កាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា បណ្ឌិតសភាស៊ុយអែត បានផ្តល់ពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍ ប្រចាំឆ្នាំ ២០២២ ជូនដល់អ្នកនិពន្ធបារាំងម្នាក់ គឺ លោកស្រី Annie Ernaux សម្រាប់«សេចក្តីក្លាហាននិងស្មារតីមោះមុតរបស់លោកស្រី ដែលលោកស្រីបានលាតត្រដាងពីឫសគល់ ទំនាក់ទំនងខុសប្លែកពីមុន និងឧបសគ្គរួមស្តីពីការចងចាំរឿងរ៉ាវជីវិតផ្ទាល់ខ្លួន»។
បណ្ឌិតសភានេះបានប្រកាសបែបនេះ នៅក្នុងសន្និសីទកាសែតមួយ ក្នុងក្រុង Stockholm នៃប្រទេសស៊ុយអែត។
លោកស្រី Ernaux អាយុ ៨២ ឆ្នាំ ត្រូវបានគេស្គាល់ដោយសារស្នាដៃនិពន្ធរបស់លោកស្រីអំពីជីវប្រវត្តិផ្ទាល់ខ្លួន។ លោកស្រីបានសរសេរសៀវភៅជាង ២០ ក្បាល ទាំងរឿងប្រឌិតនិងជាជីវប្រវត្តិផ្អែកលើជីវិតលោកស្រីផ្ទាល់ ភាគច្រើនដោយបង្ហាញពីបទពិសោធន៍ជីវិតស្មុគស្មាញផ្ទាល់ខ្លួនរបស់លោកស្រី។ លោកស្រីបានចាត់ទុកពានរង្វាន់ណូបែលថា ជា«កត្តិយសដ៏ធំធេងមួយ» និងជា «ការទទួលខុសត្រូវ»ផងដែរ។
សៀវភៅចុងក្រោយរបស់លោកស្រីដែលមានចំណងជើងថា «វង្វេងផ្លូវ» ឬជាភាសាអង់គ្លេស “Getting Lost” ដែលត្រូវបានបោះពុម្ពផ្សាយកាលខែកញ្ញា ជាបណ្តុំកំណត់ហេតុប្រចាំថ្ងៃរបស់លោកស្រី ចាប់ពីឆ្នាំ ១៩៨៨ ដល់ឆ្នាំ ១៩៩០ ហើយមានរួមទាំងសេចក្តីលម្អិតនៃទំនាក់ទំនងស្នេហាជាច្រើនរបស់លោកស្រីផងដែរ។
លោកស្រី Ernaux ជាជនជាតិបារាំងទី ១៦ ដែលបានទទួលពានរង្វាន់ណូបែលផ្នែកអក្សរសិល្ប៍។ ការណ៍នេះធ្វើឲ្យប្រទេសបារាំងមានអ្នកឈ្នះពានរង្វាន់ផ្នែកនេះ បីនាក់ច្រើនជាងប្រទេសឯទៀតៗ។
ពានរង្វាន់នេះមានរួមទឹកប្រាក់ជាង ៩ សែនដុល្លារអាមេរិក ដែលត្រូវបានបែងចែកស្មើគ្នារវាងជ័យលាភីទាំងអស់។
ពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រ រូបវិទ្យា និងគីមីវិទ្យា ត្រូវបានប្រគល់ក្នុងសប្តាហ៍ទី ១ នៃខែតុលា។ ពានរង្វាន់ណូបែលសន្តិភាព ត្រូវបានប្រកាសនៅថ្ងៃសុក្រ ទី ៧ ខែតុលា និងពានរង្វាន់ផ្នែកសេដ្ឋកិច្ច ត្រូវបានប្រកាសនៅថ្ងៃចន្ទ ទី១០ ខែតុលា៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់ចេញពីទីភ្នាក់ងារព័ត៌មាន The Associated Press , AFP និង Reuters។
ប្រែសម្រួលដោយលោក ឈឹម សុមេធ