាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់»។ ​

ពាន​រង្វាន់ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ​មុន​ត្រូវ​បាន​ផ្តល់​ឲ្យ​អ្នកស្រី​ Maria Ressa មក​ពី​ប្រទេស​ហ្វីលីពីន​ និង​លោក Dmitry Muratov ជា​ជនជាតិ​រុស្ស៊ី។ គណៈកម្មការ​ពានរង្វាន់​ណូបែល​បាន​និយាយ​ថា បុគ្គល​ទាំង​ពីរ​រូប​នេះ​បាន​ទទួល​ពានរង្វាន់ «សម្រាប់​កិច្ចប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ដែល​ជា​លក្ខខណ្ឌ​រួម​ចំណែក​សម្រាប់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព​យូរអង្វែង»។

ពាន​រង្វាន់ណូបែល​សន្តិភាព​គឺ​មាន​ភ្ជាប់​ជាមួយ​នឹង​ទឹកប្រាក់​ជិត​មួយ​លាន​ដុល្លារ​អាមេរិក និង​មេដាយ​មាស ១៨​ការ៉ាត់។

លោក Muratov បាន​លក់​មេដាយ​ណូបែល​របស់​លោក ដើម្បី​ជ្រោមជ្រែង​ដល់​កុមារ​អ៊ុយក្រែន ដែល​បាន​បាត់បង់​ទីលំនៅ​ដោយសារ​សង្រ្គាម។ ហើយ​សប្បុរសជន​ម្នាក់​ ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​ បាន​ទិញ​មេដាយ​មាស​នេះ ក្នុង​ទឹកប្រាក់ ១០៣.៥ លាន​ដុល្លារ។

ជ័យលាភី​ដទៃ​ទៀត​នៃ​ពានង្វាន់​ណូបែល​សន្តិភាព​រួម​មាន លោក Martin Luther King, Jr. អង្គការ​កាកបាទក្រហម លោក Nelson Mandela អ្នកស្រី Mother Theresa អង្គការ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ លោក Dag Hammarskjold និង​លោក Barack Obama។

​គ្មាន​ការ​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​អំឡុង​ពេល​មាន​សង្រ្គាម​លោក​លើកទី២ រវាង​ឆ្នាំ ១៩៤០ និង​ឆ្នាំ ១៩៤៥​នោះ​ទេ៕

ប្រែសម្រួល​ដោយ​លោក ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG